ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កសិករ​នៅ​ភូមិ ឃុំ​ខ្លះ នៅ​ស្រុក​មង្គល​បូរី បាន​ប្រាប់ឱ្យដឹង កាលពី​ថ្ងៃទី​៩ ខែសីហា​ថាៈ ស្រូវប្រាំង​ដើមរដូវ ឬ​ស្រូវស្រាល មិន​ប្រកាន់​រដូវ​នៅពេល​ច្រូតកាត់ នា​ខែសីហា ឆ្នាំ​២០២២ នេះ បាន​ទិន្នផល​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​វាប​មានតម្លៃ​លក់​ស្រូវ បាន​ថ្លៃ​ខ្ពស់ នៅ​ដំណាក់កាល​ដំបូងៗ នៃ​ការចាប់ផ្តើម​ប្រមូល​ផល​នេះ​។

​ប្រជាកសិករ ធ្វើ​ស្រូវប្រាំង​ដើមរដូវ​វស្សា ដូចខាងលើ នៅក្នុង​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាននិងកំពុង​មមាញឹក​ប្រមូល​ផល​ស្រូវ​។ ពួកគេ បាន​ប្រាប់​អ្នក​សារ ព័ត៌មាន​ថាៈ ស្រូវប្រាំង​ដើមរដូវ​វស្សា​របស់​ពួកគេ​មាន​ជួប​នូវ​បញ្ហា​គុណភាព បរិមាណ​ទិន្នផល និង​គុណវិបត្តិ​បន្ទាប់បន្សំ​មួយចំនួន ដែល​បណ្តាលមកពី​បម្រែបម្រួល​អាកាសធាតុ ដូចជា​ក្តៅ ត្រជាក់ កត្តា​ទឹក មិនសូវ​ល្អ ពិបាកធ្វើ ប្រេងឥន្ធនៈ និង​កម្រៃ​ពលកម្ម​ឡើងថ្លៃ ជី ថ្នាំ​សម្លាប់​សត្វល្អិត ក៏​ឡើងថ្លៃ ហើយ​បាន​ទិន្នផល​ទាប និង​មធ្យម តែប៉ុណ្ណោះ ពោលគឺ បាន​ទិន្នផល​ពី ៣ ទៅ ៣,៥ តោន ក្នុង​១​ហិកតា ទាប​ជាង​ការរំពឹងទុក ដែលថា​បាន​ពី ៤,៥ ទៅ ៥,៥ តោន​ក្នុង​១​ហិកតា ឬក៏​ទាប​ជាង​ស្រូវប្រាំង​ចុងរដូវ​វស្សា ដែល​បាន​ពី ៥ ទៅ ៦ តោន ក្នុង​១​ហិកតា ។

​ទោះបីជា​យ៉ាងណា កសិករ​ទាំងនោះ បាន​និយាយ​បន្ធូរ​បរិយាកាស​ថាៈ ទោះជា​ទទួលបាន​ទិន្នផល​ជា​មធ្យម​បែបនេះ​ក្ដី ប៉ុន្តែ​នៅ​ដំណាក់កាល​ចាប់ផ្តើម​ប្រមូល​ផល​នេះ ស្រូវ​របស់​ពួកគាត់ ទទួលបាន​តម្លៃ​ខ្ពស់ នៅពេល​ឈ្មួញកណ្តាល ចុះមក​ប្រមូល​ទិញ​ដល់​វាលស្រែ ឬក៏​ដឹកជញ្ជូន​តាម​មធ្យោបាយ​គោយន្ត ត្រាក់ទ័រ និង​រថយន្ត ទៅដល់​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន ឬ​ឃ្លាំង​ស្តុក​ជាដើម ពោលគឺ កសិករ លក់បាន​តម្លៃ​ពី ១០,៣ បាត (​ប្រាក់​ថៃ ) ឬ ១០០,៣០ ទៅ ១០០,៦០ រៀល​ក្នុង​១ គីឡូក្រាម ឬ ១០.៣០០ បាត ក្នុង ១​តោន​ស្រូវ (​ស្រូវពូជ​សែន​ក្រអូប អង្ករ​គ្រាប់​វែង បាយ​ទន់​) និង​បាន​ថ្លៃ ៧,៣ បាត (​ប្រាក់​ថៃ​) ឬ ៧០០,៣០ ទៅ ៧០០,៦០ រៀល ក្នុង​១​គីឡូក្រាម ឬ ៧.៣០០ ទៅ ៧.៦០០ បាត ក្នុង​១​តោន​ស្រូវ (​សម្រាប់​ពូជស្រូវ​ដើម​ទាប អ៊ី​អ៊ែរ​លេខ​៥៤ ឬ​ពូជស្រូវ​វៀតណាម​បង្កាត់​ហៅ​ណាំ​បូ​ង​) ។

​ឆ្លៀតឱកាស​នេះ កសិករ បាន​សំណូមពរ​ដល់​មន្ត្រី​ពាណិជ្ជកម្ម ផ្នែក​ឯកជន ស​ភ​ពាណិជ្ជកម្ម មន្ត្រី​អាជ្ញាធរ​ដែនដី ជួយ​ធ្វើការ​អន្តរាគមន៍​ជាមួយ​ឈ្មួញកណ្តាល ដើម្បី​ទប់​លំនឹង​តម្លៃ​ស្រូវ ឱ្យនៅ​ថ្លៃ​ខ្ពស់​គួរសម​ដូចនេះ​។

​កសិករ​ទាំងនោះ ក៏​ស្នើសុំ​អន្តរាគមន៍ ពី​មន្ត្រី​ជំនាញ​ក្សេត្រសាស្ត្រ និង​កែលម្អ​ដី​កសិកម្ម ចុះ​ធ្វើការ​ប្រឹក្សា អប់រំ​ផ្នែក​បច្ចេកទេស​ធ្វើ​ដី ប្រើប្រាស​ជី ថ្នាំ​សម្លាប់​សត្វល្អិត ជ្រើសរើស​ពូជ និង​មន្ត្រី​ធនធានទឹក ជួយ​លើ​បច្ចេកទេស​ប្រើប្រាស់​ទឹក​ស្រោចស្រព ជាដើម ៕/V​