ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្វា​ន វ៉ាន់​ហ្សា​ង (Phan Van Giang) បាន​សម្តែង​នូវ​ការអបអរសាទរ និង​គាំទ្រ​ផងដែរ ចំពោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស ប្រជាជន​កម្ពុជា​លើក​ទី​៤៣ បោះឆ្នោត​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​និង​បាន​ជូនពរ​ឱ្យ​ការ បោះឆ្នោត​ថ្នាក់ជាតិ​ក្នុង​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ ។

​ការអបអរសាទរ​នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​ក្នុងឱកាស​នៃ​ការបំពេញ ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​សាធារណរដ្ឋ​សង្គម​និ​យ​វៀតណាម​កាលពី​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ ។

 

​ក្នុងជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន​លោក ផ្វា​ន វ៉ាន់​ហ្សា​ង អំពី​ទំនាក់ទំនង​កិច្ច សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ជាមួយនឹង​បណ្តា​ស្ថាប័ន​-​កងឯកភាព​ជាច្រើន​នៃ​កងទ័ព​ប្រជាជន​វៀតណាម តាមរយៈ​សកម្ម​ភាពជា​ច្រើន​ទាំង​ការអប់រំ​បណ្តុះបណ្តាល​ធន មនុស្ស​, ការផ្លាស់ប្តូរ​គណៈប្រតិភូ​, លំ​ហាត់​ហ្វឹកហ្វឺន​រួម​, ការផ្តល់​ជំនួយ​យោធា​និង​សម្ព័ន្ធមេត្រីភាព​រវាង អង្គភាព និង​អង្គភាព​។ ឆ្លងតាម​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​ថ្នាក់ដឹកនាំ​អគ្គសេនាធិការ​នៃ​កងទ័ព​ប្រជាជន វៀតណាម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ស្នើសុំ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ផ្តល់​ការគាំទ្រ​លើ​ទិសដៅ​សំខាន់ៗ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​កងទ័ពជើងគោក ដែល​បាន​ឯកភាពគ្នា សំដៅ​ធ្វើយ៉ាងណា​បន្ត​ថែរក្សា​ចំណង​សាមគ្គីភាព​មិត្តភាព​ការទុកចិត្ត​គ្នា​និង​ការ​សហការគ្នា​ឱ្យបាន​ស្អិតរ​មួ​ត​បន្ថែមទៀត​ដើម្បី​កសាង​និង​ការពារ​ប្រទេស​ទាំងពីរ​តាមរយៈ​ការធានាបាន​នូវ​ព្រំដែន​សន្តិភាព​និង​ការអភិវឌ្ឍ​រួម​សម្រាប់​ទាំងអស់គ្នា​។​

​ជាការ​ឆ្លើយតប រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ថ្មីៗ​នេះ កម្ពុជា​ក៏​ទើប​ទទួលបាន​ជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ADMM​។ ទន្ទឹមនឹងនេះ​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និង​រីករាយ​ចំពោះ​ទំនាក់ទំនង​ដែល​បាន​ឈាន​ឡើងដល់​កម្រិត ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារជាតិ​ព្រំដែន​គោក កម្ពុជា​-​វៀតណាម ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​លើក​ទី​១ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅនេះ និង​កិច្ចប្រជុំ​ត្រីភាគី​រដ្ឋមន្ត្រី​ការពារជាតិ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) ព្រមទាំង​ការត្រៀម​ធ្វើ​លំ​ហាត់​រួម​ត្រីភាគី​ស្ដីពី​ការសង្គ្រោះ​គ្រោះមហន្តរាយ កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២២ នាទី​ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​ការគាំទ្រ​ចំពោះ​ទិសដៅ​ដែល​បាន​ឯកភាពគ្នា សំដៅ​ធ្វើយ៉ាងណា​បន្ត​ថែរក្សា និង​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ ព្រម​ជាមួយនឹង​ការរួម​គ្នា​សំលឹងមើល​សក្តានុពល​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ពេលអនាគត​៕​សរន​