ដោយៈ​ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ ពីរ​ជាន់ ប្រភេទ (DBST) និង​បេតុង​មួយ​ខ្សែ ប្រវែង ១០,៦៧៩ គីឡូម៉ែត្រ ក្នុង​ក្របខណ្ឌ​គម្រោង​ពង្រឹង សមត្ថភាព​ផលិតភាព​ជនបទ ហៅ​កាត់​ថា (NRRPCP) មាន​ទីតាំង​ត​ភ្ជាប់​ពី​ភូមិ​ជី​ផុ​ច ឃុំ​ជី​ផុ​ច ទៅដល់​ភូមិ​ព្រ​ហ៊ា​រ ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង ។​

​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ នៅក្នុង​ពិធី​ខាងលើ​ថាៈ ” ថ្ងៃនេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​ចូល រួម​ជា​អធិបតី ក្នុង​ពិធី​បើ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង មួយ​ខ្សែ ប្រវែង ១០,៦៧៩ គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ភូមិ​ជី​ផុ​ច ឃុំ​ជី​ផុ​ច ដល់​ភូមិ​ព្រ​ហ៊ា​រ ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង ក្រោម​ជំនួយ​ហិរញ្ញប្បទាន សហប្រតិបត្តិការ នៃ​គម្រោង​ពង្រឹងសមត្ថភាព​ផលិតភាព​ជនបទ ដែល​គាំទ្រ​ដោយ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (Asian Infrastructure Invesment Bank AIIB) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ គម្រោង​នេះ ប្រើប្រាស់​រយៈពេល​សាងសង់ ១២ ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន រហូតដល់​ដំណាច់ ខែកក្កដា ឆ្នាំ​២០២៣ ដែល​ទទួល​សាងសង់ ដោយ​ក្រុមហ៊ុន BARE KHMER CNSTRUCTION DEVELOPMENT ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ១.៩១១.៨០០ ដុល្លារ ” ។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ថាៈ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ជី​ផុ​ច និង​ឃុំ​ច្រេស ដែល​ទទួលបាន​ផ្លូវ​នេះ គឺជា​ចំណងដៃ​ថ្មី ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ​ជា​គម្រោង​ថ្មី​មួយ​ដែលមាន លក្ខណៈពិសេស ខុសពី​គម្រោង​ផ្សេងទៀត ដោយមាន​ល័ក្ខខ័ណ្ឌ​តម្រូវឱ្យ​ចាប់ផ្តើម​អនុវត្ត គម្រោង​បន្ទាន់ ក្នុង​គោលបំណង​បន្ត​រក្សា​និរន្ត​ភាព​សេដ្ឋកិច្ច​ជនបទ ពិសេស​ស្តារ​ជីវភាព រស់នៅ​របស់​ប្រជាជន នៅ​ជនបទ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង បន្ទាប់ពី​កម្ពុជា បាន​នឹង​កំពុង​ងើបឡើង​វិញ ពី​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ។​

​គម្រោង​ខាងលើនេះ ចាប់ផ្ដើម​ពី​ឆ្នាំ ២០២១-២០២៣ មាន​ថវិកា​សរុប​ចំនួន ៦៧ លាន ដុល្លារ​អាមេរិក ក្នុងនោះ ថវិកា​ចំនួន ៦០ លាន ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​របស់ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB )​និង ៧,៥ លាន​ដុល្លារ​អាមេរិក ជា​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​គម្រោង​នេះ មាន​សមាសភាព​ចំនួន​ពីរ គឺ​ទី​១៖ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ជនបទ ដោយ​ត្រូវ​ស្ថាបនា ផ្លូវ​ក្រាល​កៅស៊ូ ពីរ​ជាន់ ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និង​ផ្លូវ​បេតុង ប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនា​ស្រះ​ដី​សហគមន៍ ចំនួន ៧៥ ស្រះ ស្ថាបនា​ស្រះ​សហគមន៍​រៀប​ថ្ម ឬ​បេតុង ចំនួន ៧៥ ស្រះ​។ ទី​២៖ អភិវឌ្ឍន៍​ជំនាញ នៅ​ជនបទ និង​ផ្ដល់​សេវា​គាំទ្រ ដល់​អង្គភាព​គ្រប់គ្រង​គម្រោង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​សមាសភាព​ទាំងពីរ​នេះ អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ ចំនួន ៥ មាន​ខេត្តកំពង់ឆ្នាំង ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកោះកុង ៕/V​