ដោយ: សុផល / ភ្នំពេញ​: លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​កិច្ចការ​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់​ឆ្នាំ​២០២០-២០២២ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ ទិវា​អាស៊ាន​លើក​ទី​៥៥ នៅ​សា​លស​ន្នី​សីទ​ចតុម្មុខ រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​។​

​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ តំណាង​ស្ថាប័ន ឧ​ត្ត​ម​មន្ត្រី​ផ្នែក​វប្បធម៌ និង​សិល្ប​: អង្គទូត នៃ​បណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា មន្ត្រីជាន់ខ្ពស់ សាលា​ភូមិន្ទ​រដ្ឋបាល ព្រមទាំង​សិស្ស និង​និស្សិត​ជាច្រើន​នាក់​ថែមទៀត​។

​លោកស្រី បណ្ឌិតសភា​ចា​រ្យ បានបញ្ជាក់​ថាៈ ពិធី​នេះ រៀបចំឡើង​ក្នុង​គោលបំណង សាមគ្គីភាព សហគមន៍​តែមួយ​ជោគវាសនា​រួម តាមរយៈ កា​ពង្រីក ការផ្សព្វផ្សាយ និង​កិច្ចសហប្រតិបត្តិការ​ស​ហគ​មន៍ ទាំង​មាន​បញ្ហា​សេដ្ឋកិច្ច​នយោបាយ សន្តិសុខ​សង្គម វប្បធម៌ ។​

​លោកស្រី បានបង្ហាញ​ពី​មោទនភាព ដែល​កម្ពុជា​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២ នេះ ហើយ​កម្ពុជា ប្តេជ្ញា​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន ក្រោម​ប្រធានបទ «​អាស៊ាន​រួមគ្នា ធ្វើ​ដោះស្រាយ​បញ្ហា​ប្រឈម ទាំងអស់គ្នា​» សម្រាប់​ការផ្សះផ្សា សន្តិភាព និង​ភាព​ចម្រុងចម្រើន នៅក្នុង​តំបន់​ទាំងមូល ឱ្យ​ទទួលបាន​ជោគជ័យ​។​

​លោកស្រី បណ្ឌិត​សាស្ត្រាចារ្យ បាន​បន្តថាៈ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ យើង​បានកំណត់ គោលនយោបាយ និង​យុទ្ធសាស្ត្រ ដើម្បី​ការពារ និង​រក្សា​កេរ្តិ៍ដំណែល វប្បធម៌ ដ៏​សម្បូរបែប និង​ឱ្យ​កាន់តែ​រីកចម្រើន​។ ជាមួយគ្នា​នោះ​យើង ក៏មាន​កិច្ច​ការសំខាន់​ផ្សេងទៀត ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ រឹងមាំ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ជាពិសេស​ក្នុង​វិស័យ​វប្បធម៌ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ដើម្បី​ឈាន ដល់​គោលដៅ​សម្រេច​ឱ្យបាន នូវ​សហគមន៍​អាស៊ាន​សង្គម​-​វប្បធម៌ ឆ្នាំ​២០២៥​។ ក្នុង​ក្របខ័ណ្ឌ​របស់​រដ្ឋមន្ត្រី​អាស៊ាន ដែល​ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ យើង​ត្រូវតែ​រួមគ្នា ដោះស្រាយ​បញ្ហា​នានា ជាពិសេស​ការទទួល​ឥទ្ធិពល បច្ចុប្បន្ន​របស់ កូ​វីដ​-១៩ ដើម្បី​ស្វែងរក​ផ្លូវ សម្រាប់​វិស័យ​វប្បធម៌ ដើម្បី​ឈានទៅ​មុខ​ក្នុង​លក្ខណៈ​ដ៏​រស់​រវើក និង​មាន​ភាពស្វាហាប់​ជាង​មុន​។​

​លោកស្រី​រដ្ឋមន្ត្រី សង្ឃឹមថាៈ ព្រឹត្តិការណ៍​ថ្ងៃនេះ មិន​ត្រឹមតែ​ជាការ​ប្រារព្ធ​ពិធី​នៃ​វប្បធម៌ ប៉ុណ្ណោះ​ទេ ប៉ុន្តែ នឹង​ពង្រឹង​ចំណងមិត្តភាព​មិត្តភាព វប្បធម៌ ទំនៀម​ទំលាប់ ដែល​អនុញ្ញាត ឲ្យ​យើង​ផ្លាស់ប្តូរ​គំនិត និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ដោយ​អនុលោម​ទៅតាម​ស្មារតី អាស៊ាន​៖ “​ទស្សនៈវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ​”​។​

​ពិធី​អបអរសាទរ​ទិវា​អាស៊ាន​លើក​ទី​៥៥ នេះ មាន​រៀបចំ​ជា​កម្មវិធី​សំនួរចម្លើយ ចំណេះដឹង​ពី​អាស៊ាន​, ការសម្តែង​ទស្សនីយភាព​របាំ​អាស៊ាន ការសម្តែង​និង​ប្រគំ ជូន​ចម្រៀង​អាស៊ាន​, ពិព័រណ៍​រូបថត​សមិទ្ធផល ក្នុង​ក្របខណ្ឌ​អាស៊ាន​ផ្នែក​វប្បធម៌ និង​សិល្បៈ​ជាដើម​។​

​សូមបញ្ជាក់ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បង្កើតឡើង នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ ដោយ ៥ ប្រទេស ដូចជា ប្រទេស​ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី​, ហ្វីលីពីន​, សិង្ហ​បុរី និង​ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ បច្ចុប្បន្ននេះ អាស៊ាន មាន​សមាជិក ចំនួន ១០ ប្រទេស រួមមាន ប្រទេស​ប្រ៊ុយណេ , កម្ពុជា​, ឥណ្ឌូណេស៊ី​, ឡាវ , ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, សិង្ហ​បុរី​, ថៃ និង វៀតណាម​។ មកដល់ពេលនេះ អាស៊ាន មាន​ប្រជាជន​ជាង ៦៦១ លាន​នាក់ ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជាង ៣ ទ្រី​លាន​ដុល្លារ​អាមេរិក និង​ពាណិជ្ជកម្ម លើសពី ២,៧ ទ្រី​លាន ដុល្លារ​អាមេរិក​៕/V​