ដោយៈ បាយ័ន / សៀមរាបៈ ក្រសួងទេសចរណ៍ កំពុង​សិក្សា​ពី​ការរៀបចំ​ដាក់ ចេញ​កញ្ចប់ ទស្សនកិច្ច​ទេសចរណ៍​ពិសេសៗ​បន្ថែមទៀត ដើម្បី​ជំរុញ​ចលនា ទេសចរ ទៅ​ទស្សនា នៅ​ខេត្តសៀមរាប ពិសេស​គឺ ដើម្បី​ត្រៀម​ចាប់ផ្តើម​បើក​ឆ្នាំ ទស្សនា​កម្ពុជា ២០២៣ (Visit Cambodia Year 2023) និង​ត្រៀម​ការប្រកួត​កី​ទ្បា ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នៅ​កម្ពុជា​។ ក្រសួងទេសចរណ៍ បានបញ្ជាក់​ឱ្យដឹង នៅ​ព្រឹក​ថ្ងែ​ទី​៩ ខែសីហា​នេះ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​អនុគណៈកម្មការ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរ​លើក​ទី​១ នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍ សៀមរាប​-​អង្គរ នា​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់ ថាៈ​ក្រសួងទេសចរណ៍ កំពុង​សិក្សា​ជាមួយ​ស្ថាន​ប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ ដាក់ចេញ​នូវ កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ពិសេស សម្រាប់​ខេត្តសៀមរាប ដោយ​ក្នុងនោះ នឹងសិក្សា​ស្នើសុំ​ការពិនិត្យ និង​សំរេច ពី​រាជរដ្ឋាភិបាល លើ​សំណើ​មួយចំនួន​។​

​សំណើ​បង្កើត​កញ្ចប់​ទស្សនកិច្ច​ពិសេស សម្រាប់​ខេត្តសៀមរាប ដែល​គ្រោង​ស្នើ ទៅកាន់ រាជរដ្ឋាភិបាល​នោះ រួមមាន​៖១. បណ្ណ​ចូល​ទស្សនា​រមណីយ ដ្ឋា​ន​អង្គរ ពេញ​មួយជីវិត (Angkor Life time Pass) ដោយ​អាចមាន​ជា​ជម្រើស ក្នុងការ​គិតគូរ លក់​ជា​កញ្ចប់​បណ្ណទស្ស​នា (Angkor Pass Package) ដែល​អាចឱ្យ​ទេសចរ​អន្តរជាតិ ទស្សនា​តំបន់​ប្រាសាទ ឬ​តំបន់​ផ្សេងៗ​ទៀត ពេញ​មួយជីវិត ឬ​ការលក់​បណ្ណ​ជា​ទម្រង់ កញ្ចប់​ទស្សនកិច្ច​អាទិភាព ( Privileged Pass Package) ដែល​អនុញ្ញាតឱ្យ ទេសចរ​អន្តរជាតិ អាចមាន​សិទ្ធិ​អាទិភាព ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍ និង​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ពេញ​មួយជីវិត ដើម្បី​ទាក់ទាញ​ឱ្យ​ទេសចរ មក​ទស្សនា​ច្រើនដង​។ ២ . ការដោះស្រាយ​ថ្លៃ​សំបុត្រ​ទូក​ទេសចរណ៍ តំបន់​ចុង ឃ្នៀ​ស​សម្រាប់​ទេសចរ​ជាតិ​។ ៣. ការជំរុញ​ការតភ្ជាប់​ជើង​ហោះ​ត្រង់​ពី​កោះត្រល់ (Phu Quoc) មកកាន់​ខេត្តសៀមរាប​។ ៤. ការជំរុញ​ប្រតិបត្តិការ​របស់ ក្រុមហ៊ុន​អាកាសចរណ៍ ដែល​លក់​សំបុត្រ​តម្លៃ​ទាប នៅ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បានផ្ដល់​អនុសាសន៍​ទៅលើ​៖ ១.​ការបង្កើត​ព្រឹត្តិការណ៍ និង​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​ទាក់ទាញ ២.​ការពង្រឹង​សុវត្ថិភាព គុណភាព សេវាកម្ម អនាម័យ ៣.​ការស្តារ​និង​ពង្រឹង​ឡើងវិញ នូវ​គុណភាព​ធនធានមនុស្ស ផ្នែក​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង​៤.​ការពង្រឹង​អនាម័យ សណ្តាប់ធ្នាប់​ទីក្រុង​។​ល​។​

​លោក សុង តុង​ហាប់ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អនុគណៈ កម្ម​ការ ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍ បានបញ្ជាក់​បន្ថែមថាៈ ក្រសួង ទេសចរណ៍ នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់ មួយទៀត ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ ក្នុងការ​រួមគ្នា​ដាក់ចេញ​កញ្ចប់ ទស្សនកិច្ច ពិសេស ខេត្តសៀមរាប ដោយ​នឹង​បង្កើត​កម្មវិធី​លើកទឹកចិត្ត​ថ្មីៗ និង​ភាព​ទាក់ ទាញ​ថ្មី​បន្ថែមទៀត សម្រាប់​ខេត្តសៀមរាប​។​

​គួរ​ជម្រាប​ថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ចំនួន​ជាង ៥០ ម៉ឺន​នាក់ កើន​ទ្បើង ៣៩៤.១% ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ ក្នុងនោះ ខេត្តសៀមរាប ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិ ចំនួន ៦០.៤៣៥ នាក់​។ គម្រោង​សិក្សា​ពី​ការរៀបចំ​កញ្ចប់ ទស្សនកិច្ច​ទេសចរណ៍​ពិសេស នៅ​ខេត្ត​សៀម រាប​នេះ គឺ​ដើម្បី​ជំរុញ​ចលនា​ទេសចរ ទៅកាន់​គោលដៅ​ទេសចរណ៍ នេះ​បន្ថែម សំដៅ​ឱ្យបាន​ប្រមាណ ៥០ ម៉ឺន​នាក់ ឬ​ច្រើន​លើសពីនេះ នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

​គួររំលឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នាឱកាស​បិទ សន្និបាត ក្រសួងទេសចរណ៍​កន្លងទៅ ក៏បាន​សម្រេចយក​ឆ្នាំ​២០២៣ ជំរុញ​ទាក់ ទាញ​ឱ្យ​ភ្ញៀវទេសចរ អន្តរជាតិ ឱ្យមក​ទស្សនា​កម្ពុជា ឱ្យបាន​ច្រើន​ឡើងវិញ ក្រោម​យុទ្ធនាការ «​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣ Visit Cambodia Year 2023) ខណៈ​ឆ្នាំ​២០២៣ ខាងមុខ​នោះដែរ ក៏​ជា​ឆ្នាំ​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផងដែរ ក្នុងនោះ​ការជំរុញ​ចលនា ទេសចរ​ផ្ទៃក្នុង ក៏​នៅតែ​យុទ្ធសាស្ត្រ​សំខាន់ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ដាស់តឿន និង​ក្រើន​រលឹក​។​

​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ជាតិ​មួយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ និង​ក្រសួង​/​ស្ថាប័ន​ពាក់ព័ន្ធ បាន​សហការ​រៀបចំ​គោល នយោបាយ ផែនការ​សកម្មភាព ព្រឹត្តិការណ៍​នានា ទាំង​ថ្នាក់ជាតិ និង​ជាមួយ​ដៃ គូ​អន្តរជាតិ បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេសជិតខាង ដើម្បី​រួមចំណែក​ទាក់ទាញ ចលនា​ទេសចរ​ពី​ក្រៅប្រទេស​។

​ជាមួយគ្នា​នោះ ក្រសួងទេសចរណ៍ ក៏បាន​ខិតខំ​ផ្សព្វផ្សាយ «​កម្ពុជា​ជា​គោលដៅ ទេសចរណ៍​សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​» ចូលរួម​រៀបចំ​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ រៀបចំ​ដំណើរ​ទស្សនកិច្ច របស់​ប្រតិភូ​អន្តរជាតិ បង្កើត​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ ទេសចរណ៍​កា​រ៉ា​វ៉ាន់ (Caravan Tour) ផ្សព្វផ្សាយ​ផ្លូវ​ទស្សនា​កម្ពុជា (Cambodia Road Show)​។ ក្រៅពី​ការសិក្សា​ពី​ការរៀបចំ កញ្ចប់​ទស្សនកិច្ច ពិសេស នៅ​ខេត្តសៀមរាប​នេះ ក្រសួងទេសចរណ៍ ក៏​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ផ្សេងទៀត​ដែរ​៕/V​-PC