ដោយៈ សុផល / ភ្នំពេញ​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈ​ចលនា​មហាជន បានទទួល​ជួប​សម្តែង​ការគួរសម ជាមួយ​គណៈប្រតិភូ​គណៈ​ចលនា​មហាជន​វៀតណាម នា​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​វិមាន ៧ មករា ។​

​ក្នុងជំនួប​នេះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​វៀតណាម នាពេលនេះ ដែលជា​ការរួមចំណែក នៃ​ការពង្រឹង​ចំណង​សាមគ្គី មិត្តភាព ជា​ប្រពៃណី និង​ភាពស្និទ្ធស្នាល ក្នុង​ក្របខណ្ឌ​បក្ស​ទាំងពីរ និង​ក្នុង​ក្របខណ្ឌ នៃ​គណៈ​ចលនា​មហាជន ទាំងពីរ​ផងដែរ​។

​ជាមួយគ្នានេះ លោកស្រី ក៏បាន​លើកឡើង​ពី ចំណងមិត្តភាព​យ៉ាង​ល្អ រវាង​កម្ពុជា​-​វៀតណាម ទាំង​ក្នុង​ក្របខណ្ឌ​ប្រទេសជាតិ បក្ស​និង​បក្ស ព្រមទាំង ប្រជាជន និង​ប្រជាជន ជាពិសេស​រវាង​ថ្នាក់ដឹកនាំ​បក្ស របស់​ប្រទេស​ទាំងពីរ ដែល​បង្ហាញ​ពី​ទំនាក់ទំនង​រឹងមាំ ជា​ប្រវត្តិសាស្ត្រ​យូរអង្វែង ក្នុង​កិច្ចសហការ និង​ការ​ខ្នះខ្នែង​ជួយ​គ្នា​ទៅវិញទៅមក និង​ជា​បន្តបន្ទាប់​។​

​ទន្ទឹមនេះ លោកស្រី ក៏បាន​រំលេច​ពី​ការបន្ត​ជួយ​គាំទ្រ​ជ្រោមជ្រែង គ្នា​ទៅវិញទៅមក ទាំង​ក្នុង​កម្រិត​ទ្វេភាគី តំបន់ និង​អន្តរជាតិ រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការបន្ត​រក្សា ទំនាក់ទំនង​ល្អ តាម​ទិស​ស្លោក «​ទំនាក់ទំនង​មិត្តភាព​ជិតខាង​ល្អជា​ប្រពៃណី និង​ប្រកបដោយ​សហប្រតិបត្តិកា​រ​រឹងមាំ យូរអង្វែង និង​គ្រប់​វិស័យ​»​។

​លោក ផាម តឹ​ត​ថាំង សមាជិក​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​អនុប្រធាន​ប្រចាំការ គណៈ​ចលនា​មហាជន នៃ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន​មានប្រសាសន៍ ថ្លែងអំណរគុណ ដល់​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ដែល​បាន​ចំណាយ​ពេលវេលា ទទួល​ប្រតិភូ​វៀតណាម ដោយ​មនោ​ស​ញ្ជេ​ត​នា មិត្តភាព និង​ការបន្ត​កិច្ចសហការ​ដ៏​រឹងមាំ រវាង​កម្ពុជា​-​វៀតណាម លើ​កិច្ចការបរទេស ក៏ដូចជា កិច្ចសហការ​វាង គណៈ​ចលនា​មហាជន​កម្ពុជា និង​វៀតណាម ។ ជាមួយគ្នានេះ លោក​សង្ឃឹមថា ថ្នាក់ដឹកនាំ​គណៈ​ចលនា​មហាជន របស់​ប្រទេស​ទាំងពីរ កាន់តែ​ជិតស្និទ្ធ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ដូចជា​ពង្រឹង​ចំណងមិត្តភាព របស់​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ផុសផុល និង​រីកចំរើន​ថែមទៀត​។​/V​