ដោយៈ បាយ័ន / សៀមរាបៈ ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង ប្រចាំ​សប្តាហ៍ ថ្ងៃទី ៦-៧ ខែសីហា ឆ្នាំ​២០២២ ដែលមាន​ភ្ញៀវ​សរុប ២៤៦.១៩៥ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ២២៤.៩៩៣ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២១.២០២ នាក់ ។ នេះ​បើតាម​ការបញ្ជាក់ ឱ្យដឹង ពី​ក្រសួងទេសចរណ៍ នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា​នេះ​។​

​ក្រសួងទេសចរណ៍ បានបញ្ជាក់​ថាៈ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​ ​ខេត្តសៀមរាប ៣៩.៩៧៩ នាក់ ខេត្ត​ព្រះសីហនុ ៣៣.៨៣៧ នាក់ ខេត្តកំពត ៣៣.៤៦១ នាក់ ខេត្ត​កែប ២០.០៥៧ នាក់ ខេត្តបាត់ដំបង ១៩.៦៨៨ នាក់ រាជធានី​ភ្នំពេញ ១៨.៧៣៤ នាក់ ខេត្តកំពង់ស្ពឺ ១២.១៩៩ នាក់ ខេត្តពោធិ៍សាត់ ១១.៩៩៩ នាក់ ខេត្តកណ្តាល ១១.០៨៥ នាក់​។​

​តួលេខ​ខាងលើ មានការ​កើនឡើង ប្រមាណ ១១,៤៣% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​សប្តាហ៍​កន្លងមក គឺជា​សប្តាហ៍​ដ៏​មមាញឹក​មួយ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អាស៊ាន​បូក និង​ដៃគូ​អាស៊ាន​។ នាឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មួយចំនួន និង​ភរិយា​រដ្ឋមន្ត្រី​ការ បរទេស​អាសា​ន អាស៊ាន​បូក និង​ដៃគូ បាន​ឆ្លៀតឱកាស​ធ្វើ​ទស្សនកិច្ច នៅ​តំបន់ មួយចំនួន ពិសេស​តំបន់​សៀមរាប​-​អង្គរ​។​

​ទន្ទឹមនឹងនេះ នា​សប្តាហ៍​កន្លងមក នៅ​ខេត្តសៀមរាប មានការ​រៀបចំ​ព្រឹត្តិការណ៍ ទេសចរណ៍​សំខាន់ៗ​មួយចំនួន ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ គណៈ​ក​ម្មា ធិ​ការ​ជាតិ អូឡាំពិក​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមមានៈ ទី​១. ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ​ចក្រភព ខ្មែរ​លើក​ទី​៧ នៅមុខ ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ដែលមាន​អ្នកចូលរួម ប្រមាណ ២.១០០ នាក់ ក្នុងនោះ​មាន​បរទេស​មកពី​ក្រៅ​ស្រុក ជិត ១០០ នាក់ និង​បរទេស​ក្នុង ស្រុក​ប្រមាណ ៣០០ នាក់​។ ទី​២. ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ ចំណាស់​មេគង្គ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) រយៈពេល ៤​ថ្ងៃ និង​ទី​៣. ការប្រកួត​វាយ​កូន​ហ្គោល Angkor Four Ball Championship រៀបចំឡើង​ដោយ Angkor Resort Golf Club៕/V​-PC