ដោយៈ​សុផល / សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា​នេះ សារព័ត៌មាន​ថ្មីៗ បានរៀបចំ​កិច្ចពិភាក្សា «​ក្ដីសង្ឃឹម ហ៊ុន ម៉ា​នី​» នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ។ កិច្ចពិភាក្សា​នេះ មានការ​ចូលរួម​ពី​លោក ហ៊ុន ម៉ា​នី​, លោក ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ តាន់​, លោក ប៉ែន បូ​ណា​, លោក គី សុខ​លីម និង​លោក លាង ដឺ​លុច រួមទាំង​សិស្ស និស្សិត យុវជន ប្រជាពលរដ្ឋ នៅក្នុង​ខេត្តសៀមរាប​។ កិច្ចពិភាក្សា​នេះ មាន​អ្នកចូលរួម ជិត​២០០​នាក់​។​

​ក្នុងពេល​ចាប់ផ្ដើម​កិច្ចពិភាក្សា «​ក្ដីសង្ឃឹម ហ៊ុន ម៉ា​នី​» លោក គី សុខ​លីម សហ​ស្ថាបនិក សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ បានលើកឡើង​ពី​មូលហេតុ​ចំនួន ៣​ចំណុច ដែល​រៀបចំ កិច្ចពិភាក្សា​នេះ​ថាៈ ទី​១ ដោយសារ អ្នកអាន​មួយចំនួន បាន​អាន​សៀវភៅ​នេះ រួចទៅហើយ​។ ដូច្នេះ ជំនួប​ពិភាក្សា​នេះ នឹង​អនុញ្ញាតឱ្យ​មហាជន ជាពិសេស​យុវជន ចូលរួម​ស្ដាប់ និង​ចោទ​ជា​សំណួរ ទៅកាន់​វាគ្មិន​ដោយ​សេរី​។​

​ចំពោះ​ចំណុច​ទី​២ «​កុំ​វិនិច្ឆ័យ​សៀវភៅ តាមរយៈ​គម្រប​របស់​វា​»​។ នេះ​គឺជា​ទស្សនទាន ដ៏​ទូលំទូលាយ ដែល​ត្រូវបាន​គេ​លើកឡើង និង​យកមក​និយាយ​តៗ​គ្នា ជា​រៀងរហូត​។ ដោយ​ផ្អែកលើ​គំនិត​នេះហើយ ទើប​សារព័ត៌មាន​ថ្មីៗ បានសម្រេច​ចិត្ត​រៀបចំ​កិច្ចពិភាក្សា ដ៏​កម្រ​មួយ​នេះ​ឡើង​។​

​ដោយឡែក ចំណុច​ទី​៣ កិច្ចពិភាក្សា​នេះ នឹង​បើក​ឱ្យ​អ្នកចូលរួម នៅថ្ងៃនេះ ពិភាក្សា​ជុំវិញ គុណភាព នៃ​សំណេរ​របស់​អ្នកនិពន្ធ និង​គុណភាព នៃ​ខ្លឹមសារ​សៀវភៅ ដែល​អ្នកនិពន្ធ បាន​រំលេច​ឡើង​ពី «​បេសកកម្ម​» របស់លោក ហ៊ុន ម៉ា​នី ក្នុងនាម​ជា​អ្នកដឹកនាំ បន្តវេន​ម្នាក់​។

​លោក ហ៊ុន ម៉ា​នី បាន​មាន​ប្រសា​ន៍​ថាៈ លោក មិនដែល​ធ្លាប់​រំពឹងថា​នឹងមាន​សៀវភៅ ដែល​សរសេរ​អំពី​ខ្លួនឯង​នោះទេ ហើយ​លោក​ចាត់ទុកថា សៀវភៅ «​ក្តីសង្ឃឹម​ហ៊ុន​ម៉ា​នី​» គឺ​អាចមាន​ប្រយោជន៍ ឱ្យ​មហាជន​ស្គាល់ ហ៊ុន ម៉ា​នី កាន់តែច្បាស់ ក្រៅ​តែ​ជា​កូន នាយករដ្ឋមន្ត្រី មួយរូប​នោះ​។​

​លោក ហ៊ុន ម៉ា​នី បាន​បន្តថាៈ សៀវភៅ ក៏បាន​ធ្វើ​ឲ្យ​លោក​ស្គាល់​ខ្លួនឯង កាន់តែច្បាស់ និង​ស្វែងយល់​ពីស​កម្ម​ការងារ​របស់ខ្លួន ថា​តើ​ការធ្វើសកម្មភាព​របស់​ខ្លួន បាន​ជះឥទ្ធិពល អ្វីខ្លះ ដល់​មនុស្ស​ជុំរិញ​ខ្លួន និង​សង្គមជាតិ ហើយ​តាមរយៈ​សកម្មភាព​រប​ស់លោក​ដែលមាន ចងក្រង ក្នុង​សៀវភៅ​នេះ ឯកឧត្តម​ជឿជាក់ថា នឹង​ចែករំលែក​មនសិកា​ស្នេហា​ជាតិ ដល់​យុវជន​ជំនាន់​ក្រោយ និង​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន ក្នុងនាម​ជា​យុវជន​ខ្មែរ​មួយរូប ដើម្បី​បុព្វហេតុ​ជាតិ​កម្ពុជា​។​

​យោងតាម​លោក គី សុខ​លីម បាន​ឲ្យ​ដឹងថាៈ រយៈពេល​ជាង ៣​ខែ ចាប់តាំងពី​ថ្ងៃ​បើក សម្ពោធ​ដាក់លក់​ជា​ផ្លូវការ​សៀវភៅ «​ក្តីសង្ឃឹម​ហ៊ុន​ម៉ា​នី​» បាន​លក់ដាច់​អស់ ១ ម៉ឺន​ក្បាល និង​បាន​បោះ​ពុ​ម្ភ ជា​លើក​ទី​២ ចំនួន​១​ម៉ឺន​ក្បាល​បន្ថែមទៀត​៕/V​