ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ក្រុម ក្មេង​ទំនើង ប្រាំ​នាក់ ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ ពាក់ព័ន្ធ ករណី​ហិង្សា​ដោយ​ចេតនា និង​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវ ជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យដឹងថាៈ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក បាន​បង្ក្រាប​ក្មេង​ទំនេ​ី​ង ចំនួន​ប្រាំ​នាក់​នេះ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង ១៩​និង​៣០ នាទី ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​លូ​ទី​២ ស្ថិតក្នុង​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ឈឹម ប៊ុន​ឈឿ​ម មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រុក បានឱ្យដឹង​ថ្ងៃទី​៨ សីហា​នេះ​ថាៈ តាម​ពាក្យបណ្តឹង​ឈ្មោះ ខោ​ត មុ​នា (​ហៅ​ជ្រូក​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ កម្លាំង​របស់លោក សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ បាន​ចុះ​ស្រាវជ្រាវ និង​ស្ទាក់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បាន​ជនបង្ក​ចំនួន ប្រាំ​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង រួមមាន កាំបិត​កែច្នៃ ដង​រុំ​ស្កុ​ត​ពណ៌​ខ្មៅ ចំនួន​១​ដើម ម៉ូតូ​ចំនួន ៣​គ្រឿង និង​កាំភ្លើង​ហ្គាស ម៉ាក PIETRO BERETTA MOD 92 FS.9mm ចំនួន​១​ដើម កំប៉ុង​ហ្គាស ចំនួន​១ និង​គ្រាប់​ជ័រ ចំនួន​១​ថង់ ហើយ​យកមក​សួរនាំ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ។​

​ជនសង្ស័យ ជា​ក្មេងប្រុស​ទាំង ប្រាំ​នាក់​នោះ រួមមានៈ ១.​ឈ្មោះ អឿន វណ្ណ​ឆេង អាយុ​១៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំងថ្ម​ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ ២.​ឈ្មោះ យួ​ត រ៉ា​យុ​ត អាយុ​១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំងថ្ម ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ។ ៣.​ឈ្មោះ អឿន លាប​ហេង (​ហៅ​ផេង​) អាយុ​១៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំងថ្ម​ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​។​
៤.​ឈ្មោះ ណាន សំរេច អាយុ​១៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ។ ៥.​ឈ្មោះ ម៉ែន ជូ​ស៊ឹង (​ហៅ​សិញ​) អាយុ​១៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ។​

​ជនសង្ស័យ បាន​សារភាពថាៈ ពួកគេ​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​កាន់​កាំបិត កាប់​ទៅលើ ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​មាន​គ្នា ចំនួន ពីរ​នាក់ ។ ជនរងគ្រោះ ឈ្មោះ ខោ​ត មុ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​រងរបួស​ត្រង់​ក្បាល ខាងក្រោយ ផ្នែក​ខាងស្តាំ ចំនួន​១​កន្លែង និង​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ ឆេង ឆា​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ពុំមាន​រងរបួស​ទេ ដោយសារ​ពួកគេ មាន​ជម្លោះ​គ្នា​ពីមុនមក ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវ ជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យដឹង​ដែរ​ថាៈ ការបង្ក្រាប​ករណី​ខាងលើនេះ ក៏​ទទួលបាន ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន ការសម្របសម្រួល​នីតិវិធី​ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​៕/V