​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (chinadailyhk) ៖ ក្រុម​អ្នកជំនាញ​ឧស្សាហកម្ម​បាន​និយាយថា ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Baidu Inc បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​សីហា​ថា​ខ្លួន​បាន​ទទួល​​ការអនុញ្ញាត​ដំបូង​របស់​ចិន​ក្នុង​ការផ្តល់ជូន​នូវ​សេវាកម្ម​រ៉ូបូ​តតាក់ស៊ី (robotaxi) ពាណិជ្ជកម្ម​គ្មាន​អ្នកបើកបរ​ពេញលេញ​ដល់​សាធារណជន​នៅ​លើ​ផ្លូវ​បើកចំហ​ដូច្នេះ​វា​កត់សម្គាល់​នូវ​ព្រឹត្តិការណ៍​​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្ម​យានជំនិះ​ស្វ័យប្រវត្តិ​ដែល​រំពឹង​បង្កើនល្បឿន​ការប្រើប្រាស់​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ​សម្រាប់​បច្ចេកវិជ្ជា​បើកបរ​ដោយ​ខ្លួនឯង​នេះ​។​

​ពួកគេ​បាន​និយាយថា ចិន​បាន​នាំមុខ​គេ​ក្នុង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ ក៏ដូចជា​ការអនុវត្ត​បច្ចេកវិជ្ជា​បើកបរ​ដោយ​ខ្លួនឯង​ហើយ​ចិន​ជា​ប្រទេស​ដំបូង​គេ​ដែល​អនុញ្ញាត​ឱ្យ​ធ្វើ​ប្រតិបត្តិការ​រ៉ូបូត​​តាក់ស៊ី​បង់ប្រាក់​ដោយ​គ្មាន​អ្នកបើកបរ​ពេញលេញ​។​

Apollo Go ដែល​ជា​សេវាកម្ម​យានជំនិះ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន Baidu ត្រូវបាន​អនុញ្ញាត​ឱ្យ​គិត​ថ្លៃ​សម្រាប់​សេវា​រ៉ូបូ​តតាក់ស៊ី ដោយ​គ្មាន​អ្នកបើកបរ​នៅក្នុង​រថយន្ត​ទាំងស្រុង នៅ​ទីក្រុង​ឆុង​ឈីង (Chongqing) និង អ៊ូ​ហាន (Wuhan) នៃ​ខេត្ត​ហ៊ូ​ប៉ី (Hubei) ។​

​ការអនុញ្ញាត​ថ្មី ដែល​ត្រូវបាន​ផ្តល់​ដោយ​អាជ្ញាធរ​ក្នុង​ទីក្រុង​អ៊ូ​ហាន​និង​សង្កាត់​យ៉ុង​ជួន (Yongchuan) នៃ​ទីក្រុង​ឆុង​ឈីង នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Baidu ផ្តល់​សេវា​បង់ប្រាក់​សម្រាប់​ការ​បើកបរ​ដោយ​គ្មាន​អ្នកបើកបរ​ពេញលេញ​នៅក្នុង​តំបន់​ដែល​បាន​កំណត់​ក្នុង​ទីក្រុង​អ៊ូ​ហាន​ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច និង​នៅ​ទីក្រុង​ឆុងឈីង​ពី​ម៉ោង ៩៖៣០ ព្រឹក​ដល់​ម៉ោង ៤៖៣០ យប់ ដោយ​មាន​រថយន្ត​ស្វ័យ​បើកបរ​ចំនួន​ប្រាំ​គ្រឿង​ធ្វើ​ប្រតិបត្តិការ​នៅតាម​ទីក្រុង​នី​មួយៗ​។​

​តំបន់​សេវាកម្ម​គឺ​គ្របដណ្តប់​លើ​ផ្ទៃដី ១៣ គីឡូម៉ែត្រ​ការ៉េ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​បច្ចេកវិជ្ជា​អ៊ូ​ហាន និង ៣០ គីឡូម៉ែត្រ​ការ៉េ​នៅ​សង្កាត់​យ៉ុង​ជួន ទីក្រុង​ឆុង​ឈីង​។​

​លោក វៃ ទុង (Wei Dong) អនុប្រធាន​និង​ជា​ប្រធាន​ប្រតិបត្តិការ​សុវត្ថិភាព​នៃ​ក្រុមហ៊ុន Intelligent Driving Group របស់ Baidu បាន​និយាយថា “​នេះ​គឺជា​ការផ្លាស់ប្តូរ​គុណភាព​ដ៏​អស្ចារ្យ​” ដោយ​បន្ថែម​ថា រថយន្ត​គ្មាន​អ្នកបើកបរ​ពេញលេញ ដែល​ផ្តល់​ការ​ជិះ​លើផ្លូវ​បើកចំហ​ដល់​អតិថិជន​បង់ប្រាក់ មានន័យថា ពួក​វា​បាន​ឈាន​មកដល់​គ្រា​ដែល​ឧស្សាហកម្ម​នេះ​ទន្ទង់រង់ចាំ​ជាទី​បំផុ​ត​៕

​រ៉ូបូត​ត្រៀម​ដាក់​ដំណើរការ​នៅ​ទីក្រុង​ឆុង​ឈីង និង អ៊ូ​ហាន​ឆាប់ៗ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​ចិន​