ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ល្ងាច​ថ្ងៃទី​៨ សីហា ម្សិលមិញ​នេះ ព្រឹត្តិការណ៍​ប្រកួត កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ ដណ្ដើម​ពានរង្វាន់ King Snooker Cup 2022 បានចាប់ផ្ដើម​ការប្រកួត​ផ្លូវការ ដោយ​ទទួលបាន​ការគាំទ្រ​ពេញទំហឹង ពី​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ផលិត​ធនធាន កីឡាករ​ឆ្នើមៗ ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា លោក ម៉ា​រ៉ា សុជាតិ បាន​ឲ្យ​ដឹងថាៈ ពាន​នេះ រៀបចំឡើង ក្រោម​កិច្ចសហការ រវាង​សហព័ន្ធ និង​ក្លិប King Snooker Sport ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​នេះ ឲ្យ​កាន់តែ​រីកចម្រើន ក៏ដូចជា ស្វែងរក​កីឡាករ​ល្អៗ ត្រៀម​ស៊ី​ហ្គេម​នៅ​កម្ពុជា​។ ការប្រកួត មាន​កីឡាករ​ជើង​ខ្លាំង ១៦ រូប ចូលរួម និង​ចែកចេញជា ៤ ពូ​ល ដោយ​គ្រោង​ចំណាយពេល​ប្រកួត ៣ សប្ដាហ៍​។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បានបង្ហាញ​នូវ​ការគាំទ្រ​ពេញ​ទំហឹង ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ហើយ​លោក​បាន​លើកទឹកចិត្ត ដល់​កីឡាករ​ទាំងអស់ ត្រូវ​ខំប្រឹង​និង​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើម​ជ័យលាភី​ផង និង​ដើម្បី​ជា​ឱកាស​គណៈកម្មការ​បច្ចេក​ទេស របស់​សហព័ន្ធ ធ្វើការ​សម្រិតសម្រាំង កីឡាករ​ឆ្នើមៗ ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា​ផង ពិសេស​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង​។​

​លោក​អគ្គនាយក​កីឡា បានចាត់ទុក​ជា​ឱកាស​ដុះខាត់ សមត្ថភាព​មន្ដ្រី​បច្ចេកទេស ឲ្យ​កាន់តែ​មុត​ស្រួច ស្របតាម​និយាម​អន្ដរជាតិ ដើម្បី​មានលទ្ធភាព​ចូលរួម​កាត់សេចក្ដី ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំក្រោយ​ផងដែរ​។ ហេតុនេះ លោក​បាន​គាំទ្រ និង​ជំរុញ​ឲ្យ គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​សហព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការរៀប​ចំនេះ​។​

​អនុប្រធាន​សហព័ន្ធ​លោក ហេង សុវណ្ណ បានលើកឡើង​ថាៈ ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ សហព័ន្ធ​បានទាមទារ​លើ​ល័ក្ខខ័ណ្ឌ​គុណភាព​សមត្ថភាព របស់​កីឡាករ -​កីឡាការិនី ក្នុង​គោលបំណង​ចម្បង ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​។ ដូច្នេះ​សហព័ន្ធ នឹង​បន្ត​ការខិតខំ​រៀបចំ​ការប្រកួត ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ឲ្យ​កាន់តែ​ស្ទាត់ជំនាញ លើ​ផ្នែក​បច្ចេកទេស អាច​ឈានទៅ​ប្រកួតប្រជែង​មេដាយ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ដ្រ នា​ឆ្នាំក្រោយ​៕/V​