​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ ដែល​សន្យា​បញ្ចេញ​ប្រាក់​២៨០​ពាន់​លាន​ដុល្លារ​សំរាប់​ផលិតកម្ម​បច្ចេកវិជ្ជា​ជាន់ខ្ពស់​​និង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ចំពេល​មាន​ការបារម្ភ​ថា​ប្រទេស​នេះ​កំពុង​បាត់បង់​ភាពខ្លាំង​ខាង​បច្ចេកវិជ្ជា​របស់​ខ្លួន​ទៅ​ចិន​។​

​ការវិនិយោគ​នេះ​រួម​មាន​ការកាត់បន្ថយ​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ណា​ដែល​បង្កើត​រោងចក្រ​ផលិត​បន្ទះ​ឈីប​កុំព្យូទ័រ​នៅ​អាម៉េរិ​ក​។​

​ក្រុម​ធុរកិច្ច​នានា​បាន​ជំរុញ​ឱ្យមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជា​យូរយារ​ណាស់​មកហើយ ដោយ​លើកឡើង​ពី​តម្រូវការ​កាត់បន្ថយ​ការពឹងផ្អែក​លើ​ប្រទេស​ចិន​។​

​កង្វះ​មីក្រូ​ឈី​បជា​សកល​បានបង្កើន​ភាពអាសន្ន​នៃ​ការអំពាវនាវ​របស់​ពួកគេ​។​

​លោក ឆាក់ ស៊ូមឺ (Chuck Schumer) ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពូល បាន​និយាយថា ច្បាប់​វិនិយោគ​នេះ​គឺជា “​អ្នក​ផ្លាស់ប្តូរ​ស្ថានការណ៍​”​ដែល​នឹង​ធានាបាន​នូវ​ភាពជា​អ្នកដឹកនាំ​​និង​វិបុលភាព​របស់​អាម៉េរិក​នៅ​ក្នុង​សតវត្សរ៍​ក្រោយ​”​។​

​លោក​បាន​និយាយថា “​ពួក​ផ្តាច់ការ​បន់​ឱ្យ​យើង​ចាញ់ ហើយ​សង្ឃឹម​ថា​យើង​នឹង​មិន​ធ្វើ​សកម្មភាព​អី​សោះ​។ តាមរយៈ​ការអនុម័ត​ច្បាប់​ស្តីពី​បន្ទះ​ឈីប​និង​វិទ្យាសាស្ត្រ យើង​កំពុង​ធ្វើ​ឱ្យ​ច្បាស់​ថា​យើង​ជឿថា សតវត្សរ៍​របស់​អាម៉េរិក​ដ៏​អស្ចារ្យ​មួយទៀត​នឹង​ច្បាស់​ជា​កើតឡើង​ជាមិនខាន​”​។​

​បច្ចុប្បន្ននេះ សហរដ្ឋ​អាម៉េរិក​ផលិត​បន្ទះ​ឈីប​ផ្គត់ផ្គង់​លើ​សកលលោក​ត្រឹមតែ ១០ ភាគរយ​ប៉ុណ្ណោះ ដែល​វា​ជា​គន្លឹះ​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​រាប់​ចាប់​ពី​រថយន្ត​រហូត​ដល់​ទូរស័ព្ទ​ចល័ត ដោយ​ការផលិត​ថយ​ចុះ​ពី ៤០ ភាគរយ​ក្នុង​ឆ្នាំ ១៩៩០​។​

​ប្រទេស​នេះ​មិនមែន​មាន​តែ​ម្នាក់ឯង​ទេ​ដែល​វិនិយោគ​ក្នុង​ឧស្សាហកម្ម​បន្ទះ​ឈីប​។​

​សហភាព​អឺរ៉ុប​នៅ​និទាឃ​រដូវ​នេះ​បាន​និយាយថា ខ្លួន​នឹង​ប្តេជ្ញាចិត្ត​ផ្តល់ប្រាក់ ៤០ ពាន់​លាន​អឺរ៉ូ ដើម្បី​ជំរុញ​ការផលិត​បន្ទះ​ឈីប​កុំព្យូទ័រ​ខណៈ​ចិនក៏​កំពុង​ជំរុញ​ការវិនិយោ​គ​របស់​ខ្លួន​ក្នុង​វិស័យ​វិទ្យា​​សាស្ត្រ​និង​បច្ចេកវិជ្ជា​ផងដែរ​។​

​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ជំទាស់​នឹង​ច្បាប់​ស្តីពី​បន្ទះ​ឈីប ដោយ​ហៅ​វា​ថា​ជាការ​រំលឹក​ដល់ “​ផ្នត់គំនិត​សង្គ្រាមត្រជាក់​”៕

លោកបៃ​ដិន​ហៅ​ច្បាប់​ស្តីពី​បន្ទះ​ឈីប​និង​វិទ្យាសា​ស្ត្រថា​ជា​ការវិនិយោគ “​មាន​តែ​ម្តង​ក្នុង​មួយជីវិត​”​