ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ៧០​គ្រួសារ មកពី​សង្កាត់​ទាំង ៧ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហមកម្ពុជា តាមរយៈ​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ នៅ​បរិវេណ​វត្ត​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ​ទី​៣​។​

​ពិធី​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការចូលរួម​ពី​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ សប្បុរសជន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចូលរួម​ក្នុង​ពិធី​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព​ចំនួន ៧០ គ្រួសារ​មកពី​សង្កាត់​ទាំង​៧ ស្ថិតនៅក្នុង​បរិវេណ​វត្ត​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោក ហែម ដា​រិ​ទ្ធិ បាន​សម្តែង​ក្តី​អាណិតអាសូ ចំពោះ​គ្រួសារ​ងាយ​រងគ្រោះ​ទាំងអស់ រួម​ជាមួយនិង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល តែង​បាន​គិតគូរ​ជាប់​ជាប្រចាំ ចំពោះ​សុ​ទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ទាំង​ជនរងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ និង​ជន​ងាយ​រងគ្រោះ ដែល​ប្រឈម​និង​ហា​នី​ភ័យ​ខ្ពស់​ចំពោះ​ជីវិត​។​

​លោក​ប្រធានកិត្តិយស​អនុសាខា បាន​លើកឡើងថា ជា​រឿង​ធម្មតា សំរាប់​សង្គម​នីមួយៗ ទោះបី​ប្រទេស​ជឿនលឿន​ណា​ក៍ដោយ តែ​តែងមាន​អ្នកមាន អ្នកក្រ មិន​លែង​ទេ តែបើ​ក្រ​ហើយ​ឱ្យតែ​មានគំនិត ចេះ​គិតគូ​ពី​ការរកស៊ី ជីវភាព​គ្រួសារ ពី​សុខភាព ពិសេស​ប្រាស់​ចាកឱ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង គ្រប់​ប្រភេទ នោះ​ស្ថានភាព​គ្រួសារ និង​ទទួលបាន​ភាពប្រសើ​ឡើងវិញ ក្នុងពេល​ណាមួយ​ជាមិនខាន​។

​ជាមួយនេះ ទោះ​ស្ថិតក្នុង​កំរិតជីវភាព​ខ្វះខាត​យ៉ាងណា​ក៍ដោយ ក៍​សូមឱ្យ​គ្រួសារ​ទាំងអស់​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដោយ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ ៣​ប្រការ គឺ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ពិសេស​ចូលរួម​អនុវត្ត​ជាប្រចាំ នូវ​វិធាន​ការបង្ការ និង​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ និង​ជំងឺ​អុត​ស្វា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​អំណោយ​មនុស្សធម៌ ដែល​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ នាំយកទៅ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​៧០​គ្រួសារ នាឱកាស​នេះ ក្នុង ១​គ្រួសារៗ​ទទួលបាន ៖ អង្ករ​២៥​គី​ទ្បូ​ក្រាម​, មី​១​កេស​, ទឹកស៊ីអ៊ីវ ២​ដប​, ពង​ទា​១០​គ្រាប់ និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល​៕​