ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ថ្នាក់ដឹកនាំ​កងទ័ព​កម្ពុជា​និង​វៀតណាម​បានបញ្ជាក់​ជូន​គ្នា​ទៅវិញទៅមក​អំពី​គាំទ្រ​ចំពោះ​ទិសដៅ​សម្រាប់​ពេលខាងមុខ ដែល​បាន​ឯកភាពគ្នា ដើម្បី​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំងពីរ ក៏ដូចជា​តំបន់​ទាំងមូល​។

​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​រវាង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុងឱកាស​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ង្វៀន តឹ​ន​គឿង អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម នៅ​ទីស្តីការក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ប្រទេស​វៀតណាម​។​

​ក្នុងជំនួប​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន​លោក ង្វៀន តឹ​ន​គឿង អំពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​អនុប្រធាន​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​វៀតណាម និង​បាន​ស្នើសុំ លោក​ប្រធាន អគ្គសេនាធិការ ផ្តល់​ការគាំទ្រ​លើ​ទិសដៅ​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ពជើងគោក ដែល​បាន​ឯកភាពគ្នា សំដៅ​ធ្វើយ៉ាងណា​បន្ត​ថែរក្សា​ចំណង​សាមគ្គីភាព មិត្តភាព ការទុកចិត្ត​គ្នា និង​ការ​សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត​បន្ថែមទៀត ដើម្បី​កសាង និង​ការពារ​ប្រទេស​ទាំងពីរ តាមរយៈ​ការធានាបាន​នូវ​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​រួម​សម្រាប់​ទាំងអស់គ្នា​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក​បម្រុង ង្វៀន តឹ​ន​គឿង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន​កន្លង​មក និង​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ទិសដៅ​សម្រាប់​ពេលខាងមុខ ដែល​បាន​ឯកភាពគ្នា ដើម្បី​សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា​តំបន់​ទាំងមូល​។ លោក ក៏បាន​អបអរសាទរ​ផងដែរ​អំពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ថ្មីៗ​នេះ កម្ពុជា​ក៏​ទើប​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​ក្នុងឱកាស​នេះដែរ​លោក ង្វៀន តឹ​ន​គឿង ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​ការគាំទ្រ​ផងដែរ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣ បោះឆ្នោត​ជា​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត និង​បាន​ជូនពរ​ឱ្យ​ការបោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០២៣ នៅ​កម្ពុជា ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ​៕​សរន​-PC