​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ពូជ​ឆ្កែ​ប៊ី​ហ្គ​ល (Beagle) ប្រហែល ៤.០០០ ក្បាល​កំពុង​ស្វែងរក​ផ្ទះ​ថ្មី​នៅក្នុង​សហរដ្ឋ​អាម៉េរិក​បន្ទាប់ពី​អង្គការ​សង្គ្រោះ​សត្វ​នានា​បាន​ចាប់ផ្តើម​យក​ពួកវា​ចេញ​​ពី​ទីតាំង​មួយ​នៅ​រដ្ឋ​វើជី​នៀ ដែល​បង្កាត់​ពួកវា​ដើម្បី​លក់​ទៅ​មន្ទីរពិសោធន៍​នានា​សម្រាប់​ការពិសោធ​ថ្នាំ​។​

​លោកស្រី ឃី​ត​ធី ប្លុក (Kitty Block) ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​សង្គម​មនុស្សធម៌​សហរដ្ឋ​អាម៉េរិក បាន​និយាយថា “​វា​នឹង​ត្រូវ​ចំណាយពេល ៦០ ថ្ងៃ​ដើម្បី​យក​សត្វ​សុនខ​ទាំងនេះ​ចេញ ហើយ​យើង​កំពុង​ធ្វើការ​ជាមួយ​ទីជម្រក​និង​ដៃគូ​ជួយ​សង្គ្រោះ​របស់​យើង​នៅ​ទូទាំង​ប្រទេស​…​ដើម្បី​ឱ្យ​ឆ្កែ​ទាំងនេះ​បាន​ចូល​ទៅ​ទីជម្រក​ជា​ទី​ស្រឡាញ់​មិន​ធ្លាប់​មាន​ពីមុនមក​”​។​

​ជម្រក​នានា​ចាប់ពី​ទីក្រុង​សៅ​អែល​ជីន (South Elgin) រដ្ឋ​អ៊ី​ល​លីណ​យ (Illinois) រហូត​ដល់​ទីក្រុង​ភី​ត​ស្បឺក (Pittsburgh) បានចាប់ផ្តើម​ទទួល​សត្វ​ឆ្កែ​ទាំងនេះ​ដែល​នឹង​ទទួលបាន​​ការ​ពិនិត្យ​សុខភាព ការចាក់​ថ្នាំ​បង្ការ និង​ការព្យាបាល​ផ្សេងៗ​ទៀត មុន​ពេល​ដាក់​ឱ្យ​គេ​យក​ទៅ​ចិញ្ចឹម​។​

​កាលពី​ខែ​ឧសភា ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​ប្តឹង​ក្រុមហ៊ុន Envigo RMS LLC ដោយ​ចោទប្រកាន់​ថា​មាន​ការរំលោភច្បាប់​សុខុមាលភាព​សត្វ​នៅ​ឯ​មជ្ឈមណ្ឌល​របស់​ខ្លួន​នៅ​ទីក្រុង​ខាំ​បឺ​លែ​ន (Cumberland) រដ្ឋ​វើជី​នៀ​។​

​នៅក្នុង​ខែ​មិថុនា ក្រុមហ៊ុន​មេ Inotiv Inc បាន​និយាយថា ខ្លួន​នឹង​បិទ​មណ្ឌល​នេះ​។ នៅ​ខែ​កក្កដា ក្រុមហ៊ុន Envigo បាន​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល ដោយ​មិន​បង់ប្រាក់​ពិន័យ​ណាមួយ​ឡើយ​។​

​អធិការ​រដ្ឋាភិបាល​បាន​រក​ឃើញ​សត្វ​ឆ្កែ​នៅ​ទី​នោះ​ត្រូវបាន​សម្លាប់​ជំនួស​ឱ្យ​ការទទួលបាន​ការថែទាំ​សម្រាប់​ជំងឺ​ដែល​ងាយស្រួល​ព្យាបាល​។​អង្គការ​សង្គម​មនុស្ស​ធម៌​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេច​​ក្តី​ថ្លែង​ការណ៍មួយ​ថា មេ​ឆ្កែ​ប៊ី​ហ្គ​ល​ត្រូវ​បាន​បដិសេធ​អាហារ អាហារ​ដែល​ពួក​វា​បាន​ទទួល​នោះ​មាន​ដង្កូវ ផ្សិត និង​លាមក ហើយ​ក្នុង​អំឡុង​រយៈពេល​ប្រាំបី​សប្តាហ៍ កូន​ឆ្កែ​ប៊ី​ហ្គ​ល ២៥​ក្បាល​បាន​ងាប់​ដោយ​​សារ​ប៉ះពាល់​នឹង​ភាព​ត្រជាក់​។​

​អង្គការ​បាន​បន្ថែមថា ឆ្កែ​ខ្លះ​បាន​រងរបួស​នៅ​ពេល​ត្រូវ​បាន​វាយប្រហារ​ដោយ​សត្វ​ឆ្កែ​ផ្សេងទៀត​នៅក្នុង​ស្ថានភាព​កន្លែង​រស់នៅដ៏​ចង្អៀត​៕

ជ​ឆ្កែ​ប៊ី​ហ្គ​ល (Beagle) ប្រហែល ៤.០០០ ក្បាល​កំពុង​ស្វែងរក​ផ្ទះ​ថ្មី​នៅក្នុង​សហរដ្ឋ​អាម៉េរិក