ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ និង​លោក Phung Van Cuong អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​បរិវត្ត​កម្ម​ឌីជីថល នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ពិធី​ចុះហត្ថលេខា ដែល​បាន​រៀបចំឡើង នា​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​ន នេះ គេ​ឃើញ​មាន ការចូលរួម​ពី​សំណាក់​លោក វ៉ាន់ មុនីនាថ អគ្គនាយក​គោលនយោបាយ និង​យុទ្ធសាស្ត្រ និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន តំណាង​ដោយ​លោក Nhong Din Than អគ្គនាយករង ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ នៃ​ក្រសួងបរិស្ថាន និង​តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន (Metfone) ជាច្រើនរូប​ទៀត​។​

​គួរ​បញ្ជាក់ថា ការចុះហត្ថលេខា លើ​អនុស្សរណៈ នៃ​ការយោគយល់​នេះដែរ ក្នុង​គោលបំណង​គាំទ្រ​ការបង្កើត និង​ដំឡើង​កម្មវិធី​បច្ចេកវិទ្យា​ឌីជីថល នៅក្នុង «​អគារ​ឯកភាព​ជាតិ​តេ​ជោ​» ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ការអភិវឌ្ឍ​សមត្ថភាព និង​ការលើកកម្ពស់ ការយល់ដឹង​លើ កិច្ចការពារបរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការគ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី បច្ចេកវិទ្យា​បៃតង និង​ថាមពល​ស្អាត​។
​តាមរយ​:​កិច្ចសហការ​នេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​គាំទ្រ​នូវ​សកម្មភាព​មួយ​ចំ​នន រួមមាន​៖
១) ការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល នៅក្នុង «​អគារ​ឯកភាព​ជាតិ​តេ​ជោ​» ។​
២) ការរៀបចំ​បច្ចេកវិទ្យា​ឌីជីថល លើ​ឯកសារ​គំរូ​និង​សម្ភារ សម្រាប់​ការគ្រប់គ្រង ប្រកបដោយ​ប្រសិទ្ធភាព ។​
៣)​ការផ្តល់សេវា​អ៊ីនធឺណិត ល្បឿន​លឿន ។​
៤) ការជំរុញ​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិចត្រូនិក ។​
៥) ការបង្កើត​កម្មវិធី​សេវា​អេឡិចត្រូនិក ប្រតិបត្តិការ និង​ការថែទាំ ។​
៦) ការបង្កើត​ប្រព័ន្ធ​សិក្សា តាម​អេឡិចត្រូនិក និង
៧) ការបង្កើត​កម្មវិធី Apps ដែល​ពាក់ព័ន្ធ​ផ្សេងៗ ៕/V​