ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ “ ក្នុង​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ការចុះឈ្មោះ​បោះឆ្នោត គឺជា​ដំណាក់កាល​ដំបូង និង​មាន​សារៈសំខាន់​ណាស់ ព្រោះ​បញ្ជី​បោះឆ្នោត ជា​តម្រូវការ ចាំបាច់​មិនអាច​ខ្វះ​បាន ហេតុនេះហើយ ទើប គ​.​ជ​.​ប ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​នេះ ឱ្យបាន​ល្អ ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដូច​មានចែង ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់បោះឆ្នោត​ជា​ធរមាន សំដៅ​រៀបចំ​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ស្របតាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុង​ពិធី​បិទ​វគ្គប​ណ្ថុះ​បណ្តាល​គ្រូបង្ហាត់ និង​មន្ត្រី គ​.​ជ​.​ប ស្ដីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២​។​

​លោក ទេព នីថា បានបញ្ជាក់​បន្ថែមថាៈ គ្រូបង្ហាត់ គ​.​ជ​.​ប ដែល​នឹងត្រូវ​ផ្តល់​ការបណ្តុះ បណ្តាល​បន្ត ដល់​មន្ត្រី នៃ​លេខាធិការដ្ឋាន​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) នាពេលខាងមុខ ត្រូវធ្វើ​ការណែនាំ​រំលឹក​បន្ថែម ដល់​មន្ត្រី​ឱ្យ​យកចិត្តទុកដាក់ អនុវត្ត​ការងារ មួយចំនួន រួមមានៈ ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី លើ​ការងារ​ស្រង់​ស្ថិតិ ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​។ ដើម្បីឱ្យ​តួលេខ​ប៉ាន់ស្មាន​នេះ មាន​សង្គតិភាព​គ្នា លើ​ផែនការ និង​ស្ថានភាព​ជាក់ស្ដែង ។ ត្រូវ​កំណត់​ទីតាំង ឬ​កែសម្រួល​ទីតាំង​ការិយាល័យ​បោះឆ្នោត ឱ្យបាន​ច្បាស់លាស់ សមស្រប និង​ធានា​សុវត្ថិភាព សម្រាប់​ពេល​បោះឆ្នោត​។ ពង្រឹង​កិច្ចសហការ​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ទាន់ពេលវេលា ក្នុងការ​ផ្ដល់​ឯកសារ ជូន​ប្រជាពលរដ្ឋ សម្រាប់​ប្រើប្រាស់ ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​។ ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​ព័ត៌មាន ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​ពី​ឃុំ សង្កាត់​។ បន្ត​យកចិត្តទុកដាក់​តាមដាន និង​ក្តាប់​សភាពការណ៍​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​សភាពការណ៍ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​រាជធានី ខេត្ត​របស់ខ្លួន និង​លើកសំណើ​ជូន គ​.​ជ​.​ប ដើម្បី​ចាត់វិធានការ​សមស្រប និង​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​ការិយាល័យ​ចុះ ឈ្មោះ​បោះឆ្នោត ។​

​អគ្គលេខាធិការ គ​.​ជ​.​ប បាន​ណែនាំ​ដល់​គ្រូបង្ហាត់​ទាំងអស់ ត្រូវ​ត្រៀម​រៀបចំ​សម្ភារ​ឧបទ្ទេស និង​ត្រៀមលក្ខណៈ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បន្ត នៅ​ថ្នាក់ គ​.​ជ​.​ប ជូន​លេខាធិការដ្ឋាន រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត តំណាង​គណបក្សនយោបាយ តំណាង​អង្គការ​សង្កេត​កាត​ណ៍ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត តាម​ផែនការ និង​ប្រតិទិន ដែល​បានកំណត់ ។ លោក ក៏បាន​ជំរុញ​ដល់​អង្គភាព​ជំនាញ ត្រូវ​យកចិត្តទុកដាក់ ណែនាំ​ដល់ លធ​.​ខ​ប អំពី​ការងារ​បណ្តុះបណ្តាល​បន្ត នៅ​ថ្នាក់​រាជធានី ខេត្ត និង​ការងារ​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ អំពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត តាម​គោលការណ៍​ណែនាំ រប​ស់គ​.​ជ​.​ប ៕/V​