ដោយៈ មុនី រ័ត្ន សន្ទុក / ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​ស្នងការ ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ចុះទៅ​ធ្វើ អធិការកិច្ច ត្រួតពិនិត្យ រក​ឲ្យ​ឃើញ​អំពី​មូលហេតុ​ពិត ដែល​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ នៅពេល​ចុះបង្ក្រាប​ទីតាំង​ហាង កាហ្វេ​ជល់​មាន់ អន​ឡាញ​។​

​ការបញ្ជា​បែបនេះ បាន​ត្រូវធ្វើឡើង នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​មាន​សារព័ត៌មាន និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ផ្សព្វផ្សាយ អំពី​ករណី​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ ចុះបង្ក្រាប​ទីតាំង​ហាង​កាហ្វេ ជល់​មាន់ អន​ឡាញ មួយកន្លែង ស្ថិតនៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ហើយ​បាន​ឃាត់ខ្លួន​ជនរងគ្រោះ ចាប់​ដាក់​រថយន្ត យកទៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​តាមផ្លូវ ជនរងគ្រោះ មាន​អា​ការៈមិន​ស្រួលខ្លួន ក៏បាន​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។

​តាមរយៈ​សារ​សំឡេង​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែល​បាន​ផ្សព្វផ្សាយ ជា​សាធារណៈ នៅ​ថ្ងៃទី​៩ ខែសីហា នេះ គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ ឃាត់ខ្លួន​មន្ត្រី​កងរាជអាវុធហត្ថ​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ ក្នុង​ការចុះ​ប្រតិបត្តិការ បង្ក្រាប​ទីតាំង​ហាង​កាហ្វេ ជល់​មាន់ អន​ឡាញ មួយកន្លែង ស្ថិតនៅ​ភូមិ​រូង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រង់ចាំ​ការស្រាវជ្រាវ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​សង្កត់ធ្ងន់ថាៈ “ ខ្ញុំ​សុំ​ឲ្យ​ឃាត់ខ្លួន​មនុស្ស​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ ទុក​ម្តុំ​សិន អ្នក​ដែល​ចុះទៅ​អនុវត្ត រង់ចាំ​ការស្រាវជ្រាវ បើ​ការស្រាវជ្រាវ រកឃើញថា អ្នក​ដែល​បាន​ស្លាប់ គឺ​ស្លាប់​ដោយសារតែ​ទារុណកម្ម របស់​កងរាជអាវុធហត្ថ បុគ្គល​ណា អ្នកប្រព្រឹត្ត គឺ​ត្រូវតែ​កសាង​សំណុំរឿង អនុវត្ត​ច្បាប់ ចំពោះ​បុគ្គល​នោះ ដោយ​គ្មាន​ការយោគយល់​ទេ​។ ខ្ញុំ​សូម​ឲ្យ​មេបញ្ជាការ​អាវុធហត្ថ ខេត្តកំពង់ធំ យកចិត្តទុកដាក់​ធ្វើ​កិច្ចការងារ​នេះ ជាមួយ​ក្រុមការងារ ដែល​ចុះ​ទៅនេះ ដោយ​ម៉ឹងម៉ាត់​បំផុត គឺ​មិនអាច​អត់ឱន​ឲ្យ​បានទេ ។ … មិន​បណ្តែតបណ្តោយ​ឲ្យ​អស់លោក ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទេ បើ​លោក​ឯង ធ្វើ​របៀប​នឹង ក្មេងៗ​ជំនាន់​ក្រោយ វា​នឹង​សង្កត់ ក លោក​ឯង ” ។​

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ណែនាំ​ឲ្យ​មេបញ្ជាការ កងរាជអាវុធហត្ថ គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ពិសេស​គឺ ការអនុវត្ត​តួនាទី ភារកិច្ច ដែល​បណ្តាល ឲ្យ​មនុស្ស​របួស ឬ​ស្លាប់ ដោយសារតែ​សកម្មភាព​បំពេញ​តួនាទី ភារកិច្ច របស់​កងរាជអាវុធហត្ថ ហើយ​អ្នក​ដែល​ធ្វើ​ខុស គឺ​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់នៅមុននេះបន្តិចព្រលប់ថ្ងៃទី៩ខែសីហានេះ ថាមន្ត្រីអាវុធហត្ថខេត្តកំពង់ធំចំនួនជាង១០នាក់ ត្រូវបានឃាត់ខ្លួន និងផ្អាកការងាររបស់គាត់ បានន័យថា ព្យួរការងារសិន ដើម្បីបើកឲ្យការស៊ើបអង្កេតរបបស់គណៈកម្មការចំពោះកិច្ចស្រាវជ្រាវជុំវិញករណីការស្លាប់មនុស្សនៅពេលដែលក្រុមនឹងទៅធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស

ដោយឡែក លោកឧត្ដមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឱ្យដឹងមុននឹងបន្តិចថា សូមផ្ដាំផ្ញើទៅសាធារណជន ចំពោះករណីខាងលើនេះ សូមកុំទាន់កាត់ក្តីមុនការស្រាវជ្រាវ។លោកបញ្ជាក់បន្ថែមទៀតថាចំពោះលោកផ្ទាល់ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថាមិនកាន់ជើងអ្នកខុសនិងអ្នកខូចឡើយ។មិនចឹងទេនៅពេលដែលអធិការកិច្ចលើផ្ទៃប្រទេសធ្វើការស្រាវជ្រាវ ឃើញថាមានសាក្សី ភស្តុតាងគ្រប់គ្រាន់ ដែលបញ្ជាក់ថាកម្លាំងរបស់លោកធ្វើឱ្យស្លាប់ពិតមែនលោកសូមអនុវត្តតាមច្បាប់ជាធរមាន។

យោងតាមឱ្យដឹងពីបងប្អូនសាច់ញាតិ ជនរងគ្រោះសព ឈ្មោះ សួង ឌ័ន អាយុ ៤៧ឆ្នាំ ជាអនុភូមិក្រវ៉ា កាលវេលាម៉ោង ៥ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ខេត្តកំពង់ធំ មានកម្លាំងអាវុធហត្ថចាប់ខ្លួននៅទីតាំងហាងកាហ្វេជល់មាន់អនឡាញ ៕សរន