​ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ នគរបាល​ក្រុង បាន​ចុះ​ប្រមូល​ក្រុម​ក្មេង ដើរលេង​យប់​ជិត ១០០ នាក់ មក​អប់រំ​ណែនាំ និង​ពិនិត្យ​រក​សារធាតុ​ញៀន​។​

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ក្រុង​បាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថាៈ យុទ្ធនាការ​ប្រមូល​ក្រុម​ក្មេង នៅ​ជិត​រំលងអធ្រាត្រ ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០២២ នេះ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ សុវត្ថិភាព​សង្គម ដែល​ក្រុមយុវជន ចូលចិត្ត​ដើរលេង យប់​ខាងលើនេះ តែងតែ​ជិះ​ម៉ូតូ​ដេញ​គ្នា​ស្រែក​ឡូឡា និង​បាន​បង្កជម្លោះ​បងធំ បងតូច បង្ក​ការរំខាន និង​ការភ័យខ្លាច ជា​បន្តបន្ទាប់​។​

​ក្រុមយុវជន​ដែល​កម្លាំង​ផ្នែក​ជំនាញ ចុះ​ប្រមូល​ទាំងយប់​នេះ សរុប​ចំនួន ៧២ នាក់ បាន​ពិនិត្យ​រកឃើញ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ចំនួន ៨​នាក់ ស្ត្រី ១​នាក់ ក្នុងនោះ​មាន ២​នាក់ ជា​អ្នក​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ផងដែរ​។​

​ក្រោយ​ការពិនិត្យ​ធ្វើតេស្ត លើ​ក្រុមយុវជន​ទាំងអស់ ចំពោះមុខ អ្នក​ដែល​មិនមាន សារធាតុ​ញៀន បាន​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បង្ក​ការភ័យខ្លាច ដល់​សាធារណជន រួច​អនុញ្ញាត​ឲ្យ​វិលត្រឡប់ ទៅកាន់​លំនៅឋាន​វិញ​ទាំងយប់ ចំណែកឯ​អ្នកពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ ដើម្បី​មាន​វិធានការ តាមផ្លូវ​ច្បាប់​៕/V​