ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម សហការ​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ការស៊ើបអង្កេត នីតិវិធី និង​បទពិសោធន៍​ល្អៗ ដល់​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ និង​ជំរុញ​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ប្រព្រឹត្តទៅ​ប្រកបដោយ​សមធម៌ និង​យុត្តិធម៌​។​

​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា គោលបំណង​នៃ​សិក្ខាសាលា​នេះ ដើម្បី​ចែករំលែក​ចំណេះដឹង បទពិសោធ និង​ពង្រឹងសមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ​តាមរយៈ​ការពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន ដូចជា​៖​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​, ការស៊ើបអង្កេត​បទល្មើស​ពុករលួយ និង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​, វឌ្ឍនភាព បញ្ហា​ប្រឈម និង​កិច្ចសហការ​ក្នុងការ​ស៊ើបអង្កេត​បទ​ល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​ការប្រើប្រាស់ និង​ការ​ក្លែងបន្លំ​ក្នុង​អាជីវកម្ម​មិន​ត្រឹមត្រូវ​។​

​លោក​បណ្ឌិត​បានលើកឡើង​ថា ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ប្រកបដោយ​ប្រសិទ្ធភាព អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អនុវត្ត​វិធានការ​ប្រទាក់ក្រឡា​គ្នា​ចំនួន​ចំនួន​៣​គឺ ១.​ការអប់រំ ២.​ការបង្ការ​-​ទប់ស្កាត់ និង​៣.​ការអនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​។ លោក​បន្តថា តាមរយៈ​ការអនុវត្ត​ការងារ​ប្រឆាំង​អំពើពុករលួយ​នាពេល​កន្លងមក សង្គម​កម្ពុជា​បាន​មានការ​ផ្លាស់ប្តូរ​មួយចំនួន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ហើយ​អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ ក៏​ទទួលបាន​នូវ​បទពិសោធន៍​ល្អៗ​ជាច្រើន​ផងដែរ ទាំង​ការអនុវត្ត​វិធានការ​អប់រំ បង្ការ​-​ទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស តាមរយៈ​ការស៊ើបអង្កេត និង​កសាង​សំណុំរឿង​ពុករលួយ​បញ្ជូនទៅ​តុលាការ​។​
​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. មានប្រសាសន៍ថា​ដើម្បីឱ្យ​ការអនុវត្ត​ច្បាប់​ទទួលបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ទើប ក​.​ប​.​ប​. គោរព​ស្នើសុំ​កិច្ចសហការ​ពី​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ពិសេស​ការទទួលបាន​នូវ​ព័ត៌មាន​សំខាន់ៗ​ពី​បណ្តា​ប្រព័ន្ធ​នានា ពាក់ព័ន្ធ​នឹង​ករណី​ស្រាវជ្រាវ និង​កំណត់​បទល្មើស​ស្តីពី​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ និង​បទល្មើស​ផ្សេងទៀត​។

​ក្នុងឱកាស​នោះ លោក​អគ្គនាយក បាន​បញ្ជាក់ជូន​អង្គប្រជុំ​ថា អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រគល់​តួនាទី​និង​ភារកិច្ច ឱ្យ​ស្រាវជ្រាវ រៀបចំ កសាង គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា ការពារ​អ្នកប្រើប្រាស់​និង​កិច្ចការ​ប្រកួតប្រជែង ត្រួតពិនិត្យ​ទំនិញ​និង​សេវា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទទួលខុសត្រូវ​ផ្ទាល់ និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ប​ត្តិ​ការ ទប់ស្កាត់​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ពាណិជ្ជកម្ម ចាត់​វិធានការ​ចំពោះ​ការព្រមព្រៀង​ដែល​រិត​ត្បិត រារាំង ឬ​បង្ខូច​ដល់​ការប្រកួតប្រជែង ធានា​គុណភាព សុវត្ថិភាព និង​អនុលោមភាព​នៃ​ផលិតផល​ទំនិញ​និង​សេវា ទីផ្សារ​ប្រកួតប្រជែង និង​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​។

​លោក​បន្តថា ដើម្បី​អនុវត្ត​តួនាទី និង​ភារកិច្ច​ខាងលើ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មាន​មូលដ្ឋានគ្រឹះ​សំខាន់ៗ ដូចជា​៖ ១.​រចនាសម្ព័ន្ធ​ទន់​៖ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មាន​មូលដ្ឋាន​ច្បាប់​ចំនួន​៤ ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​អនុវត្ត​គឺ​ ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​ទំនិញ និង​សេវា​, ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​, ច្បាប់​ស្តីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​។ ក្រៅពីនោះ នៅមាន​ឯកសារ​គតិយុត្ត​ជាច្រើន​ទៀត​មានដូចជា​៖ អនុក្រឹត្យ សេចក្តីសម្រេច ប្រកាស​អន្តរក្រសួង ប្រកាស គោលការណ៍​ណែនាំ​ជាដើម ដែល​បើកផ្លូវ​ឱ្យ​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. យកទៅអនុវត្ត​ដើម្បី​កំណត់​បទល្មើស និង​ចាត់វិធានការ​សមស្រប​នានា​និង​២.​រចនាសម្ព័ន្ធ​រឹង​៖​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មាន​មន្ទីរពិសោធន៍​នៅ​ថ្នាក់កណ្តាល ដែលមាន​បំពាក់​ឧបករណ៍​វិភាគ​គីមី​សាស្ត្រ​មីក្រូ​ជីវសាស្ត្រ​លើ​ផលិតផល​ផល​ម្ហូបអាហារ និង​ឧបករណ៍​វិភាគ​គុណភាព​ប្រេងឥន្ធនៈ និង​របស់របរ​ប្រើប្រាស់​មួយចំនួន​។ បន្ថែម​លើ​នេះ អគ្គនាយកដ្ឋាន​ក៏មាន​មន្ទីរពិសោធន៍​ខ្នាតតូច​នៅតាម​បណ្តា​សាខា ក​.​ប​.​ប​.​ខេត្ត​ចំនួន ១៥ និង​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ​ចំនួន​៨ សម្រាប់​គាំទ្រ​ដល់​ការងារ​ត្រួតពិនិត្យ​។​

សូមជម្រាបថា សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ការស៊ើបអង្កេត នីតិវិធី និង​បទពិសោធន៍​ល្អៗ ដល់​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៩ និង​ទី​១០ ខែសីហា ឆ្នាំ​២០២២៕srn​