​ដោយៈ​ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នេះ នៅ​សាលប្រជុំ​សាលាខេត្ត ដើម្បី​ពិគ្រោះ​យោបល់ លើ​ការរៀបចំ​ផែនការ​កិច្ចការពារ​កុមារ​ក្នុង​ខេត្ត​រយ​:​ពេល ៣ ឆ្នាំ ចាប់ពី​ឆ្នាំ​២០២៣ ដល់ ២០២៥ ក្រោម​អធិបតីភាព​លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង​។

​បន្ទាប់ពី​ការចូលរួម​ផ្ដល់​មតិ របស់​តំណាង​ក្រសួង​ពាក់ព័ន្ធ និង​តំណាង​អង្គការ​ជា​ដៃគូ លើ​ការងារ​មួយចំនួន ដែល​ទាក់ទង​ទៅនឹង​កិច្ច ការពារ​កុមារ​រួចមក លោកស្រី តុង ណា​រី​ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត បាន​មានប្រសាសន៍​បើក​អង្គប្រជុំ​នោះ​ថាៈ កុមារ គឺជា​ទំពាំង​ស្នង​ឫស្សី សម្រាប់​បន្តវេន​ទៅ​ថ្ងៃ​អនាគត ហើយ​ចាប់តាំងពី​ប្រទេស​កម្ពុជា បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​សមិទ្ធផល​ជាច្រើន គួរឱ្យកត់សម្គាល់ រួមទាំង​ការផ្តល់​សច្ចាប័ន​លើ​លិខិត​តូ​បក​រណ៍​អន្តរជាតិ ការបង្កើត​ច្បាប់​ជាតិ លិខិតបទដ្ឋាន គតិយុត្ត ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ជាតិ​ពាក់ព័ន្ធ​និង​កុមារ​។

 

​លោកស្រី បាន​បន្តថាៈ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានធ្វើ​ឲ្យ​មាន​សុខសន្តិភាព​ពេញលេញ ធ្វើ​ឲ្យ​ស្ថានភាព​សង្គម មាន​លក្ខណៈ​ល្អប្រសើរ កុមារ ត្រូវបាន​លើកស្ទួយ និង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​បួន មាន​លក្ខណៈ​ល្អប្រសើរ​ជា​លំដាប់​។ ដោយឡែក កុមារ​នៅ​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​កុមារ​ទូទាំងប្រទេស​ដែរ ត្រូវបាន​រាជរដ្ឋាភិបាល ជំរុញ​ការយកចិត្តទុកដាក់​ថែទាំ ការពារ ពិសេស​ពី​ថ្នាក់ដឹកនាំ​ខេត្ត គណៈកម្មាធិកា​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្ត ក្រុង ស្រុក មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដោយ​ភាព​ទទួលខុសត្រូវ​តាម​បណ្តា​មូលដ្ឋាន សហគមន៍​រៀងៗ​ខ្លួន ប៉ុន្តែ កុមារ​មួយចំនួន កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​រងគ្រោះ និង​ងាយ​រងគ្រោះ ដែល​បណ្តាលមកពី​កត្តា​ជីវភាព​ក្រីក្រ អំពើហិង្សា​ក្នុង​គ្រួសារ ការកេងប្រវ័ញ្ច​ពលកម្ម ការរង​ផលប៉ះពាល់​ដោយ ជំងឺ​កូ​វីដ​១៩ ការកេងប្រវ័ញ្ច​ផ្លូវភេទ គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ធម្មជាតិ និង​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ជាដើម​។

​លោកស្រី បានស្នើ​ឲ្យ​សមាជិក សមាជិកា​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ស្តាប់​នូវ​ការធ្វើ​បទ​បង្ហាញ​សង្ខេប​ខ្លឹមសារ នៃ​ផែនការ​កិច្ចការពារ​កុមារ ផ្តោតលើ​ការថែទាំ​ជំនួស និង​អំពើហិង្សា​លើ​កុមារ និង​សូមឱ្យ​សមាជិក សមាជិកា​ទាំងអស់ ទទួលយក​ផែនការ​នេះ ទៅ​អនុវត្ត​នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ៕/V​