ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន វ៉ាន់​ងៀ អនុប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ទីស្តីការក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​ក្រុមការងារ​បានឱ្យដឹងថា ក្នុងជំនួប​កាលពី​ថ្ងៃទី​៨ ខែសីហា ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន វ៉ាន់​ងៀ បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​បន្ថែមទៀត ហើយក៏​ស្រប​ពេលដែល​ឆ្នាំនេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​។​

​ទន្ទឹមនឹងនេះ​លោក​អនុប្រធាន​អគ្គសេនាធិការ ក៏បាន​ចូលរួម​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែល​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន និង​ការរៀបចំ​ការបោះ​ការ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ព្រមទាំង​ការរៀបចំ​ប្រារព្ធ​ពិធី​រំឭក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅក្នុង​ឆ្នាំ​២០២២​នេះ​។

​ជាមួយគ្នានេះ​លោក​ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​គាំទ្រ​ផងដែរ​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣ បោះឆ្នោត​ជ្រើសតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​បក្ស រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម ដែល​តែង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ជួប​ការលំបាក​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​កត់សម្គាល់​អំពី​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ រួមទាំង​វិស័យ​យោធា និង​សន្តិសុខ ស្របតាម​ពាក្យស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​”​។

​សម​ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ ដែល​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​សម្រេច​បានក​ន្ល​ង​មក ជាពិសេស​ក្នុង​កម្រិត កងទ័ព​ជើង គោក ដែល​ពិតជា​បាន ហើយក៏​នឹង​បន្ត​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​ចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង ដែលជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ និង​កសាង​ប្រទេស​ទាំងពីរ ឱ្យបាន​រីកចម្រើន​រុងរឿង​ទាំងអស់គ្នា នៅក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​វិបុលភាព​រួម ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​៕​សរន​-PC