ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​៖ រដ្ឋបាលខេត្ត​កំពង់ធំ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន លើ​បញ្ហា​ទឹកជំនន់ ការត្រៀម​លក្ខណៈ​ជួយសង្គ្រោះ​បឋម និង​ទីទួល​សុវត្ថិភាព ។ អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​សិក្សា​ពី​កន្លែង​ទីទួល​សុវត្ថិភាព ត្រៀម​ពេល​ទឹកជំនន់ ខាងមុខនេះ ដើម្បី​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​គ្រោះទឹកជំនន់ ។​

​លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ បាន​ជំរុញ​បែបនេះ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ក្នុង​ពិធី​អបអរសាទរ សមិទ្ធផល​សហគមន៍​សំខាន់ៗ និង​បិទ​បញ្ចប់​កម្មវិធី តំបន់​ស្ទោង របស់​អង្គការ​ទស្សន​ពិភពលោក អន្តរជាតិ​-​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក អភិបាលរង​ខេត្តកំពង់ធំ រូបនេះ បាន​សំដែង​នូវ​មោទនភាព​ណាស់ ដែល​ឃុំ​ចំនួន​៣ ដូចជា ឃុំ​ទ្រា ឃុំ​បន្ទាយ​ស្ទោង និង​ឃុំ​ចំណា​លើ ដែលមាន​ការរីកចំរើន​ខ្លាំង លើ វិស័យ​អប់រំ សុខភាព និង​អនាម័យ​ទឹកស្អាត សន្តិសុខ​ស្បៀង កិច្ចការ​ការពារ​កុមារ ដែល​ក្នុង​រយៈពេល ១៦ ឆ្នាំ ជាមួយនឹង​អង្គការ​ទស្សន​ពិភពលោក បាន​ជួយ​ឲ្យ​សហគមន៍ និង​កុមារ នៅក្នុង​ស្រុក​ស្ទោង មានការ​ផ្លាស់ប្ដូរ រីកចម្រើន​ទាំង​រូបវន្ត ចំណេះដឹង ជំនាញ ជាពិសេស​ផ្លាស់ប្ដូរ​ឥរិយាបថ នៃ​ការរស់នៅ​របស់​កុមារ​ងាយ​រងគ្រោះ និង​សហគមន៍ លើ​ភូមិ​គោលដៅ ទាំង ២៧​។​

​ជាមួយគ្នានេះ លោក​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​រដ្ឋបាល​ស្រុក​ស្ទោង ដែល​តែងតែ​យក​វ​ចិត្ត​ទុកដាក់ ចូលរួម​សហការ​យ៉ាង​ពេញទំហឹង ជាមួយ​អង្គការ​ទស្សនៈ ពិភពលោក ដែល​ធ្វើ​ឲ្យ​សហគមន៍ ក៏ដូចជា​ស្រុក​ស្ទោង​ទាំងមូល មានការ​រីកចម្រើន គួរ​ជាទី​មោទនៈ​។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​បន្ថែមថា សមិទ្ធផល​ជា​សក្ខីភាព​ខ្លះៗ ដូច​យើង​បានឃើញ ជាក់ស្តែង នៅតាម​ស្តង់​តាំងពិព័រណ៍​នីមួយៗ ដែល​បានដាក់​លក់​នូវ ផលិតផល​កសិកម្ម នានា ប្រកបដោយ​គុណភាព សុវត្ថិភាព គ្មាន​ការប្រើប្រាស់​ថ្មាំ ឬ​ជីគីមី​ឡើយ​។​

​ជា​ចុងបញ្ចប់ លោក ព្រឹម រដ្ឋា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​អង្គការ ទស្សនៈ​ពិភពលោក​-​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​សហការ​យ៉ាង​ស្អិតរ​មួ​ត ជាមួយ​រដ្ឋបាល​ស្រុក​ស្ទោង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​កូ​វីដ​-១៩ ទទួលបាន​ជោគជ័យ យ៉ាង​ត្រចះត្រចង់ ក៏ដូចជា​អភិវឌ្ឍន៍​មូលដ្ឋាន​ស្រុក​ស្ទោង​ទាំងមូល មានការ​ប្រែប្រួល​ច្រើន​៕/V​