ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថាៈ ប្រទេសជិតខាង​ល្អ គឺ​យើង​អាចជួយ​គ្នា បាន​ទាន់ពេលវេលា ពេល​មានទុក្ខ​លំបាក​កើតឡើង ។ លោក​បាន​ថ្លែង​បែបនេះ នា​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នៅពេល​ជួបពិភាក្សា ការងារ ជាមួយ​លោក ផាម តាត​ថា​ង សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​ចលនា​មហាជន មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម​។​

​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក កើត ឆែ , លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី ក៏បាន​ចូលរួម​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ នៅ​សាលា​រាជធានី​ភ្នំពេញ​ដែរ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ លោក​ពិតជា​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ចំពោះ កងទ័ព​វៀតណាម ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា ចេញពី​របប​ប៉ុល ពត ។ ប្រទេសជិតខាង​យើង ល្អ​នឹង​គ្នា យើង​អាចជួយ​គ្នា បាន​ទាន់ពេលវេលា ពេល​មានទុក្ខ​លំបាក​កើតឡើង ជាក់ស្តែង ដូច​ការរំដោះ​ប្រជាពលរដ្ឋ ចេញពី​ប៉ុល ពត នេះឯង​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថាៈ ផ្តើមចេញពី​ការរំដោះ​ប្រទេស ចេញពី​ចំណុចសូន្យ​នេះ កម្ពុជា​បាន​ឈានទៅ​រកបាន សន្តិភាព​ពេញលេញ លើ​ផ្ទៃ​ប្រទេស ដែលនាំឱ្យ​កម្ពុជា មានឱកាស ក្នុងការ​អភិវឌ្ឍ​ប្រទេស រីកចំរើន ដូច​ពេល​បច្ចុប្បន្ននេះ​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង ក៏បាន​ថ្លែង​ការកោតសរសើរ ចំពោះ​ប្រតិភូ​វៀតណាម ដឹកនាំ​ដោយ​លោក ផាម តាត ថា​ង សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​ចលនា​មហាជន មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម ដែល​បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​២ កម្ពុ​ុ​ជា វៀតណាម បាន​យ៉ាង​ល្អ និង​បាន​គាំទ្រ ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការអភិវឌ្ឍ រាជធានី​ភ្នំពេញ​។​

​លោក អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តទៀតថាៈ ផ្តើមចេញពី​ផ្លែផ្កា​នៃ​ការពង្រឹង ទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​២ កម្ពុ​ុ​ជា វៀតណាម​នេះ កម្ពុជា បាន​រក្សា​ប្រពៃណី ទំនៀម​ទំលាប់​ល្អៗ​ទាំងនេះ បន្ត​ទៅឱ្យ​យុវជន​កម្ពុជា ជំនាន់​ក្រោយ​ទៀត គឺ​រក្សា​ឱ្យបាន​យូរអង្វែង​។

ក្នុងឱកាសនោះដែរលោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក៏បានមានប្រសាសន៍ជំរាបពីសភាពការណ៍សេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសវៀតណាម បានធ្វើការកោតសរសើរ ចំពោះ ការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឃួង ស្រេង ជាអភិបាល និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជា នាយករដ្ឋមន្ត្រី៕​/V