​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារាចម្រៀង​តៃវ៉ាន់ នាង ចូ​លីន សៃ (Jolin Tsai) ទំនង​ជា​ក្លាយ​ជា​តារា​ល្បី​ចុងក្រោយ​ដែល​ទទួលរង​ការវាយប្រហារ​ពី​កំហឹង​កើតចេញពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​តំណាងរាស្ត្រ​អាម៉េរិក លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ទៅ​កាន់​កោះ​តៃវ៉ាន់​កាលពី​សប្តាហ៍​មុន​។​

​នាងសៃ​អាយុ ៤១ ឆ្នាំ​ត្រូវបាន​លើកយក​មក​និយាយ​នៅក្នុង​សារ​បង្ហោះ​លើ Weibo ដោយ​បណ្តាញសារព័ត៌មាន​ចិន​China Media Group នៅ​ម៉ោង ១២ យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ សីហា​ដែល​ក្នុងនោះ​វា​​បាន​សរសើរ​បទ​ចម្រៀង Womxnly (២០១៨) របស់​នាង​សម្រាប់​ការផ្តល់ “​ការធានា​ដល់​យុវជន​”​។​

​ទោះយ៉ាងណា អ្នក​ដែល​បាន​ចែករំលែក​សារ​បង្ហោះ​នោះ ក្រោយមក​បាន​ដឹង​ថា​វា​ត្រូវ​បាន​លុបចោល​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ ចំនួន​អ្នក​តាមដាន​នៅលើ​គណនី Weibo របស់​សៃ​បាន​ធ្លាក់ចុះ​ប្រហែល ៣០០.០០០ នាក់ ទោះបីជា​នាង​នៅ​មាន​អ្នកតាមដាន​ជាង ៤២ លាន​នាក់​ទៀត​ក៏ដោយ​។​

​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​សន្និដ្ឋាន​ថា នេះ​ប្រហែល​មកពី​ជំហរ​របស់​នាង​សៃ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ផេ​ឡូ​ស៊ី​។​

​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​បំបែក​ខ្លួន ហើយ​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អាម៉េរិក​ទៅ​កាន់​កោះ​តៃវ៉ាន់​ថា​ជា​ការលើកទឹកចិត្ត​ដល់​ចលនា​ឯករាជ្យ​នៅលើ​កោះ​នេះ​។​

​កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​គឺ​តែ​ប៉ុន្មាន​នាទី​មុនពេល​លោក​ស្រី​ផេ​ឡូ​ស៊ី​ចុះចត​នៅ​តៃវ៉ាន់ ទូរទស្សន៍ CCTV News​របស់​ចិន​បាន​បង្ហោះ​រូបភាព​ជាមួយ​នឹង​ពាក្យ​ថា​”​មាន​ប្រទេស​ចិន​តែមួយគត់​​នៅក្នុង​ពិភពលោក​” នៅលើ​គណនី Weibo ផ្លូវការ​របស់​ខ្លួន​។​

​តារា​ល្បីៗ​ជាង ១០០ នាក់​មក​ពី​ចិន ហុងកុង និង​តៃវ៉ាន់ បន្ទាប់មក​បាន​បញ្ចេញ​មតិ​នៅ​ក្រោម​សារ​បង្ហោះ​នោះ​ដោយ​ប្រើ​សញ្ញា​ទ្រុង​ជ្រូង #ThereIsOnlyOneChina​និង​ចែករំលែក​សារ​បង្ហោះ​នោះ​​នៅលើ​គណនី Weibo របស់​ពួកគេ​។​

​នាងសៃ​មិន​ស្ថិតក្នុង​ចំណោម​ពួកគេ​ទេ នេះ​បើ​យោង​តាម​អ្នកសរសេរ​ប្លុក​ម្នាក់​ដែល​បាន​ចងក្រង​បញ្ជី​តារា​ល្បីៗ​ដែល​មិន​បាន​ធ្វើ​ដូច្នេះ​។​

​តារា​ចម្រៀង​រូប​នេះ​មិន​បាន​អាប់​ដេត​គណនី Weibo របស់​នាង​ទេ​ចាប់តាំងពី​ថ្ងៃទី ១៨ ខែកក្កដា ដោយសារ​បង្ហោះ​ចុងក្រោយ​របស់​នាង​បាន​បង្ហាញ​ខ្លួន​នាង​ពាក់​មួក​ដែល​នាង​បាន​ប៉ាក់​។​

​អ្នកលេង​អ៊ីនធឺណិត​ចិន​ជា​ច្រើន​នាក់​បាន​បញ្ចេញមតិ​នៅ​ក្រោម​សារ​បង្ហោះ​នោះ ដោយ​ចោទប្រកាន់​នាង​ថា​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​។​

​រហូតមកទល់​ពេលនេះ នាងសៃ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ទេ​។​

​ជាមួយគ្នានេះដែរ តារា​ល្បីៗ​ផ្សេង​ទៀត​ក៏​បាន​មើល​ឃើញ​ដែរ​ថា​សារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​របស់​ពួកគេ​បាន​ស្ថិត​ក្រោម​ការពិនិត្យ​ពិច័យ​ផងដែរ​។​

​តារាចម្រៀង​តៃវ៉ាន់ នាង ហេ​បេ ធៀន (Hebe Tien) ត្រូវ​បង្ខំចិត្ត​លុប​រូប​ពីរ​សន្លឹក​ដែល​នាង​កំពុង​ញ៉ាំ​មី​អ៊ីតាលី Spaghetti នៅលើ Instagram បន្ទាប់ពី​នាង​ត្រូវបាន​គេ​ចោទប្រកាន់​ថា​គាំទ្រ​លោកស្រី​ផេ​ឡូ​ស៊ី ដែល​មាន​ដើមកំណើត​ពី​ប្រទេស​អ៊ីតាលី​។​

​បទ​ចម្រៀង​របស់​នាង​ធៀន​ចំណងជើង​ថា Small Island (២០១០) ក៏​ត្រូវបាន​អ្នក​និយម​លេង​អ៊ីនធឺណិត​ចិន​ចោទប្រកាន់​ថា​គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​ផងដែរ​។​បទ​ចម្រៀង​និង​ព័ត៌មាន​អំពី​នាង​​ធៀន​ត្រូវបាន​ដក​ចេញ​ជា​បន្តបន្ទាប់​ពី​សេវាកម្ម​ស្ទ្រី​មត​ន្ត្រី​របស់​ចិន Migu Music ។​

​ម៉ាក​យីហោ​ម៉ូត On Identify ក៏បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស្ថាបនិក​របស់ខ្លួន គឺ​តារាចម្រៀង​-​តារា​សម្តែង​តៃវ៉ាន់​លោក អា​រ៉ុន យ៉ាន (Aaron Yan) ផង​ដែរ​បន្ទាប់​ពី​គាត់​បាន​សរសេរ​​បង្ហោះ​នៅលើ Facebook សួរ​អ្នកគាំទ្រ​ថា​តើ​ពួក​គេ​ចូលចិត្ត​អាហារ​ពេលព្រឹក​បែប​អាម៉េរិក​ឬ​តៃវ៉ាន់​៕

​តារាចម្រៀង​តៃវ៉ាន់ នាង ចូ​លីន សៃ