ដោយៈ ទេព មង្គល / ភ្នំពេញៈ ទាក់ទិន​នឹង​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ​និង​ការបង់ប្រាក់​ពិន័យ អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​រៀបចំ​ដោយ ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នោះ គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹងដាក់​ឱ្យ​ដំណើរការ​អនុវត្ត​សាកល្បង នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ ហើយនឹង​ដំណើរការ​អនុវត្ត​ពេញលេញ នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៣ ។​

​នេះ​បើតាម​សេចក្តីជូនដំណឹង ចុះ​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ ដោយ​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស្ដីពី​ការដាក់ឱ្យ​ដំណើការ​នូវ​កម្ម​វិធីដក​ពិន្ទុបណ្ណ​បើកបរ និង​ការបង់ប្រាក់​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកទេស​។​

​សេចក្តីជូនដំណឹង បានលើកឡើង​ថាៈ យោងតាម​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក មាត្រា​៤៣ និង​មាត្រា​៤៤ និង​អនុលោម​តាម​ប្រកាស​អន្តរក្រសួង លេខ ២៣១៣ ប្រក ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ ស្តីពី​ការពិន័យ​ជា​ប្រាក់ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី​ចរាចរណ៍ ផ្លូវគោក និង​ប្រកាស​អន្តរក្រសួង លេខ​១៧៦ ប្រក​.​សក​.​ដ​ជក ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ស្ដីពី នីតិវិធី​នៃ​ការដក និង​បំពេញ​ពិន្ទុ​ឡើងវិញ សម្រាប់​បណ្ណ​បើកបរ​។​

​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ឱ្យ​បានជា​អតិបរមា ក៏ដូចជា ការបង្ក​លក្ខណៈ​ងាយស្រួល ជូន​ប្រជាពលរដ្ឋ ក្នុងការ​បង់ប្រាក់​ពិន័យ​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ធានា​តម្លាភាព ក្នុងការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ ល្មើស​នឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​ជូនដំណឹង ដល់​សាធារណជន មេត្តា​ជ្រាប​ដូចតទៅ​៖

១.​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការបង់ប្រាក់​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​រៀបចំ​ដោយ ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងដាក់​ឱ្យ​ដំណើរការ​អនុវត្ត សាកល្បង​នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ ហើយនឹង​ដំណើរការ​អនុវត្ត​ពេញលេញ នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៣ ។​

២.​ការដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​អនុវត្ត ដោយ​ឧបករណ៍​បច្ចេកទេស ដើម្បី​កត់ត្រា​ព័ត៌មាន រក្សាទុក​ក្នុង​ប្រព័ន្ធ​។ ដូចនេះ សូមអ្នក​បើកបរ​យាន​យន្ត​គ្រប់រូប យកតាម​ខ្លួន នូវ​បណ្ណ​បើកបរ​យានយន្ត (​ច្បាប់ដើម​) ដើម្បី​ផ្ដល់ជូន​សមត្ថកិច្ច​ត្រួតពិនិត្យ និង អនុវត្ត​ការដក​ពិន្ទុ ក្នុងករណី​មានការ​ប្រព្រឹត្ត​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

៣.​ការបង់ប្រាក់​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក អាច​បង់ប្រាក់​នៅតាម​បញ្ឈរ​ទ្រូ​ម៉ាន់​នី ឬ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី ឬ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី (TrueMoney Mobile App) បន្ថែម​លើ​ការបង់ប្រាក់ ដោយផ្ទាល់ នៅ​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សំដែង​នូវ​សេចក្តីសង្ឃឹម និង​ជឿជាក់ លើ​ការចូលរួម​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ពី​សំណាក់​អ្នកបើកបរ​យានយន្ត​គ្រប់រូប​៕/V