​ដោយៈ ប​.​ខុន / ភ្នំពេញៈ វិ​សម្ពាធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បានក្លាយ​ទៅជា​កូន​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន (MULAN) នៅ​ខាងកើត​កោះ​ហៃណាំ ដោយមាន​ដំណើរ ទៅរក​ឆ្នេរ​ប្រទេស​ចិន នៅ​ខាងជើង​កោះ​ហៃណាំ ហើយ​ដើរ​ស្រប​ឆ្នេរ ចូលទៅ​ឈូង​សមុទ្រ​តុងកឹង មុននឹង​ទៅដល់​ឆ្នេរ​របស់​ប្រទេស​វៀតណាម ខាងជើង នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា នោះ ធ្វើ​នៅ​កម្ពុជា មាន​ភ្លៀងរលឹម ខ្យល់ នៅ​តំបន់​មាត់សមុទ្រ និង​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​ខ្ពង់រាប ភាគ​ខាងជើង និង​ភាគ​ឦសាន ជាពិសេស តាម​ព្រំដែន​កម្ពុជា ឡាវ បង្កឱ្យមាន​ជា​ទឹកជំនន់ នៅក្នុង​ខេត្ត​ចំប៉ា​សាក់​របស់ ប្រទេស​ឡាវ ធ្វើឱ្យ​ទឹកទន្លេ​ទាំងបី នៅក្នុង​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​ខ្លាំង​ដែរ នៅថ្ងៃនេះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ល្ងាច​ថ្ងៃទី​៩ ខែសីហា​ថាៈ វិ​សម្ពាធ នៅក្នុង​សមុទ្រ ចិន​ខាងត្បូង កាលពីពេល​ព្រឹក​ថ្ងៃទី​៩ ខែសីហា នៅ​ល្ងាច​នេះ វា​បាន​ក្លាយទៅជា​កូន​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន (MULAN) នៅ​ខាងកើត​កោះ​ហៃណាំ ដោយ​បន្តដំណើរ​ទៅ​ឆ្នេរ​ប្រទេស ចិន​នៅ​ខាងជើង​កោះ​ហៃណាំ រួច​ដើរ​ស្របតាម​ឆ្នេរ ចូលក្នុង​ឈូង​សមុទ្រ​តុងកឹង មុននឹង​ទៅដល់​ឆ្នេរ​របស់​ប្រទេស​វៀតណាម ខាងជើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បានបញ្ជាក់​ថាៈ ឥទ្ធិពល​របស់​កូន​ព្យុះ​នេះ ធ្វើឱ្យមាន​ភ្លៀងរលឹម លើ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​, មាន​ភ្លៀង​ច្រើន នៅ​តំបន់​ខ្ពង់រាប ភាគ​ខាងជើង និង​ខ្ពង់រាប​ភាគ​ឦសាន ជាពិសេស​នៅតាម​ព្រំដែន​កម្ពុជា ឡាវ ដែលមាន​ភ្លៀង​ធ្លាក់ រហូតដល់​ជាង ២០០ មី​លី​ម៉ែត្រ កាលពី​ថ្ងៃទី​៨ ខែសីហា ធ្វើឱ្យមាន ទឹកជំនន់ នៅក្នុង​ខេត្ត​ចំប៉ា​សាក់ របស់​ប្រទេស​ឡាវ រហូតដល់​ធ្វើឱ្យមាន​ការជម្លៀស ប្រជាពលរដ្ឋ ទៅរក​ទីទួល​សុវត្ថិភាព​។​

​ឯ​ទន្លេ​ទាំងបី នៅ​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដូចជា ទន្លេសេសាន ស្រែ​ពក និង ទន្លេសេកុង មានទឹក​ចាប់ផ្តើម​កើនឡើង​ខ្លាំង​ដែរ នៅថ្ងៃនេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៩ ខែសីហា បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​ថាៈ នៅ​ចន្លោះ​ពីថ្ងៃ​ទី ១០ ដល់ ១៣ ខែសីហា ប្រទេស​កម្ពុជា ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូសបន្លាយ​កាត់​លើ​ភាគ​ខាងជើង ប្រទេស​ថៃ , ឡាវ​, វៀតណាម រួម​ជាមួយនឹង​ឥទ្ធិពល​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន (MULAN) ដែលមាន​ដំណើរ​ឆ្ពោះទៅ ភាគ​ខាងជើង នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១១ ខែសីហា​។​

​ក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ នៅ​អំឡុង​ពេលនោះ ខ្យល់មូសុង​និរតី បន្ត​បក់​ខ្លាំង មកលើ​តំបន់​មាត់សមុទ្រ​។ បន្ទាប់ពីនោះ ប្រទេស​កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ​។ អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម ក្នុងនោះ អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៣ ទៅ ២៥ អង្សា​សេ និង សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃទី​១០ ដល់ ១២ ខែសីហា អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ ។ បន្ទាប់ពីនោះ ភ្លៀង​នឹង​ថមថយ មក​ក្នុង​កម្រិត ពី​តិច​ទៅ​មធ្យម​៕/V​