​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក​អភិបាលក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ បានធ្វើការ​ក្រើនរំលឹក និង​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការសាងសង់ សំណង់​នៅលើ​ចិញ្ចើមផ្លូវ​របស់​រដ្ឋ និង​ត្រូវ​បញ្ឈប់​ការ​ចោល​សំរាម ពាសវាល​ពាសកាល នៅ​ទីសាធារណៈ ដើម្បី​បរិស្ថាន​ស្អាត និង​ទី​ក្រុងមាន​សោភ័ណ​ភាពល្អ ពីព្រោះថា សំរាម គឺជា​បញ្ហា​ប្រឈម​រួម ដែល​យើងទាំងអស់គ្នា ត្រូវ​យកចិត្តទុកដាក់ ដោះស្រាយ​មិនអាច​ខ្វះ បាន នាពេល​បច្ចុប្បន្ននេះ​។​

​ក្រៅពីនេះ យើងទាំងអស់គ្នា ត្រូវ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ចំពោះ​គ្រោះមហន្តរាយ ផ្សេងៗ ដែល​កើតឡើង​នៅ​មូលដ្ឋាន មាន​ជាអាទិ៍ គ្រោះធម្មជាតិ ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​បញ្ហា​សត្វ​ពា​ហៈ​ហនៈរ​បស់​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម ហើយ​លែង​ពាសវាល​ពាសកាល និយាយ​ជារួម គឺ​រួមគ្នា​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ ដែល​កើតមានឡើង​នៅ​មូលដ្ឋាន​។

​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល លោក និង​លោក ណេ​ប សារ៉ុន ប្រធាន​ក្រុមប្រឹក្សា​ក្រុង​បាវិត បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​អង្គ​វេទិកាសាធារណៈ ជួប​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​លោក​អភិបាលក្រុង បាន​មានប្រសាសន៍​បន្តទៀតថាៈ ក្រោម​ការដឹកនាំ និង​យកចិត្តទុកដាក់ ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ពង្រីក​ផ្លូវជាតិ​លេខ​១ ប្រវែង ៧ គីឡូម៉ែត្រ ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ​១៥៩ ដល់​បង្គោលគីឡូម៉ែត្រ​លេខ​១៦៦ ដាក់លូ​រំដោះ​ទឹកភ្លៀង អម​សងខាង​ផ្លូវ និង​ដាក់​ភ្លើង​បំភ្លឺ ចំ​កណ្តាលផ្លូវ និង​បាន​ស្ថាបនា លូ​មេ រំដោះ​ទឹកភ្លៀង ចំនួន ៣ ខ្សែ ប្រវែង ៦.៥៧៨ ម៉ែត្រ និង​សាងសង់​កន្លែង​ញែក​សម្រាម មួយកន្លែង សមិទ្ធផល​ទាំងអស់ សម្រេចបាន​មួយរយ​ភាគរយ ដែលជា​ថវិកា​ជំនួយ​របស់ ធនាគារ​អភិវឌ្ឍន៍​អា​សុ​ី (ADB) ។
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ស្ថាបនា​ពង្រីក ផ្លូវជាតិ​លេខ​១ ម្ខាង​ប្រវែង ៦.៣០០ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ផ្លូវ​ថ្មើរជើង​ក្រោម​ដី ចំនួន ២ កន្លែង និង​ពង្រីក​បរិវេណ តំបន់​ច្រកទ្វារ​ត្រួតពិនិត្យ​ព្រំដែន​អន្តរជាតិ​បាវិត ម្ខាង​ប្រវែង ១១០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ដែល​អនុវត្ត​ដោយ​កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប បច្ចុប្បន្ន ការងារ​នេះ សម្រេចបាន ៧៥ ភាគរយ​ហើយ​។

​លោក លឹម សៀង​ហេង បាន​ឲ្យ​ដឹង​បន្ថែមទៀតថាៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​យកចិត្តទុកដាក់ ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្រុង​បាវិត ដោយបាន​ស្ថាបនា​ផ្លូវ​បេតុង ចំនួន ៥ ខ្សែ ប្រវែង ១៥.០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និង​ដាក់លូ​អម​សងខាង​ផ្លូវ ប្រវែង ២.០០០ ម៉ែត្រ ជួសជុល​ផ្លូវ​វាង​ក្រុង ក្រាល​កៅស៊ូ ១​ខ្សែ ប្រវែង ៨.៥០០ ម៉ែត្រ បន្ថែមទៀត នៅក្នុង​បាវិត ដោយ​ប្រើប្រាស់​ថវិកា គុណប្រយោជន៍​របស់​ខេត្ត បច្ចុប្បន្ន រដ្ឋបាលខេត្ត គ្រោង​សាងសង់​ផ្លូវ​បេតុង ចំនួន ២ ខ្សែ ប្រវែង ២.០០០ ម៉ែត្រ​បន្ថែមទៀត​។ ចំពោះ​ផ្លូវ​ទាំងអស់នេះ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ សម្រាប់​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​បាវិត​។

​លោក​អភិបាលក្រុង បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថាៈ រដ្ឋបាល​ក្រុង​បាវិត និង​សង្កាត់​ទាំង ៥ បាន​ស្ថាបនា​ផ្លូវ​បេតុង បាន​ចំនួន ៥ ខ្សែ ប្រវែង ១.៧២៣ ម៉ែត្រ និង​ដាក់លូ​រំដោះ ទឹកភ្លៀង អម​សងខាង​ផ្លូវ បាន ២ ខ្សែ ប្រវែង ១.០១០ ម៉ែត្រ រួចរាល់​ជា​ស្ថាពរ ដោយ​ប្រើប្រាស់ កញ្ចប់​ថវិកា​មូលនិធិ​ក្រុង និង​សង្កាត់ ហើយ​ក្រៅពីនេះ ក្រុង​ក៏បាន​ដាក់ ភ្លើង​សូ​ឡា បំភ្លឺ​តាមផ្លូវ ៣១៩C (​ផ្លូវ​វាង​ក្រុង​)​ចំនួន ២៥០ បង្គោល និង​បាន​ដាំ​ដើមឈើ ខ្នាត​ធំ​ល្មម ចំនួន ២០០ ដើម នៅ​ផ្លូវ ៣១៩A និង​ផ្លូវ ៣១៩ B ដើម្បី​លើកកម្ពស់ សោភ័ណភាព ដែលជា​ការជួយឧបត្ថម្ភ ដោយ​សប្បុរសជន​នានា​។
​ហេតុនេះហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ចូលរួម​សហការ​ជាមួយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែ​ផ្លា ក៏ដូចជា ជួយ​ថែរក្សា នូវ​សមិទ្ធផល​ផ្សេងៗ ដែល​យើង​មាននៅ​ថ្ងៃនេះ ទុក​ប្រើប្រាស់​បានយូ​អង្វែង ទៅ​ថ្ងៃក្រោយ ៕/V