ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ស៊ី​ហ្គេម​នៅ​កម្ពុជា​ឆ្នាំ​២០២៣ នឹង​ងាក​មក​រៀបចំ​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​ឡើងវិញ បន្ទាប់ពី​ស៊ី​ហ្គេម ២ លើក ចុងក្រោយ បាត់បង់​ស្ដង់ដារ​ខ្លះ ព្រោះ​បញ្ហា​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩​។​​នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ពីរ កាលពី​ថ្ងៃទី​៩ សីហា ម្សិលមិញ​នេះ​។

​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ សំខាន់​ផ្ដោតលើ​បញ្ហា​ចំនួន​២​គឺៈ ទី​១-​ពិនិត្យ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ និង​ពិធី​រត់​ភ្លើង​គប់ និង​ទី​២-​ពិនិត្យ​​របាយការណ៍​គណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន​។

​លោក​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​ថាៈ ស៊ី​ហ្គេម​នៅ​កម្ពុជា នឹង​ងាក​មក​រៀបចំ​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​ឡើងវិញ បន្ទាប់ពី​ស៊ី​ហ្គេម ២ លើក ចុងក្រោយ បាត់បង់​ស្ដង់ដារ​ខ្លះ ព្រោះ​បញ្ហា​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩​។

​ដោយឡែក អគ្គលេខាធិការ CAMSOC លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថាៈ ពិធី​សុំ​ភ្លើង​អាទិទេព គឺ​អនុវត្តតាម ស​.​ជ​.​ណ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ជ្រើស​យក​សេណារីយោ​ទី​១ ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព នៅ​ប្រាសាទអង្គរវត្ត ដោយមាន​ការបែងចែក​តួនាទី​ភារកិច្ច​គ្នា និង​រៀបចំ​កម្មវិធី​ច្បាស់លាស់ ចាប់​ពីថ្ងៃ​កម្មវិធី រហូតដល់​ពិធី​ដង្ហែ​ភ្លើង​គប់ ទាំង​ក្នុង​និង​តាម​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​បង្ហាញ​ពី​ការ​ខិតជិត​មកដល់ នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ អស់​រយៈពេល ៦៤ ឆ្នាំ​។

​លោក​អគ្គលេខាធិការ បាន​បន្ដថាៈ នេះ​គឺជា​ចំណុច​សំខាន់ ដែល​លោក​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍​ច្បាស់លាស់​ថា យើង​ធ្វើជា​គំរូ​មួយ ដែល​ស៊ី​ហ្គេម​លើក​មុនៗ (២​លើកចុងក្រោយ​) ដោយសារ​បញ្ហា​កូ​វីដ​-១៩ ធ្វើ​ឲ្យ​បាត់បង់​ស្ដង់ដារ​ខ្លះ​។ ហេតុនេះ ពេលនេះ យើង​ងាក​មក​រៀបចំ​ឲ្យ​ត្រូវ​តាម​គន្លង នៃ​ស្ដង់ដារ​កីឡា​ឡើងវិញ​។ យើង​ឃើញ​ហើយ​ថា ការរត់​ភ្លើង​គប់ ការយក​ភ្លើង​គប់ នៅក្នុង​ទី​ស្ថាន​របស់​អាទិទេព​មួយ ដែលមាន​ភាព​ស័ក្ដិសិទ្ធិ មាន​ភាពជឿជាក់ ថា​ហើយ​ទី​ស្ថាន​អាទិទេព មានតែ​ប្រាសាទអង្គរវត្ត​របស់​យើង ដែល​ល្បីល្បាញ​លើ​ពិភពលោក ក៏ដូចជា សម្រាប់​ទីសក្ការៈ នៃ​អាទិទេព សម្រាប់​អាស៊ីអាគ្នេយ៍ ទៀតផង​។

​ប្រទេស​អាស៊ាន នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក៏​គេ​មើលឃើញ​ដូច្នេះ​ដែរ​។ គេ​មើលឃើញថា កម្ពុជា បានរៀបចំ​ត្រឹមត្រូវ ព្រោះ​មើលឃើញ​កន្លែង​មាន​លក្ខណៈពិសេស​ត្រឹមត្រូវ ដែល​អាស៊ាន គួរ​យក​ធ្វើ​គំរូ​។​ប៉ុន្ដែ​នេះ​គ្រាន់តែ​យើង​បង្ហាញ និង​ធ្វើជា​គំរូ​គេ​ប៉ុណ្ណោះ​។

​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ថាៈ ” ប្រសិនបើជា​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​មើលឃើញ​ភាពចាំបាច់ សម្រាប់​ប្រទេស​ផ្សេងៗ​ថា រាល់​ស៊ី​ហ្គេម​ទាំងអស់ ត្រូវ​មក​យក​ភ្លើង​គប់​នៅ​ហ្នឹង (​ប្រាសាទ​អង្គរ​) ដូច​ព្រឹត្តិការណ៍​អូឡាំពិក ដែល​ទៅយក​ភ្លើង​គប់ នៅ​ភ្នំ​អូ​ឡាំ​ព្យា​ដ នា​ប្រទេស​ក្រិច​ដូចគ្នា យើង​នឹង​ស្វាគមន៍ យើង​នឹង​ក្លាយជា​ប្រទេស ដែល​ផ្ដើមចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ដ៏​ល្អ​មួយ សម្រាប់​មនុស្សជាតិ និង​ប្រទេស​ទាំងអស់ នៅក្នុង​អាស៊ាន មិនមែន​សម្រាប់តែ​កម្ពុជា​នោះទេ​”​។

​លោក​អគ្គលេខាធិការ បានចាត់ទុក​ថាៈ នេះ​គឺជា​ចំណុច​សំខាន់​មួយ ក្នុងនាម​កម្ពុជា ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ដែល​ត្រូវ​រៀបចំ​តាម​ស្ដង់ដារ​ពិសេស​អនុវត្តតាម​ធម្មនុញ្ញរ​បស់​ស៊ី​ហ្គេម ដែល​គោរព​ទៅតាម​ធម្មនុញ្ញ​របស់​អូឡាំពិក​៕/V​