​ដោយៈ បូកគោ / កំពត​: រដ្ឋបាល​ខេត្តកំពត នឹង​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ធនធាន ជលផល នៅ​តំបន់ឆ្នេរ​ក្នុង ដើម្បី​អភិរក្ស​ធនធានធម្មជាតិ ពិសេស​ផ្សោត​សមុទ្រ ក្រោយពី​ប្រទះឃើញ ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នេះ មាន​វត្តមាន នា​ភូមិសាស្ត្រ​សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ រៀ​ហ​រាល់ថ្ងៃ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពត លោក ស សូ​រិ​ន បាន​ប្រាប់​ឲ្យ​ដឹងថាៈ ខេត្តកំពត នឹង​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​ថ្មី​មួយ លើ​ទំហំ​ផ្ទៃដី​ជាង ៧.០០០ ហិកតា ស្ថិតក្នុង​តំបន់ឆ្នេរ នៃ​ភូមិសាស្ត្រ​ក្រុង​បូកគោ​។ ការបង្កើត​តំបន់​គ្រប់គ្រង​នេះ មានបំណង​អភិរក្ស​ព្រៃកោងកាង ផ្កាថ្ម ស្មៅ​សមុទ្រ ពិសេស​ផ្សោត​សមុទ្រ ដែលជា​ប្រភេទ​សត្វ​កម្រ​។​

​លោកនាយ​ខណ្ឌ​បានបញ្ជាក់​ថាៈ បច្ចុប្បន្ន នៅ​កម្ពុជា មាន​សត្វ​ផ្សោត​សមុទ្រ ចំនួន ១៥៥ ក្បាល​។ ក្នុងនោះ ខេត្តកំពត មាន​ចំនួន ១៥ ក្បាល ដោយ​ពួកវា តែង​បង្ហាញខ្លួន រៀងរាល់ថ្ងៃ នៅ​តំបន់​សហគមន៍​ច​ង្ហោ​ន សហគមន៍​ព្រែក​ត្នោត និង​សហគមន៍​ត្រពាំងរ​ពៅ ចន្លោះ​ពី​ម៉ោង ៩ ដល់​ម៉ោង ១០ ព្រឹក និង​ពី​ម៉ោង​១​ទៅ​ម៉ោង​២​រសៀល​។​

​លោក ស សូ​រិ​ន បាន​បន្តថាៈ បច្ចុប្បន្ន សត្វ​ផ្សោត កំពុង​រង​ការគំរាមកំហែង ដោយ​បញ្ហា បំពុលបរិស្ថាន ការចាក់ដី​លុប​ឆ្នេរ និង​ការនេសាទ ដោយ​ប្រើ​អួន​អូស ឬ​មង​បណ្តែត ជាដើម​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថាៈ ដើម្បី​ការពារ និង​អភិរក្ស សត្វ​កម្រ​នេះ ខេត្តកំពត មាន​ផែនការ​យុទ្ធសាស្ត្រ បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ជលផល ថ្មី​មួយ ដែលជា​បណ្តុំ​តំបន់​អភិរក្ស​ព្រៃកោងកាង ស្មៅ​សមុទ្រ ផ្កាថ្ម និង​ពពួកសត្វ​កម្រ​។ ពពួកសត្វ ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ​ទាំងនោះ រួមមាន ជ្រូក​ទឹក អណ្តើក​សមុទ្រ សេះ​សមុទ្រ ពិសេស​សត្វ​ផ្សោត តែម្តង​៕/V​