ដោយៈ គង់​ហេង / កំពង់ចាមៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថាៈ ដើម្បី​ក្លាយខ្លួនជា​នគរបាល មានការ​យល់ដឹង​ពី វិជ្ជាជីវៈ គុណវុឌ្ឍិ គុណធម៌ ប្រតិបត្តិការ​ប្រកបដោយ ការទទួលខុសត្រូវ ពោលគឺ ចាំបាច់​ត្រូវ​ឆ្លងកាត់​វគ្គ​សិក្សា​វិជ្ជាជីវៈ​ជាមុន​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​បែបនេះ នៅក្នុង​ឱកាស​ដែល​សម្តេច អមដោយ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម រួមជាមួយ​អភិបាលខេត្ត​ត្បូងឃ្មុំ អភិបាលខេត្ត​ព្រៃវែង និង​អភិបាល​ខេត្តស្វាយរៀង អញ្ជើញ​ចូលរួម​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​បេតុង ប្រព័ន្ធ​លូបង្ហូរទឹក អគារ​ស្នាក់នៅ និង​សួរសុខទុក្ខ​សិស្ស​នគរបាល វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល ជំនា​ន់ទី​១៥ លើក​ទី​២ ចំនួន ១២៧ នាក់ នៅ​សាលា​នគរបាលជាតិ ភូមិភាគ​២ ស្ថិតក្នុង​ផ្កាយព្រឹក ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ៩ សីហា នេះ​។​

​សម្តេច បាន​ថ្លែងថាៈ ទាក់ទង​នឹង​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​នគរបាលជាតិ គឺ​ដើម្បីឱ្យ​ក្លាយជា​នគរបាល ត្រូវមាន​ការយល់ដឹង​ពី​វិជ្ជាជីវៈ ជា​គុណវុឌ្ឍិ ជា​គុណធម៌ និង​ប្រតិបត្តិការ​ប្រកបដោយ​ការទទួលខុសត្រូវ គឺ​ចាំបាច់​ត្រូវ​សិក្សា​រៀនសូត្រ​មិនអាច​ខ្វះ​បាន ទាំង​ក្នុងដំណាក់កាល​កន្លងទៅ ឬ​ទៅ​អនាគត គឺ​ត្រូវបាន​ប្រឡង​ជាប់​ជ្រើសរើស​ជា​នគរបាល ហើយ​ត្រូវ​ឆ្លងកាត់​វគ្គ​សិក្សា គឺ​មិនអាច​ប្រឡង​ជាប់​ហើយ បាន​ចូល​ក្របខណ្ឌ ដោយ​ស្វ័យប្រវត្តិ​នោះទេ​។ ពិសេស ត្រូវ​ឆ្លងកាត់​វគ្គ​មូលដ្ឋាន​រយៈពេល បួន​ខែ ដូច​សិស្ស​នគរបាល ១២៧ នាក់​នេះ​។​

​សម្តេច បាន​បន្ថែមថាៈ នេះ​ជា​លទ្ធផល​កំណែទម្រង់ ជាក់ស្តែង​របស់​នគរ​បាល គឺ​កាលណា​បាន​សិក្សា នៅពេល​ទៅ​ប្រតិបត្តិ បំពេញការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ក៏​ធ្វើ​ការងារ​បានល្អ​ដែរ គឺមាន​ជំនាញ​ហើយ​។ មួយវិញទៀត សម្រាប់​អ្នក​ផ្ទេរ​ពី​ស៊ីវិល ក្របខណ្ឌ​ផ្សេងៗ ចូល​នគរបាល មាន​ឋានៈ តួនាទី ក៏​ត្រូវតែ​រៀនសូត្រ​ទៀត គឺ​ខុសពី​ក្របខណ្ឌ​មួយចំនួន​។ ប៉ុន្តែ​ជាទូទៅ ក្របខណ្ឌ​ណាក៏ដោយ អ្នក​ចេញពី​សាលារៀន ទើប​ប្រឡង​ចូល​ក្របខណ្ឌ យ៉ាងណា ក៏​ត្រូវធ្វើ​កម្មសិក្សា រៀនសូត្រ​រយៈពេល​ខ្លី មធ្យម ឬ​ធ្វើ​កម្មសិក្សា​ផ្សេងៗ តាម​ការចាំបាច់​។​

​សម្តេច បាន​បន្តថាៈ ប៉ុន្តែ​នគរបាល​មិនអាច​ធ្វើ​សិន ហើយ​បាន​ទៅ​រៀន​នោះទេ គឺ​រៀន​សិន បាន​ទៅធ្វើ​ការងារ គឺ​នេះ​ជា​ស្តង់ដារ​ជារួម ហើយ​គេ​ឱ្យ​តម្លៃ​ណាស់ កាលណា ដែល​បាន​រៀន​ហើយ ទទួល​សញ្ញាបត្រ​នេះ គឺ​គេ​ប្រកាស​ក្របខណ្ឌ​ធ្វើ​ពិធី​ប្រកាស​អធិប​អធម ជា​ឧឡា​រិ​ក មានការ​ចូលរួម​ពី​ឪពុកម្តាយ បងប្អូន សាច់ញាតិ អបអរសាទរ ៕/V​