​ដោយ​: សុខុម / រតនគិរីៈ ទូក​មួយគ្រឿង​បាន​លិច​នៅ​ទន្លេស្រែពក បាត់​ខ្លួន​មនុស្ស​ម្នាក់ និង​ម៉ូតូ​ចំនួន ៤​គ្រឿង នៅវេលា​ម៉ោងជាង ៧ ព្រឹក​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០២២ នៅត្រង់ចំណុច​កំពង់ចម្លង ម្ចាស់​ឈ្មោះ ភោគ បូរិទ្ធ ស្ថិតនៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។​

​នគរបាល​ខេត្តរតនគិរី បានឱ្យដឹងថាៈ ករណី​លិច​ទូក ខាងលើនេះ បណ្តាលមកពី​ទូក ផ្ទុក​លើស​ទម្ងន់ គឺ​លើ​ទូក​មាន​មនុស្ស ១២ នាក់ ស្រី ៦ នាក់ និង​ម៉ូតូ ៤ គ្រឿង ហើយ​បើកប​
​រ​ចំ​កន្លែង​ទឹក​កួច​ខ្លាំង ធ្វើឱ្យ​ទូក​លិច​តែម្តង​។ ក្នុង​ហេតុការណ៍​នេះ បណ្តាលឱ្យ​បាត់​ខ្លួន មនុស្ស​ម្នាក់​។ ចំណែក ១១ នាក់​ទៀត ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​។
​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន មានឈ្មោះ ជី សឿង ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី និង​លិច​បាត់ ម៉ូតូ ៤ គ្រឿង រួមមាន ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម ២ គ្រឿង និង​ម៉ូតូ ម៉ាក​ហុងដា វេ​វ (​ឆ្លាម​) ២ គ្រឿង​។​

​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​កូន​មុំ កំពុង​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន ដោយ​រក​មិនទាន់​ឃើញ​នៅឡើយ មកដល់​រសៀល ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២៕/V​