​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៩​សីហា​ថា​មាន​ភស្តុតាង​ច្រើន​ឡើង​អំពី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំមុន​។​

​យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​របស់​អ​.​ស​.​ប​សម្រាប់​មី​យ៉ាន់​ម៉ា (IIMM) បាន​និយាយថា​ខ្លួន​បាន​ប្រមូល​ភស្តុតាង​ច្រើន​ឡើង​អំពី​ការរំលោភបំពាន​ក៏ដូចជា​តម្រុយ​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​បង្ហាញ​​ពី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត​។​

​របាយការណ៍​មួយ​សរសេរថា “​យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​របស់​អ​.​ស​.​ប​បាន​ប្រមូល​ភស្តុតាង​ព័ត៌មាន​យ៉ាងច្រើន រួម​ទាំង​វីដេអូ រូបថត និង​ឯកសារ​នានា​ដែល​អាច​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​​ជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​បាន​ប្រព្រឹត្ត​នៅ​ទូទាំង​ប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​បុគ្គល​ផ្សេងៗ​គ្នា​ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ​២០២១”​។​

​យោធា​មី​យ៉ាន់​ម៉ា​បាន​ដណ្តើម​អំណាច​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ​ឆ្នាំ​មុន ដោយ​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​និង​ចាប់ខ្លួន​មេដឹកនាំ​ជាក់ស្តែង​របស់​ខ្លួន គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ របប​យោធា​បាន​ធ្វើ​ការបង្ក្រាប​យ៉ាង​បង្ហូរឈាម​លើ​អ្នកប្រឆាំង​។

​ប្រធាន IIMM លោក នី​កូឡាស គូ​ម​ចៀន (Nicholas Koumjian) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ត្រូវតែ​ដឹង​ខ្លួន​ថា​ពួកគេ​មិន​អាច​បន្ត​​ធ្វើ​សកម្មភាព​ដោយ​និទណ្ឌភាព​បានទេ​។ យើង​កំពុង​ប្រមូល​និង​រក្សា​ទុក​ភស្តុតាង​ដើម្បី​ចាប់​ពួកគេ​ឱ្យ​ទទួលខុសត្រូវ​នៅ​ថ្ងៃ​ណាមួយ​”​។​

IIMM ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ​.​ស​.​ប​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ ដើម្បី​ប្រមូល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​បំផុត និង​ការរំលោភច្បាប់​អន្តរជាតិ​និង​រៀបចំ​ឯកសារ​​សម្រាប់​ការកាត់ទោស​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ចាប់តាំងពី​ឆ្នាំ ២០១១​។​

​មាន​ទីតាំង​នៅ​ទីក្រុង​ហ្សឺ​ណែ​វ IIMM បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ខែ​សីហា ឆ្នាំ ២០១៩ ហើយ​បាន​រាយការណ៍​ជា​រៀងរាល់​ឆ្នាំ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​មហាសន្និបាត​អ​.​ស​.​ប​៕

​បាតុករ​មី​យ៉ាន់​ម៉ា​តវ៉ា​នៅមុខ​ស្ថានទូត​មី​យ៉ាន់​ម៉ា​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២