​ដោយៈ សុផល / ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ នៃ​រដ្ឋសភា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរ​សភា​អាស៊ាន ទៅ​បំពេញ​ទស្សនកិច្ច ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​ឥណ្ឌា ក្នុងនាម​ជា​តំណាង​ប្រធាន​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​ឥណ្ឌា ក្នុងនាម​ជា​ប្រធាន អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ នៃ​រដ្ឋសភា នឹង​ដឹកនាំ​សមាជិក​អន្តរ​សភា​អាស៊ាន​ដទៃទៀត ចូលរួម​កម្មវិធី សំខាន់ៗ​មួយចំនួន ដូចជា​៖
– ជួប​សវនាការ និង​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ នៃ​សាធារណរដ្ឋ​ឥណ្ឌា ដែលមាន​ជាអាទិ៍ លោក​អនុ​ប្រធានាធិបតី និង​ជា​ប្រធានព្រឹទ្ធសភា (Rajya Sabha) លោក​រដ្ឋមន្ត្រី​កិច្ចការបរទេស លោក​ប្រធានរដ្ឋសភា​(Lok Sabha) និង​ជួបពិភាក្សា ការងារ​ទ្វេភាគី (Bilateral Talk) ជាមួយ​លោក​អនុប្រធាន​ព្រឹទ្ធសភា​។​
– ជួបពិភាក្សា​ការងារ​ជាមួយ គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​សភា សម្រាប់​លទ្ធិប្រជាធិបតេយ្យ (PRIDE) ។​
– ចូលរួម​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍ SANSAD ។​
– គោរព​វិញ្ញាណក្ខន្ធ នៅ​វិមាន​បញ្ចុះសព Humayun ។​
– ទស្សនា​ទីកន្លែង និង​ប្រាសាទ​សំខាន់​មួយចំនួន ដូចជា វិមាន​ជ័យជំនះ Qutab Minar សម័យប្រជុំ​រដ្ឋសភា និង​ព្រឹទ្ធសភា មជ្ឈមណ្ឌល និង​សាល​អាន​របស់ សមាជិកសភា បណ្ណាល័យ​សភា និង​សារមន្ទីរ​សភា ប្រាសាទ​តាជី​ម៉ា​ហាល់ (Taj Mahal) និង​ប្រាសាទបន្ទាយ​អា​ហ្ក្រា (Agra Fort)​។​

​សូមជម្រាបថា អន្តរ​សភា​អាស៊ាន ហៅ​កាត់​ថា អាយ​ប៉ា (AIPA) មិន​ត្រឹមតែ​ជា​ដៃគូ យ៉ាងសំខាន់​របស់​អាស៊ាន​ប៉ុណ្ណោះ​ទេ ពោល​គឺជា​ដៃគូ នៃ​សភា​ប្រទេស​សង្កេតការណ៍ ចំនួន ១៦ ទៀត ដែល​ដំណើរ​ទស្សនកិច្ច​របស់ អាយ​ប៉ា នៅ​សាធារណរដ្ឋ​ឥណ្ឌា នៅពេលនេះ ក៏ដូចជា​នៅពេល​កន្លងមក ពិតជា​ទទួល​កិត្តិយស ជាមួយនឹង​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​សភា​ប្រទេស​សមាជិក​អាយ​ប៉ា​ទាំងមូល ក្នុងការ​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​ការ​ប្រែក្លាយ​ទ្រឹស្តី មកជា​ការអនុវត្ត​ជាក់ស្តែង ដើម្បី​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ឥណ្ឌា អាស៊ាន និង អាយ​ប៉ា ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត​៕/V​