ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក ង្វៀន សួន​ហ្វ៊ុ​ក ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​រសៀល ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ ។

​ក្នុងជំនួប​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន​លោក ង្វៀន សួន​ហ្វ៊ុ​ក អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ច​សហ​ប្រតប​ត្តិ​ការ រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន​កន្លង​មក ហើយ​ឆ្លងតាម​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​ថ្នាក់ដឹកនាំ​អគ្គសេនាធិការ នៃ​កងទ័ព​ប្រជាជន​វៀតណាម និង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស​វៀតណាម លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ស្នើសុំ​លោក ប្រធាន​រដ្ឋ ផ្តល់​ការគាំទ្រ​លើ​ទិសដៅ​សំខាន់ៗ នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​កម្រិត​កងទ័ពជើងគោក ដែល​បាន​ឯកភាពគ្នា សំដៅ​ធ្វើយ៉ាងណា​បន្ត​ថែរក្សា​ចំណង​សាមគ្គីភាព មិត្តភាព ការទុកចិត្ត​គ្នា និង​ការ​សហការគ្នា ឱ្យបាន​ស្អិតរ​មួ​ត​បន្ថែមទៀត ដើម្បី​កសាង និង​ការពារ​ប្រទេស​ទាំងពីរ តាមរយៈ​ការធានាបាន នូវ​ព្រំដែន​សន្តិភាព និង​ការអភិវឌ្ឍ​រួម សម្រាប់​ទាំងអស់គ្នា​។

​ជាការ​ឆ្លើយតប លោក​ប្រធាន​រដ្ឋ នៃ​សាធារណ​សង្គមនិយម​វៀតណាម បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ តាំងពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន និង​បាន​គូសបញ្ជាក់​ផងដែរ អំពី​ការគាំទ្រ​ចំពោះ​ទិសដៅ ដែល​បាន​ឯកភាពគ្នា សំដៅ​ធ្វើយ៉ាងណា​បន្ត​ថែរក្សា និង​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ ដែលមាន​ស្រាប់ ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ ព្រម​ជាមួយនឹង​ការរួម​គ្នា​សំឡឹងមើល​សក្តានុពល​ថ្មីៗ​បន្ថែមទៀត​សម្រាប់​ពេលអនាគត​។

​ជាងនេះទៀត លោក​ក៏បាន​កោតសរសើរ អំពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​កំណើនសេដ្ឋកិច្ច ហួស​ពី​ការរំពឹងទុក ក្នុង​រយៈពេល ៦ ខែ​ដើម​ឆ្នាំនេះ ទោះបីជា​កន្លងមក ទទួលរង​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ និង​បានបញ្ជាក់​ផងដែរ​ថា ប្រទេស​វៀតណាម នៅតែ​បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុងនាម​ជា​អ្នកជិតខាង​ល្អជា​និច្ច​។

​ក្នុងឱកាស​នោះដែរ លោក ង្វៀន សួន​ហ្វ៊ុ​ក ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​ការគាំទ្រ​ផងដែរ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៣ បោះឆ្នោត​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នាពេល​អនាគត និង​បាន​ជូនពរ​ឱ្យ​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២០២៣ នៅ​កម្ពុជា ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ភាពជោគជ័យ​៕/V​