​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ០៩ ខែ សីហា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រគល់​សម្ភារៈ​ព័ត៌មានវិទ្យា​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ៣៦ ក្រុមហ៊ុន ដែលមាន​តម្រូវ​ការចាំបាច់ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​ជាមួយ​ផ្សារ​ពាណិជ្ជកម្ម​ខេ​ម​បូ​ឌា​ត្រេ​ដ ដែល​ក្នុងនោះ​មាន ២១ ក្រុមហ៊ុន ដឹកនាំ​ដោយ​ស្ត្រី (Women-led SMEs) និង​មាន ១៩ ក្រុមហ៊ុន កំពុងដំណើរការ​អាជីវ​កម្ម​របស់ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា (Provincial SMEs) ក្រោម​ថវិកា​ឧបត្ថម្ភ​របស់​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅ​កាត់​ថា (Go4eCAM) ។​

​លោកស្រី រដ្ឋលេខាធិការ បាន​សម្តែង​នូវ​គាវរ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សម្តែង​ការអបអរសាទរ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ដឹកនាំ​ដោយ​ស្ត្រី និង​កំពុងដំណើរការ​អាជីវ​កម្ម​របស់ខ្លួន​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។​

​លោកស្រី រដ្ឋលេខាធិការ បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​បន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ក្នុង​បរិបទ​ឧស្សាហកម្ម​៤.០ និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​លោកស្រី ក៏បាន​បន្ថែមទៀតថា កិច្ច​ជំនួប​ប្រជុំ​ផ្ទាល់​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​ស្វែងយល់​អំពី​តម្រូវការ​ជាក់ស្តែង​ក្នុងការ​ចូលរួម​ជាមួយ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​។ លើសពីនេះ លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមការងារ​គម្រោង​បន្ត​កិច្ចសហការ និង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​បន្ថែ​ម​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​កំពុងមាន​តម្រូវការ​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ ជាពិសេស​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគាត់​ទៅកាន់​ទីផ្សារ​ឱ្យបាន​ទូលំទូលាយ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​

​លោកស្រី​រដ្ឋលេខាធិការ បានប្រគល់​សម្ភារៈ​កុំ​ព្យុ​ទ័​រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង ៣៦ ក្រុមហ៊ុន និង​បាន​សំណូមពរ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ឱ្យ​បន្ថែម​ការយកចិត្តទុកដាក់ និង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ ព្រោះថា​បច្ចុប្បន្ននេះ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ កំពុង​ចាប់ផ្តើម​មានការ​បញ្ជារ​ទិញ​ជា​ហូរហែ ពី​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាពិសេស​ពី​ប្រទេស​អាមេរិក ហូ​ឡង់ អូស្ត្រាលី ជប៉ុន និង​ស្វី​ស​ជាដើម​។​

​សូមបញ្ជាក់​ផងដែរ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បានដាក់​តាំង​លក់​ផលិតផល​របស់ខ្លួន​នៅលើ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ (www.cambodiatrade.com) និង​បាន​ត្រៀមខ្លួន​រួម​ជាស្រេច​ក្នុង​ការទទួល​ការបញ្ជា​រទិញ ការ​ទូរ​ទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការដឹកជញ្ជូន​ដល់ដៃ​អតិថិជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​ទំរង់​ពី​អ្នកលក់​ទៅកាន់​អ្នកលក់ (B2B) និង​ពី​អ្នកលក់​ទៅកាន់​អ្នកប្រើប្រាស់​ផ្ទាល់ (B2C) ។ ផលិតផល​របស់​ពួកគាត់ រួមមាន​៖ តុ​ត្ក​តា​ចាក់​ផ្ទាល់ដៃ ស្រា​អំពិល ដំណាប់​ស្ករ​ចេក និង​ស្រា​ចេក ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង ធ្យូង​អានា​ម័​យ តែ​ខ្ញី​ខ្មៅ គ្រឿងទេស​សា​តេ ទាន រូបចំលាក់​ឈើ កាបូប ស្បែកជើង ចន្ទី​លីង ម្រេច ទឹកឃ្មុំ តែ​ផ្លែទៀប​បារាំង នំ​និង​កាហ្វេ ដំណាប់​ផ្លែឈើ ម្សៅ​ពន្លៃ រមៀត​និង​ខ្ញី សាច់ក្រក​និង​សាច់​ងៀត សូត្រ ម្រុំ កន្សែង ខ្នើយ​ធ្វើ​ពី​ក្រចៅ ស្ក្រា​ប់ព​ន្លៃ ក្រមួន​ដួង ប្រេង​ម្រុំ ថ្នាំ​និង​ជី​កសិកម្ម សាប៊ូដុំ​ដុស​ខ្លួន ជីធម្មជាតិ ស្ព្រៃ​យ៍​សំលាប់​មេរោគ​ការពារ​សត្វល្អិត បំពង​បឺត​ធ្វើ​អំពី​អង្ករ ប្រេងកូឡា និង​សាប៊ូកក់សក់ …​។​

ក្រៅ​អំពី​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ មាន​ក្រុមហ៊ុន​ចុះឈ្មោះ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ចំនួន ១៣៥ ក្រុមហ៊ុន ដែលមាន​ផលិតផល​ដាក់លក់​សរុប​ចំនួន ១.២០០​ប្រភេទ​៕​