ពលរដ្ឋ​ប្រមាណ​០៣​ពាន់​នាក់ ទទួល​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​

1044
ចែករម្លែក

​ដោយ : ពៅ និមល​/ ភ្នំពេញ ៖ ស្របតាម​អនុសាសន៍​និង​ការយកចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រុមការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ដល់ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត​មាន​របស់ ប​.​ស​.​ស បាន​ឲ្យ​ដឹងថា ក្រៅពី​ធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​នៅនឹងកន្លែង ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជាង​១៥០​នាក់ បានធ្វើការ​ពិនិត្យ​ជំងឺ​និង​ព្យាបាល​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី និង​បងប្អូន​ប្រជាពលរដ្ឋ​នៅនឹងកន្លែង​ចំនួន ២.៩៣២​នាក់ និង​បាន​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៤០​នាក់​ផ្សេងទៀត​។​

​ក្រោយពី​ធ្វើការ​សំណេះសំណាល ពិនិត្យ​និង​ព្យាបាល​ជំងឺ ក្រុមការងារ ប​.​ស​.​ស និង TYDA បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដោយផ្ទាល់ និង​បាន​ពន្យល់​ដល់​ពួកគាត់​អំពី​ការថែរក្សា​សុខភាព សុវត្ថិភាព និង​អនាម័យ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ ទន្ទឹម​នោះ ក្រុមការងារ ប​.​ស​.​ស ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ជូន​ដល់​កម្មករនិយោជិត​នៅតាម​ខ្នង​ផ្ទះ ដើម្បី​បង្កើន​ការយល់ដឹង​បន្ថែម​និង​យល់​កាន់តែច្បាស់​អំពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​មកលើ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង មិន​ថា​ទីជិត​ឬ​ទី​ឆ្ងាយ​៕B

ទីតាំងផ្សាយពាណិជ្ជកម្ម