​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៩ ខែសីហា នេះ បាន​ជូនដំណឹង​​ស្តីពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ ជាពិសេស​លើ​ដៃទន្លេ​បី នៅ​ភូមិភាគ​ឦសាន​ថា​ ​អាកាសធាតុ ដែល​បាន​នឹង​កំពុងមាន​ការប្រែប្រួល កើតឡើង​ដោយសារ​ឥទ្ធិពល ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិ​សម្ពាធ ដែល​នឹង​ក្លាយទៅជា​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន ( MULAN) បណ្តាល​ឲ្យ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង នៃ​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន នៅក្នុង​អាង​ទន្លេមេគង្គ ។

​ស្ថានភាព​បែប​ខាងលើ នឹងធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ នឹង​ហក់​ឡើង ក្នុង​រយៈពេល​ពី ៤ ទៅ ៥ ថ្ងៃ​ខាងមុខ ជាពិសេស​នៅ​ភាគ​ខាងលើ និង​បណ្តា​ខេត្ត នៅក្នុង​តំបន់​ខ្ពង់រាប នៃ​ប្រទេស​កម្ពុជា មាន​ខេត្តស្ទឹងត្រែង ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ៨,៥០ ម៉ែត្រ​, ខេត្តក្រចេះ ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ១៩,០០ ម៉ែត្រ និង​ខេត្តកំពង់ចាម ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ១២,០០ ម៉ែត្រ ។ ទឹកទន្លេ​ដែល​ហក់​ឡើង​នៅពេលនេះ នៅ​មិនទាន់​ដល់​កម្រិត​ប្រកាស ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅឡើយ​ទេ តែ​ទឹក​អាច​លិច​តំបន់​ទំនាប​មួយចំនួន អម​ដង​ទន្លេ និង​ហូរ​ចូល​ទៅតាម​បណ្តា​ព្រែក​មួយចំនួន ។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេ​ទៀតថាៈ ទឹកទន្លេ​នៅ​តំបន់​ភាគ​ឦសាន រួមមាន ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក ទឹកទន្លេ កំពុង​ហក់​ឡើង ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់ ។ សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ៕/V​