​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ ដែល​ធ្វើឱ្យ ពលរដ្ឋ​ម្នាក់​ស្លាប់ នៅពេល​ចុះបង្ក្រាប​ទីតាំង ហាង​កាហ្វេ ជល់​មាន់ អន​ឡាញ​
​ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ចុះទៅ​ធ្វើ អធិការកិច្ច ត្រួតពិនិត្យ រក​ឲ្យ​ឃើញ​អំពី​មូលហេតុ​ពិត ដែល​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ នៅពេល​ចុះបង្ក្រាប​ទីតាំង​ហាង កាហ្វេ​ជល់​មាន់ អន​ឡាញ​។​

​ការបញ្ជា​បែបនេះ បាន​ត្រូវធ្វើឡើង នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​មាន​សារព័ត៌មាន និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ផ្សព្វផ្សាយ អំពី​ករណី​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ ចុះបង្ក្រាប​ទីតាំង​ហាង​កាហ្វេ ជល់​មាន់ អន​ឡាញ មួយកន្លែង ស្ថិតនៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ហើយ​បាន​ឃាត់ខ្លួន​ជនរងគ្រោះ ចាប់​ដាក់​រថយន្ត យកទៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​តាមផ្លូវ ជនរងគ្រោះ មាន​អា​ការៈមិន​ស្រួលខ្លួន ក៏បាន​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។