ដោយៈ សៀង កញ្ញា អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​/ភ្នំពេញ៖សោម គង់ អាយុ​៧៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​រៀបរាប់ថា ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​៧​នាក់ បច្ចុប្បន្ន​នៅរស់​៣​នាក់​។ កាលពី​កុមារ ខ្ញុំ​ចូលរៀន​នៅ​សាលា​វត្ត​ត្រពាំង​ធំ ត្រឹម​ថ្នាក់​ទី​៧​ក៏​ឈប់រៀន ហើយ​មកជួយ​ការងារ​ឪពុកម្តាយ​។

​ខ្ញុំ​រៀបការ​នៅ​អំឡុងពេល​កើតមាន​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។ បន្ទាប់ពី​រដ្ឋប្រហារ មាន​ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក និង​ទម្លាក់​គ្រាប់​ណា​ប៉ាល់ មកលើ​ភូមិ​របស់ខ្ញុំ​។ ផ្ទះ​របស់ខ្ញុំ​ត្រូវ​ឆេះ​អស់​គ្មាន​សល់ ដោយសារតែ​គ្រាប់​ណា​ប៉ាល់​។ ផ្ទះ​អ្នកភូមិ​ជាច្រើន​ខ្នង​ទៀត​ក៏​ឆេះ​ដូចគ្នា​ដែរ ប៉ុន្តែ​មិនមាន​មនុស្ស​ស្លាប់​ឡើយ​។ ចាប់តាំងពី​ថ្ងៃ​រដ្ឋប្រហា​រម​ក ប្រជាជន​មិន​ហ៊ាន​រស់នៅ​ក្នុងផ្ទះ​ទេ ព្រោះ​ប្រជាជន​ដឹងថា​នឹងមាន​ការទម្លាក់​គ្រាប់បែក​កើតឡើង​។ ប្រជាជន​នាំគ្នា​រត់​ចូលទៅ​លាក់ខ្លួន​នៅក្នុង​ត្រង់​សេ (​លេណ ដ្ឋា​ន​) ស្ទើរ​រៀងរាល់ថ្ងៃ​។ ស្ថិតនៅ​ក្នុងស្ថានភាព​ច្របូកច្របល់​នោះ ក្រុម​ចលនា​បដិវត្តន៍​ខ្មែរក្រហម​បាន​ហៅ​ប្រជាជ​ទៅ​ប្រជុំ​ជា​ញឹកញាប់ ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​រប​ស់​ខ្លួន​ប្រឆាំងនឹង​របប លន់ នល់​។​

សោម គង់ ទទួល​ប្រអប់​អនុស្សាវរីយ៍​ពី​អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​​​ឯកសារ​កម្ពុជា​)

ខ្ញុំ​មិនបាន​ចូលប្រជុំ​ជាមួយ​ខ្មែរក្រហម ទេ ហើយក៏​មិនបាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ខ្មែរ​ក្រហ ម​ដែរ​។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ឃើញ​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ថ្មី​ជាច្រើន​គ្រួសារ​ឲ្យ​មក​រស់នៅ​ក្នុងភូមិ​ត្រពាំង​ឈូក​។ ប្រជាជន​ថ្មី​ទាំងនោះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​រស់នៅ​លាយឡំ​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន​ឡើយ ប៉ុន្តែ​អាចធ្វើ​ការងារ​ជាមួយ​ប្រជាជន​មូលដ្ឋាន​បាន​។ ខ្ញុំ​ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់មូលដ្ឋាន​ចាត់តាំង​ឲ្យ​ធ្វើការ​នៅក្នុង​កង​តាៗ ប៉ុន្តែ​នៅពេលនោះ​ក៏មាន​ប្រជាជន​វ័យ​កណ្តាល និង​យុវជន​ក្នុង​កង​នោះដែរ​។ កិច្ចការងារ​របស់ខ្ញុំ​នៅក្នុង​កង​តា​តា គឺ​ធ្វើស្រែ ចម្ការ ភ្ជួរ​រាស់ រែក​ដី និង​កាប់​ដី​។​

​នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ និង​ប្រជាជន​មូលដ្ឋាន​មួយចំនួនទៀត​ដែល​រស់នៅក្នុង​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ថ្នាក់មូលដ្ឋាន​ឈ្មោះ ម៉េ​ន ផ្លាស់​ឲ្យ​ទៅ​រស់នៅ​ភូមិភាគ​បូព៌ា ក្នុង​ខេត្តកំពង់ចាម​។ ម៉េ​ន មិនបាន​ប្រាប់​ខ្ញុំ​ថា​ទៅធ្វើ​អ្វី​នៅ​នោះឡើយ​។ ពេលនោះ ខ្ញុំ​រួមជាមួយ​ប្រពន្ធ និង កូន​មួយនា​ក់ទៀត បាន​ស្នាក់​នៅតែ​ក្នុងផ្ទះ​ដែល​អង្គ​ការចែក​ឲ្យ ដោយ​មិនទាន់​ទទួល​ការចាត់តាំង​ការងារ​ពី​អង្គការ​ឡើយ​។ មិនយូរប៉ុន្មាន ក៏​កើតមាន​ព្រឹត្តិការណ៍​វាយ​ប្រយុទ្ធ​គ្នា​រវាង​យោធា​ខ្មែរក្រហម និង​កងទ័ព​វៀតណាម​។ ខ្ញុំ​និង​គ្រួសារ បាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​។ ពេល​ចូល​មកដល់​ស្រុកកំណើត ផ្ទះ​និង​ដី​របស់ខ្ញុំ​ត្រូវ​អ្នកភូមិ​ផ្សេងទៀត​យក​ធ្វើជា​កម្មសិទ្ធិ ដូច្នេះ​ខ្ញុំ​និង​គ្រួសារ​ត្រូវ​បង្ខំចិត្ត​ទៅរក​ទីតាំង​ថ្មី​ដើម្បី​រស់នៅ ហើយ​ខ្ញុំ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​រត់​ម៉ូតូឌុប​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕​សរន


សោម គង់ អាយុ​៧៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
២. សោម គង់ ទទួល​ប្រអប់​អនុស្សាវរីយ៍​ពី​អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)