​ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នេះ ពលរដ្ឋ​ទីទ័លក្រ ជា​ជន​ចាស់ជរា ចំនួន​បួន​គ្រួសារ នៅ​ភូមិ​ព្រៃ​ប្រើស ក្នុង​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ទទួលបាន​គ្រឿងឧបភោគ​បរិភោគ ពី​ព្រះ​វិសាល​ធម្មគុណ ទេព វាសនា ចៅអធិការ​វត្ត​ព្រៃ​អ​ង្គុ​ញ និង​ជា​ព្រះ​អនុគណ​ក្រុង​បាវិត ខេត្តស្វាយរៀង​។

​បើតាម​ព្រះ​វិសាល​ធម្ម​គណ ទេព វាសនា ព្រះ​អនុគណ​ក្រុង​បាវិត បាន​មាន​សង្ឃ​ដិ​កា​ថាៈ ការផ្តល់​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ នៅពេលនេះ គឺ​ដើម្បី​ធ្វើ​ទាន​ជាមួយ​ក្រុមគ្រួសារ ដែល​ទីទ័លក្រ ចាស់ជរា ជនពិការ ដែល​ជួប​ការលំបាក ក្នុង​ជីវភាព​ប្រចាំ ក៏ដូចជា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ។

​ព្រះ​អនុគណ​ក្រុង​បាវិត បាន​បន្តថាៈ ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ​ទាំងនេះ គឺ​បានមក ពី​ញាតិ​ញោម​ចូល​បុណ្យ ដល់​ព្រះ​តេជ​គណ​ផ្ទាល់ ហើយ​ព្រះអង្គ ធ្វើ​ទាន​ចែករំលែក​បន្ត ដោយ​ព្រះទ័យ អាណិតអាសូរ ។

​លោក ភោគ សុ​ផា មេឃុំ​ស្វាយ​តា​យាន បាន​ឲ្យ​ដឹងថាៈ កន្លងមក ជនទីទ័លក្រ ចាស់ជរា ជនពិការ​ខាងលើ ក៏​ធ្លាប់​ទទួលបាន​អំណោយ ពី​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក ក៌​ដូចជា អាជ្ញាធរ​មូលដ្ឋាន បានផ្តល់ និង​ចែក​ជួន​ផងដែរ ប៉ុន្តែ​វា​មិន​គ្រប់​តម្រូវការ​នោះទេ គឺ​ជួយ​បាន​មួយ​តែ​គ្រា​ប៉ុណ្ណោះ ។​

​សូមបញ្ជាក់​ផងដែរ​ថាៈ គ្រឿងឧបភោគ​បរិភោគ ដែល​ចែកជូន​នាពេលនេះ មាន​ចំនួន​បួន គ្រួសារ ដែល​ពួកគាត់ ជា​ជន​ចាស់ជរា និង​មាន​ជំងឺ​ប្រចាំកាយ​។ ចំណែក ១៨ គ្រួសារ​ទៀត នៅ​ភូមិ​ព្រៃ​ប្រើស ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ និង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ក៏​ទទួលបាន​អំណោយ​ដែរ​៕/V​