ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ ជនសង្ស័យ ជា​ជន​ជាតិចិន បីនាក់ បាន​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់ ដោយសារ​បើករថយន្ត ក្នុង​ល្បឿន​លឿន ទៅបុក​ផ្ទប់​នឹង​បង្គោល​ភ្លើង ពេញទំហឹង នៅពេល​រត់គេច​ពី​សមត្ថកិច្ច ពាក់ព័ន្ធ​ករណី​ឃាតកម្ម​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​រំលងអធ្រាត្រ ឆ្លង​ចូល​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​ភូមិ​អ​ណូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ក្រោយពេល​ក្រុម​ជ​នស​ង្ស​យ បាន​ចាក់ និង​បាញ់សម្លាប់​បុរស ជន​ជាតិចិន​ដូចគ្នា​ម្នាក់ នៅ​ចំណុច​ឆ្នេ​អូរត្រេះ (​ខាងមុខ​សណ្ឋាគារ ៥២០) ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ។​

​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យដឹងថាៈ ក្រុម​ជនល្មើស​ជា​ជន​ជាតិចិន មាន​គ្នា​បួន នាក់ បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​បុរសរងគ្រោះ ជា​ជន​ជាតិចិន​ម្នាក់ ដោយ​កាំបិត​ចុង​ស្រួច រួច​បាញ់សម្លាប់ ដោយ​កាំភ្លើងខ្លី នៅវេលា​ម៉ោងជាង ១ រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ឆ្នេ​អូរត្រេះ (​ខាងមុខ​សណ្ឋាគារ ៥២០) ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថាៈ ក្រោយ​កើតហេតុ ជនបង្ក និង​បក្ខពួក បាន​រត់គេចខ្លួន តាម​រថយន្ត​មួយគ្រឿង ម៉ាក តូយ៉ូតា ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-6111 បើកបរ​ចេញពី​ក្រុងព្រះសីហនុ តាមផ្លូវ​ជាតិ​លេខ​៤ ក្នុងនោះ កម្លាំង​សមត្ថកិច្ច​ចំរុះ ក៏​ធ្វើ​ប្រតិបត្តិការ​ពួនស្ទាក់ និង​តាម​ឃាត់​រថយន្ត​នេះ ។ នៅពេល​បើក​រត់​មកដល់​ចំណុច ភូមិ​អណូ​ង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រថយន្ត​របស់​ក្រុម​ជនសង្ស័យ ដែល​កំពុងបើក​រត់គេច ពី​ការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត មក​ខាងឆ្វេង​ដៃ (​ទិសដៅ​ទៅ​ភ្នំពេញ​) ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង ទៅមុខ​លែងរួច​។

​ក្រោយ​ការពិនិត្យ សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ក្នុង​រថយន្ត​នេះ មាន​មនុស្ស​ជិះ​ចំនួន បួន​នាក់ ប្រុស​ទាំងអស់ (​ជនជាតិ​ចិន​) ហើយ​ដោយសារតែ​រថយន្ត បុក​ផ្ទប់​នឹង​បង្គោល​ភ្លើង ក្នុងស្ថានភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​នេះ បីនាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់​។​

​នៅក្នុង​រថយន្ត សមត្ថកិច្ច រកឃើញ​កាំភ្លើងខ្លី ចំនួន​១​ដើម ម៉ាក CF, កាំបិត​តូច ចុង​ស្រួច ប្រឡាក់​ឈាម ១​ដើម​, ខ្នោះដៃ និង​សម្ភារៈ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ដែល​រងរបួស និង​សាកសព បីនាក់​ទៀត សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន មកកាន់​មន្ទីរពេទ្យ ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បន្ត និង​ស្រាវជ្រាវ​បន្ថែម ពី​សាវតា រឿងហេតុ នាំ​ឲ្យ​មាន​អំពើ​បាញ់ប្រហារ​នេះ និង​ស្រាវជ្រាវ ពី​អត្តសញ្ញាណ​ទាំង​ជនរងគ្រោះ និង​ជនបង្ក តាម​នីតិវិធី​៕/V​