​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កិច្ចខិតខំ​ប្រឹងប្រែង​សម្អាត​និង​ស្តារឡើងវិញ​កំពុង​កើន​ល្បឿន​នៅក្នុង​តំបន់​រដ្ឋធានី​ដ៏​ធំ​របស់​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា​ខណៈ​មេឃ​ចាប់ផ្តើម​ស្រឡះ​​ឡើងវិញ បន្ទាប់​ពី​ភ្លៀង​បំបែក​ឯតទគ្គ​កម្ម​ពីរ​ថ្ងៃ​ជាប់​គ្នា ដែល​បាន​បណ្តាលឱ្យ​មាន​ទឹកជំនន់​ភ្លាមៗ បំផ្លាញ​អគារ​និង​ផ្លូវថ្នល់​រាប់ពាន់ និង​សម្លាប់​មនុស្ស​យ៉ាងតិច​ប្រាំបួន​នាក់​។​

​ខណៈ​មាន​ការព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង​សម្រាប់​ទីក្រុង​សេ​អ៊ូ​ល​និង​តំបន់​ទីប្រជុំជន​ជិតខាង ទីភ្នាក់ងារ​អាកាសធាតុ​របស់​កូរ៉េ​ខាងត្បូង​បាន​ព្យាករណ៍​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ពី ១០ ទៅ ៣០​សង់ទីម៉ែត្រ​​នៅក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​។​

​មនុស្ស​ប្រាំពីរ​នាក់​នៅ​តែ​បាត់​ខ្លួន​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​និង​ខេត្ត​ក្យឹង​ជី (Gyeonggi) ក្បែរ​នោះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​លេប​ត្របាក់​តំបន់​នេះ​កាលពី​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​ដោយ​ប្រែ​​ក្លាយ​ផ្លូវ​ទៅ​ជា​ទន្លេ​ស្ទះ​ដោយ​រថយន្ត បញ្ជូន​ទឹក​ជំនន់​ចូលទៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី បង្ក​ឱ្យ​មាន​ការ​រអិល​បាក់​ដី​ចូល​ទៅ​លើ​ផ្លូវថ្នល់​និង​អគារ​នានា និង​ជម្លៀស​មនុស្ស​ជាង ១.៨០០​នាក់​ពី​ផ្ទះ​របស់​​ពួកគេ​។ មនុស្ស​ប្រាំបួន​នាក់ ដែល​ស្លាប់​នោះ​បួន​នាក់​លង់ទឹក​ស្លាប់​ក្នុងផ្ទះ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល (Yoon Suk Yeol)​ក្នុងអំឡុង​កិច្ចប្រជុំ​ឆ្លើយតប​គ្រោះមហន្តរាយ​កាលពី​ថ្ងៃ​ពុធ​បាន​សុំទោស​ក្នុងនាម​រដ្ឋាភិបាល​ចំពោះ​ការស្លាប់​និង​ការរំខាន​ដែល​​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ លោក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាលកណ្តាល​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​ជំនួយ​បុគ្គលិក​បន្ថែមទៀត​ដល់​ទី​ក្រុង​និង​រដ្ឋបាល​តាម​តំបន់​ដើម្បី​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​​ឡើងវិញ​។​

​លោក​ក៏​បាន​អំពាវនាវ​ឱ្យមាន​ការកែលម្អ​យ៉ាង​សំខាន់​ចំពោះ​ប្រព័ន្ធគ្រប់គ្រង​ទឹកជំនន់​របស់​ប្រទេស រួម​ទាំង​ការសាងសង់​អាង​ស្តុក​ទឹកភ្លៀង​និង​ផ្លូវ​រូង​ក្រោម​ដី​និង​ការកែលម្អ​បច្ចេកវិជ្ជា​ព្យាករណ៍​​ទឹកជំនន់ ដោយ​លើកឡើង​ពី​បញ្ហា​ប្រឈម​កំពុង​កើនឡើង ដែល​បណ្តាល​មកពី​អាកាសធាតុ​ធ្ងន់ធ្ងរ​៕

ទីក្រុង​សេ​អ៊ូ​ល​ស្តារ​ឡើងវិញ​ក្រោយ​ជំនន់​ទឹកភ្លៀង​ពីរ​ថ្ងៃ​ជាប់​គ្នា

​ទីក្រុង​សេ​អ៊ូ​ល​រង​ការ​ធ្លាក់ភ្លៀង​និង​ជន​លិច​ខ្លាំង​កាលពី​យប់​ថ្ងៃ​ចន្ទ​