​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដែល​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជា​លើកដំបូង​នោះ គឺ​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។​

​អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​នោះ ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កម្ពុជា ទទួលបាន​ជោគជ័យ​ដ៏​ធំ​បំផុត មិនតែប៉ុណ្ណោះ ក្នុង​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី ដែល​ទើបនឹង​បញ្ចប់ទៅ​ថ្មីៗ​នេះ ក៏​កីឡាករ​ដែលមាន​ពិការភាព​របស់​កម្ពុជា ដណ្ដើមបាន ជោគជ័យ​ដ៏​អស្ចារ្យ​ដែរ ។​

​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ កម្ពុជា ដណ្ដើមបាន​មេដាយ រហូតដល់​ទៅ ៦៣ ​គ្រឿង ដែល​ក្នុងនោះ មេដាយមាស ចំនួន ៩ គ្រឿង មេដាយប្រាក់ ចំនួន ១៣ គ្រឿង និង សំរិទ្ធ ៤១ គ្រឿង​។​

​កត្តា​ដែល​សំខាន់​នោះ ប្រភេទ​កីឡា​មួយចំនួន ដែល​កន្លងមក ពុំ​ធ្លាប់​បានទទួល​មេដាយ​នោះ លើក​នេះ មាន​ជោគជ័យ​យ៉ាងខ្លាំង ដោយ​ប្រជែង​បាន​មេដាយ ដែល​នេះ​ជា​សញ្ញា​ដ៏​ប្រសើរ​​មួ​ួ​យ សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​មានប្រសាសន៍ថាៈ អ្វីៗ​ដែល​យើង​ទទួលបាន គឺ​ដោយសារ​ការចង្អុលបង្ហាញ​ផ្លូវ ពី​សំណាក់​លោក​ប្រធាន លោក​ឧកញ៉ា អនុប្រធាន គ្រូបង្វឹក និង​ការប្រឹងប្រែង​របស់​កូនៗ កីឡាករ កីឡាការិនី ទាំងអស់​។​

​សូមបញ្ជាក់ថា ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣១ កាយសម្ព័ន្ធ​រកបាន​មេដាយប្រាក់ ចំនួន ៣ គ្រឿង និង​សំរិទ្ធ ១ គ្រឿង​។​

​សម្រាប់​ប្រភេទ​កីឡាហែលទឹក ដែល​រង់ចាំ រាប់​ជំនាន់ គឺ​រយៈពេល​ជាង ៤០ ឆ្នាំ​ឯណោះ​ ​ទើប​រកបាន​មេដាយ​ឡើងវិញ នេះ​ជា​មោទនភាព​មួយ​របស់​កម្ពុជា ក្នុងការ​ត្រៀមខ្លួន សម្រាប់​​ឆ្នាំ​២០២៣ ។​

​ខាងក្រោម​នេះ ជា​ប្រវត្តិ​មេដាយ ដែល​កម្ពុជា ដណ្ដើមបាន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​១៩៥៩ ដែលមាន​កម្ពុជា គឺជា​ស្ថាបនិក​មួយ​ដែរ តែ​កម្ពុជា មិនបាន​ចូលរួម​ប្រកួត នៅ​លើកដំបូង​ឡើយ គឺ​ចាប់ពី​លើក​ទី​២ ទៅ ទើប​កម្ពុជា បាន​ចូលរួម​៖
-​លើក​ទី​២ ឆ្នាំ​១៩៦១៖ កម្ពុជា រកបាន​មេដាយ មាស​១ ប្រាក់​៦ សំរឹទ្ធ ៥ សរុប ១១ ។​
-​លើក​ទី​៣ ឆ្នាំ​១៩៦៥៖ រកបាន​មេដាយមាស ១៥ ប្រាក់​១៩ សំរឹទ្ធ​១៧ សរុប ៥១ ។​
-​លើក​ទី​៦ ឆ្នាំ​១៩៧១៖ មាស ១៧ ប្រាក់​១៨ សំរឹទ្ធ​១៨ សរុប ៥៣ ។​
-​លើក​ទី​៧ ឆ្នាំ​១៩៧៣៖ មាស​៩ ប្រាក់​១២ សំរឹទ្ធ​៣០ សរុប ៥១ ។​
-​លើក​ទី​១៤ ឆ្នាំ​១៩៨៧៖ ប្រាក់​១ សំរឹទ្ធ​៩ សរុប ១០ ។​
-​លើក​ទី​១៨ ឆ្នាំ​១៩៩៥៖ សំរឹទ្ធ ២ សរុប ២ ។​
-​លើក​ទី​១៩ ឆ្នាំ​១៩៩៧៖ សំរឹទ្ធ​៦ សរុប ៦ ។​
-​លើក​ទី​២១ ឆ្នាំ​២០០១៖ មាស​១ ប្រាក់​១ សំរឹទ្ធ​៥ សរុប ៧ ។​
-​លើក​ទី​២២ ឆ្នាំ​២០០៣៖ មាស​១ ប្រាក់​៥ សំរឹទ្ធ​១១ សរុប ១៧ ។​
-​លើក​ទី​២៣ ឆ្នាំ​២០០៥៖ ប្រាក់​៣ សំរឹទ្ធ​៩ សរុប ១២ ។​
-​លើក​ទី​២៤ ឆ្នាំ​២០០៧៖ មាស​២ ប្រាក់​៥ សំរឹទ្ធ​១១ សរុប ១៨ ។​
-​លើក​ទី​២៥ ឆ្នាំ​២០០៩៖ មាស​៣ ប្រាក់​១០ សំរឹទ្ធ​២៧ សរុប ៤០ ។​
-​លើក​ទី​២៦ ឆ្នាំ​២០១១៖ មាស​៤ ប្រាក់​១១ សំរឹទ្ធ​២៤ សរុប ៣៩ ។​
-​លើក​ទី​២៧ ឆ្នាំ​២០១៣៖ មាស​៨ ប្រាក់​១១ សំរឹទ្ធ​២៨ សរុប ៤៧ ។​
-​លើក​ទី​២៨ ឆ្នាំ​២០១៥៖ មាស​១ ប្រាក់​៥ សំរឹទ្ធ​៩ សរុប ១៩ ។​
-​លើក​ទី​២៩ ឆ្នាំ​២០១៧៖ មាស​៣ ប្រាក់​២ សំរឹទ្ធ​១២ សរុប ១៧ ។​
-​លើក​ទី​៣០ ឆ្នាំ​២០១៩៖ មាស​៤ ប្រាក់​៦ សំរឹទ្ធ​៣៦ សរុប ៤៦ ។​
-​លើក​ទី​៣១ ឆ្នាំ​២០២១ (​លើក​មក ២០២២) ៖ មាស​៩ ប្រាក់​១៣ សំរឹទ្ធ​៤១ សរុប​ចំនួន ៦៣ ។​

​សម្រាប់​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​វិញ នៅក្នុង​ការប្រកួត លើក​ទី​១១ ដែល​ទើបនឹង​​បញ្ចប់ទៅ​ថ្មីៗ​នេះ កម្ពុជា​ដណ្ដើមបាន​មេដាយ ចំនួន ២៨ គ្រឿង ដែល​ក្នុងនោះ មាស ៧ គ្រឿង ប្រាក់ ១០ គ្រឿង និង​សំរិទ្ធ ១១ គ្រឿង ។​

​សូម​មើល​ប្រវត្តិ​មេដាយ​របស់​កម្ពុជា ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម កន្លងមក​៖
-​លើក​ទី​១ ឆ្នាំ​២០០១ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ដណ្ដើមបាន​មេដាយមាស ១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង​សរុប​៣​គ្រឿង​។​
-​លើក​ទី​២ ឆ្នាំ​២០០២ នៅ​ប្រទេស​វៀតណាម កម្ពុជា ដណ្ដើមបាន​មេដាយមាស ១​គ្រឿង​ ​ប្រាក់ ៥ គ្រឿង និង​សំរិទ្ធ ៣ គ្រឿង សរុប ៩ គ្រឿង ។​
-​លើក​ទី​៣ ឆ្នាំ​២០០៥ នៅ​ប្រទេស​ហ្វីលីពីន កម្ពុជា ដណ្ដើមបាន​មេដាយ សរុប ៥ គ្រឿង​ ដែល​ក្នុងនោះ មេដាយប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ២ គ្រឿង ។​
-​លើក​ទី​៤ ឆ្នាំ​២០០៧ នៅ​ប្រទេស​ថៃ កម្ពុជា ដណ្ដើមបាន​មេដាយ ប្រាក់​១​គ្រឿង​ប៉ុណ្ណោះ​។​
-​លើក​ទី​៥ ឆ្នាំ​២០០៩ កម្ពុជា រកបាន​មេដាយ​សរុប ៧ គ្រឿង ក្នុងនោះ មាស ១​គ្រឿង ប្រាក់ ២​គ្រឿង និង​សំរិទ្ធ ៤ គ្រឿង​។​
-​លើក​ទី​៦ ឆ្នាំ​២០១១ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កម្ពុជា រកបាន​មេដាយ​សរុប ៧ ក្នុងនោះ មេដាយប្រាក់ ៥ គ្រឿង និង​សំរិទ្ធ ២ គ្រឿង​។​
-​លើក​ទី​៧ ឆ្នាំ​២០១៣ កម្ពុជា ដណ្ដើមបាន​មេដាយ​សរុប ចំនួន ៩ គ្រឿង ក្នុងនោះ មាស ៣ គ្រឿង ប្រាក់ ៤ គ្រឿង និង​សំរិទ្ធ ២ គ្រឿង​។​
-​លើក​ទី​៨ ឆ្នាំ​២០១៥ កម្ពុជា រកបាន​មេដាយ​សរុប ៩ គ្រឿង ក្នុងនោះ មាស ១​គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ៦ គ្រឿង ។​
-​លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា រកបាន​មេដាយ​សរុប​ចំនួន ១០ គ្រឿង​ ​ក្នុងនោះ មាស ៥ គ្រឿង និង​ប្រាក់ ៥ គ្រឿង​។​
-​លើក​ទី​១០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​លុបចោល ដោយសារ​ការ​រាតត្បាត នៃ​កូ​វីដ ១៩ ។​

​តាមរយៈ​ស​ន្ទ​ស្សន៍​មេដាយ ដែល​ដណ្ដើមបាន ក្នុង​ឆ្នាំ​២០២២ នេះ ទាំង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម កម្ពុជា មាន​ជំនឿ​ចិត្ត​ថា ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដែល​កាន់តែ​ល្អ សម្រាប់​កម្ពុជា ពិតជា​មិនខានឡើយ ៕/V​