ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ស្រុក អារញ្ញ ប្រាថេត ខេត្ត ស្រះកែវ ប្រទេស​ថៃ​បាន​ជួបប្រជុំ​កំណត់ ស្តីពី វិធាន ការបើក ច្រក តំបន់ សេដ្ឋកិច្ច ភូមិ​ណង​ព្រី​ឃុំ​ណង​ព្រឺ​ស្រុក​អារញ្ញ​ប្រាថេត ~ ភូមិ​ក្បាល​ទំនប់​ឃុំ​/​ស្រុក​ម៉ាឡៃ ដើម្បី​បើក​ដំណើរការ​ច្រកចេញ ចូល​មនុស្ស​ព្រំដែន​កម្ពុជា – ថៃ ឡើងវិញ​ពីថ្ងៃ​ទី​១០​ខែសីហា​តទៅ បន្ទាប់ពី​បាន​បិទ​អស់​រយ​:​ពេល​ជិត​៣​ឆ្នាំ ក្នុង​វិធានការ​គ្រប់គ្រង​វិបត្តិ​សាកល​នៃ​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​១៩​។

​កិច្ចប្រជុំ ស្តីពី ការកំណត់​ពី វិធាន ការបើក ច្រក តំបន់ សេដ្ឋកិច្ច​និង​បញ្ហា ផ្សេងៗ រវាង​រដ្ឋបាល​ស្រុក​ជាប់​ព្រំដែន​ទាំង​២​បានធ្វើ​នៅ សាលាស្រុក ម៉ាឡៃ កាលពី រសៀល ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញ ។ នេះ​បើតាម លោក ស្វាយ ជា អភិបាលស្រុក​ម៉ាឡៃ​និង​លោក ស សំណាង ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​តំបន់ ម៉ាឡៃ ឱ្យដឹង​កាលពី​ថ្ងៃទី​១០​ខែសីហា ។​

​លោក​បាន​បន្តថា​: កិច្ចប្រជុំ ទ្វេភាគី រវាង អាជ្ញា រធរ ស្រុក ម៉ាឡៃ ជាមួយ អាជ្ញា រធរ ស្រុក អារញប្រទេស ថៃ បាន​ឯកភាពគ្នា​បើក​ឲ្យ​ដំណើរការ​(​មនុស្ស​ចេញ ចូល​បាន​)​ច្រកទ្វារ​តំបន់​សេដ្ឋកិច្ច​នេះ ឡើងវិញ ។​

​ចំពោះ​ល័ក្ខខ័ណ្ឌ ក្នុង ការបើក ឲ្យ ដំណើរការ ឡើងវិញ​នេះ ពុំបាន​បន្ថែម​អ្វីដែល​បង្ក​ការលំបាក ស្មុ​គ្រ​ស្មាញ​ដល់​ការ ឆ្លងដែន របស់ ប្រជាពលរដ្ឋ ទាំងពីរ ឡើយ ពោល គឺ រក្សា ដូចដើម ដូច​មុន​បិទ​ច្រក​។​
​គ្រាន់តែ​ការអនុវត្ត​វិធានការ​សុខាភិបាល មាន​ពាក់​ម៉ាស បាញ់​អាល់កុល លាងដៃ​នឹង​ជែ​ល ការបង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ចាប់ពី​២​លើកឡើង​ទៅដល់​សមត្ថ​កិច្ច​កងកម្លាំង​នៅ​ព្រំដែន​ប៉ុណ្ណោះ ។​
​សូមបញ្ជាក់ថា សម្រាប​ភូមិសាស្ត្រ​តំបន់​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា​និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ មានតែ​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​-​ណង​ព្រឺ​នេះ​ទេ ដែលមាន​បែបបទ​ងាយស្រួល​សម្រាប់​ពលរដ្ឋ​កម្ពុជា​ចូលទៅ​ប្រទេស​ថៃ​(​ទៅ​ព្រឹក​វិល​ល្ងាច​) ដោយ​ធ្វើដំណើរ​ជាមួយ​រថយន្ត​ផ្ទាល់ខ្លួន​បាន ហើយ​មាន​បរិមាណ​ច្រើន​ក្នុង​១​ថ្ងៃៗ​។​

​គោលដៅ​របស់​ពលរដ្ឋ​កម្ពុជា​គឺ​ចូលទៅ​ទិញ​ទំនិញ​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​នានា​នៅ​ទីតាំង​ក្នុង​តំបន់​ក្រុម​ផ្សារ​រោង​ក្លឿ ជិត​ព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត​និង​ផ្សារ​នានា​ខាងក្នុងៗ​នៃ​ស្រុក​អារ​ញ្ញា​ប្រាថេត​ខេត្ត​ស្រះកែវ ។ ហេតុនេះ​ការបើក​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​-​ណង​ព្រឺ​ឡើងវិញ​សម្រាប់​រថយន្ត​និង​ពលរដ្ឋ​កម្ពុជា​នេះ នឹង​បង្កលក្ខណ​:​ងាយស្រួល ពិសេស​គឺ​លើកកម្ពស់​ជីវភាព ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​ពលរដ្ឋ​និង​ស្រុក ខេត្ត ប្រទេស​ទាំងពីរ ។​
​ហើយ ភាគី​ថៃ​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​លើសលុប​ជាង​ភាគី​កម្ពុជា ។​

​លោក ស៊ិន ស៊ិ​ញ​ហឹ​ង ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វា​តំបន់​ព្រំដែន​បឹង​ត្រកួន អោយដឹង​នៅ​ថ្ងៃទី​១០​ខែសីហា​ដែរ​ថា​: ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​-​តា​ប្រា​យ៉ា រវាង​ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ទល់មុខ​ភូមិ​-​ឃុំ​-​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​ក៏ត្រូវ​បើក​ដំណើរ​ការអោយ​មនុស្ស​និង​រថយន្ត​ផ្ទាល់ខ្លួន​ចេញ ចូល​ឡើងវិញ​ដូចគ្នា​ច្រកព្រំដែន​តំបន់​ម៉ាឡៃ​-​ណង​ព្រឺ​ដែរ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​០៤​ខែសីហា រដ្ឋបាល​ស្រុក​តា​ប្រា​យ៉ា​និង​ស្រុក​ថ្មពួក ,​ស្វាយចេក​បាន​ជួបប្រជុំគ្នា​នៅ​សាលាស្រុក​តា​ប្រា​យ៉ា​ដោយ​លើកឡើង​ពី​កិច្ចទំនាក់ទំនង​និង​សហប្រតិបត្តិការ​ឡើងវិញ ពិសេស​គឺ​ប្រជុំ​កំណត់ ស្តីពី វិធាន ការបើក ច្រក តំបន់ សេដ្ឋកិច្ច​តា​ប្រា​យ៉ា -​បឹង​ត្រកួន សម្រាប់​អោយ​ពលរដ្ឋ​អាច​ចេញ ចូល​ឡើងវិញ​ជាមួយ​រថយន្ត​ផ្ទាល់​របស់​ពួកគេ ។​

​ច្រកទ្វារព្រំដែន​តំបន់​បឹង​ត្រកួន​-​តា​ប្រា​យ៉ា ក៏មាន​ពលរដ្ឋ​ទាំងពីរ​ចេញ ចូល​ជា​បង្គួរ​ដែរ ដោយ​ក្នុងចំណោម​អ្នកចេញ ចូល​គឺ​ភាគច្រើន​ពលរដ្ឋ​កម្ពុជា​ចូលទៅ​ទិញ​ទំនិញ​៕​