​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្នុង​រយៈពេល ២៤ ម៉ោង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែសីហា បាន​ហក់​ឡើង​ជាង ១,២៧ ម៉ែត្រ ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជលសា​ស្ត្រ ខេត្តស្ទឹងត្រែង ឡើងដល់​កម្ពស់ ៨,០៨ ម៉ែត្រ ហើយ​វា​នឹង​ឡើងដល់​កម្រិត​កម្ពស់ ៩,៥០ ម៉ែត្រ នៅ​ថ្ងៃទី​១៣ ខែសីហា គឺ​ឡើងទៅ​ជិត​ដល់​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ១០,៧០ ម៉ែត្រ ខណៈពេល​ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ អាច​ឡើងដល់ ៧,២២ ម៉ែត្រ ត្រឹម​ថ្ងៃទី​១៣ សីហា​។​

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន និង​ព្យាករ​កម្ពស់​ទឹក ដោយ​ក្រសួង​ធនធានទឹក សម្រាប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ បានបង្ហាញ​ឱ្យឃើញថា ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង មាន​កម្ពស់ ៨,០៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខែសីហា ១,២៧​ម៉ែត្រ នៅ​ខេត្តក្រចេះ មាន​កម្ពស់ ១៦,៦៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខែសីហា ១,០១ ម៉ែត្រ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់ ៩,៨៧ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​៩ ខែសីហា ០,៦៧ ម៉ែត្រ នៅ​ទន្លេបាសាក់ ចតុមុខ រាជធានី​ភ្នំពេញ ទឹក​មាន​កម្ពស់ ៥,៨៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខែសីហា ០,២៩ ម៉ែត្រ នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់ ៤,០៤ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខែសីហា ០,១៧ ម៉ែត្រ នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៥,៣៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខែសីហា ០,២៤ ម៉ែត្រ នៅ​ទន្លេសាប​ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៤,៨៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខែសីហា ០,២២ ម៉ែត្រ នៅ​បឹង​ទន្លេសាប ក្រគរ កំពង់​លួង ទឹក​មាន​កម្ពស់ ៣,៣៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខែសីហា ០,០២ ម៉ែត្រ​។​

​តាម​ការ​ព្យាក​ដដែល បង្ហាញថាៈ ទឹកទន្លេ​មេគង្គ នៅ​ទន្លេបាសាក់ ចតុមុខ អាច​នឹង​ឡើង ដល់​កម្ពស់ ៧,២២ ម៉ែត្រ នៅ​ថ្ងៃទី​១៣ ខែសីហា នៅ​ខេត្តស្ទឹងត្រែង ទឹក​អាច​ឡើង ដល់​កម្ពស់ ៩,៥០ ម៉ែត្រ គឺ​ឡើង​មិនទាន់​ដល់​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ១០,៧០ ម៉ែត្រ អំពី​ទឹកជំនន់​នៅ​ក្រុង​ស្ទឹងត្រែង នៅឡើយ​ទេ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍ កាលពីដើម​រដូវវស្សា​ថាៈ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ ក្នុង​រដូវវស្សា ឆ្នាំ​២០២២​នេះ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់​ជាង ៩,៦៥ ម៉ែត្រ ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម​៕/V​

ស្ថានទឹកទន្លេ​មេគង្ គ​នៅ​ទន្លេបាសាក់ ចតុមុខ រាជធានី​ភ្នំពេញ មាន​កម្ពស់ ៥,៨៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៩ ខសីហា ០,២៩ ម៉ែត្រ