ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ​១៣​កើត ខែស្រាព​ណ៍ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពី​បែបបទ និង​និតិ​វិធី នៃ​ការផ្តល់សេវា​រដ្ឋបាល តាម​យន្តការ​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល ឃុំ សង្កាត់​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​នាយក នាយករង​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

​នៅក្នុង​ឱកាស​នោះ​លោក អភិបាលខេត្ត​បានបញ្ជាក់​ថាៈ គោលបំណង​សំខាន់​នៃ​ការរៀបចំ​កិច្ចប្រជុំ​នា​ថ្ងៃនេះ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សំខាន់ៗ​ដែលមាន​កំណត់​នៅក្នុង​សេចក្ដីណែនាំ​លេខ​០១៨ ស​ណន ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ត មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ អំពី​របៀបរបប នៃ​ការរៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ សំដៅ​ដាក់ឱ្យ​ដំណើរការ​យន្តការ​នេះ​ឲ្យ​បាន​ឆាប់រហ័ស នៅក្រោយ​ពេលដែល​ក្រុមប្រឹក្សាឃុំ សង្កាត់​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ថ្មី ចូលកាន់​តំណែង ។

​លោក​បាន​បន្តថាៈ ក្នុងនាម​រដ្ឋបាលខេត្ត​សូម​សម្ដែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​រាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​អស់លោក លោកស្រី និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​នាពេល​កន្លងមក បើទោះបីជា​យើង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ពី​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ក៏​នៅតែ​បាន​ជួយ​គាំទ្រ សហការ​និង​សម្របសម្រួល ដល់​ដំណើរ​ការរៀបចំ​យន្ត​ការផ្ដល់សេវា​រដ្ឋបាល​របស់​យើង​នេះ ឲ្យ​ទទួលបាន​លទ្ធផល​ដ៏​គួរ​ជាទី​មោទនៈ​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់ក្រុង ស្រុក​។

​លោក ម៉ែន វិបុល ក៏បាន​ផ្តាំផ្ញើ​និង​បញ្ជាក់ថា ដើម្បី​ជាការ​រួមចំណែក​ឲ្យ​ការរៀបចំ​យន្តការ​នេះ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ប្រព្រឹត្តទៅបាន​រលូន​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា សូម​ឲ្យ​ក្រុមការងារ​គាំទ្រ​របស់​រដ្ឋបាលខេត្ត ដែលមាន​លោក រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្ត ជា​ប្រធាន ត្រូវ​ផ្ដល់​ការគាំទ្រ​លើ​ផ្នែក​បច្ចេកទេស​ដល់​រដ្ឋបាល​ឃុំ សង្កាត់​ក្នុងការ​រៀបចំ​យន្តការ​នេះ ព្រមទាំង​ត្រូវ​ពិភាក្សា និង​កំណត់​ពី​កាលបរិច្ឆេទ​ជាក់លាក់ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​ឃុំ សង្កាត់​ឲ្យ​បាន​ឆាប់​ដោយ​មិនត្រូវ​ពន្យារ​ពេលវេលា​យូរ​ឡើយ​។

​បន្ទាប់ពី​កិច្ចប្រជុំ​នៅថ្ងៃនេះ រដ្ឋបាល​ឃុំ សង្កាត់ ត្រូវ​ពិនិត្យ​រៀបចំ​បុគ្គលិក​សម្រាប់​ការផ្ដល់សេវា និង​រៀបចំ​ទីកន្លែង​ណាមួយ​ឲ្យ​បាន​សមស្រប​នៅក្នុង​បរិវេណ​សាលាឃុំ សង្កាត់​របស់ខ្លួន ដើម្បី​រៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ ។

១/​រដ្ឋបាល​ឃុំ សង្កាត់ ក្នុងករណី​មាន​ភាពមិនច្បាស់លាស់​លើ​ចំណុច​ណាមួយ​នៅក្នុង​ការអនុវត្ត​សេចក្ដីណែនាំ​ដែល​បម្រើ​ឲ្យ​ការរៀបចំ​យន្តការ​ច្រកចេញចូល​តែមួយ ត្រូវ​ស្នើសុំ​ការគាំទ្រ​បន្ថែម​ពី​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ក្រុមការងារ​មាន​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ ឬ​ស្នើសុំ​យោបល់​បន្តទៅ​ក្រុមការងារ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ។​
-២/​ដោយឡែក នៅក្នុង​ការរៀបចំ និង​អនុវត្ត​យន្តការ​នេះ សូម​ឲ្យ​រដ្ឋបាល​ឃុំ សង្កាត់​យកចិត្តទុកដាក់ ៖ លើ​ការរៀបចំ​បុគ្គលិក​ដែល​បំពេញការងារ​ផ្ដល់​សេវា​ក្នុង​យន្តការ​នេះ ត្រូវ​ពិនិត្យ​លើ​លក្ខណសម្បត្តិ ការទទួលខុសត្រូវ សីលធម៌​វិជ្ជាជីវៈ បទពិសោធន៍​ការងារ សមត្ថភាព​ជំនាញ និង​ការចាត់ចែង​ការងារ​ត្រូវ​រៀបចំ​បទបញ្ជាផ្ទៃក្នុង និង​បែបបទ​នីតិវិធី នៃ​ការផ្ដល់សេវា ឲ្យ​បានច្បាស់លាស់ និង​សម​ស្របតាម​ការណែនាំ និង​ស្ថានភាព​ជាក់ស្ដែង​៕​