ដោយៈ ង៉ាន់ វីន អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​/​ភ្នំពេញ​៖​ខ្ញុំ​ឈ្មោះ ឃុ​ត ខេ​ម អាយុ​៦៣​ឆ្នាំ កើត​នៅ​ភូមិ​ត្រពាំង​រមាំង (​បច្ចុប្បន្ន​ភូមិ​ត្រពាំង​តា​សោម​) ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ សព្វថ្ងៃ​ខ្ញុំ​រស់នៅ​ភូមិ​ឃុំ​ដដែល និង​ប្រកបរ​បរជាកសិករ​។ ខ្ញុំ​មាន​ប្រពន្ធ​ឈ្មោះ ប៉ក់ សារឿន អាយុ​៦៧​ឆ្នាំ និង​កូន​ចំនួន​ប្រាំមួយ​នាក់ ស្រី​បួន​នាក់​។

​នៅ​ឆ្នាំ​១៩៧៥ ខ្ញុំ​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ឈ្មោះ វុ​ធ ដែលជា​ប្រធាន​កង ប្រើ​ខ្ញុំ​ឲ្យ​រែក​ដី និង​ជីក​ប្រឡាយ​ស្ថិតនៅ​ខាងជើង​វត្ត​កោះ​ក្អែក រហូតមកដល់​ខ្ពប​ត្របែក​។ ថ្ងៃ​មួយពេល​កំពុងធ្វើកា​រ ខ្ញុំ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ក្មេង​ម្នាក់ទៀត ហើយ​ខ្ញុំ​បាន​យក​ដងរែក​វាយ​ទៅលើ​ក្បាល​ក្មេង​ម្នាក់​នោះ​។ មេកង​បានឃើញ​ខ្ញុំ​វាយ​ទៅលើ​ក្មេង​នោះ​ក៏​ចាប់ចង​ខ្ញុំ​ភ្ជាប់​ទៅនឹង​ដើមត្នោត​ទុក​រហូតដល់​យប់​ទើប​ដោះលែង​ខ្ញុំ​វិញ​។​ខ្ញុំ​ខឹង​នឹង​មេកង​នោះ​ណាស់​។​ថ្ងៃមួយ​ខ្ញុំ​បាន​លួច​រត់​ទៅកាន់​អង្គភាព​ទ័ព​ស្រុក​ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​អង្គតាសោម ដើម្បី​សុំចូល​ធ្វើជា​យោធា​។ ពេលនោះ​ខ្ញុំ​មិនទាន់បាន​ចូលធ្វើ​កងទ័ព​ភ្លាមៗ​ទេ គឺ​ត្រូវ​មេបញ្ជាការ​អង្គភាព​ទ័ព​ស្រុក​ប្រើ​ខ្ញុំ​ឲ្យ​ឃ្វាលគោ ចិញ្ចឹម​មាន់​ទា និង​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ទៅដល់​កងទ័ព​។ បន្ទាប់មក ខ្ញុំ​បាន​ចូល​បម្រើកងទ័ព​ខ្មែរក្រហម ហើយ​ត្រូវបាន​មេបញ្ជាការ​បញ្ជូន​ខ្ញុំ​ទៅកាន់​ភូមិ​ទួល​ស្វាយព្រៃ ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ ដើម្បី​ការពារ​ព្រំដែន​។

ឃុ​ត ខេ​ម អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រមាំង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​រយៈពេល​ជាច្រើន​ខែក្រោយ​មក គឺ​នៅក្នុង​ខែវស្សា ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​មេបញ្ជាការ​ទ័ព​ស្រុក​បញ្ជូន​ឲ្យ​មកឈរ​ជើង​នៅ​ភូមិ​បន្ទាយ​ធ្លាយ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ ដើម្បី​ត្រៀមប្រយុទ្ធ​ជាមួយ​វៀតណាម​។ នៅ​រដូវ​ទឹក​ស្រក ខ្ញុំ​បាន​លួច​គេច​ចេញពី​មូលដ្ឋាន​កងទ័ព​នៅ​ស្រុក​កោះអណ្តែត ជាមួយ​មិត្ត​ម្នាក់​ឈ្មោះ ពោ​ច ប៉ុន្តែ ខ្ញុំ និង ពោ​ច ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​ចាប់ខ្លួន​នៅ​ភូមិ​អូរ​ចំបក់​។ ខ្ញុំ​បាន​កុហក​កម្មាភិបាល​ទាំងនោះ​ថា អង្គភាព​ទ័ព​របស់ខ្ញុំ​មាន​មូលដ្ឋាន​នៅ​ភូមិ​ទួល​ស្វាយព្រៃ​។ ដូច្នេះ កម្មាភិបាល​ទាំងនោះ បាន​បញ្ជូន​ខ្ញុំ​និង ពោ​ច មក​ភូមិ​ស្វាយព្រៃ​វិញ​។ មកដល់​ទួល​ស្វាយព្រៃ ប្រធាន​មន្ទីរ​ស្វាយព្រៃ​ឈ្មោះ គា បាន​បញ្ជូន​ខ្ញុំ​បន្តទៅ​អង្គតាសោម ជាទី​កន្លែង​ដែល​ខ្ញុំ​និង ពោ​ច ត្រូវបាន​បង្ខំ​ឲ្យ​ចូល​ធ្វើជា​យោធា​ម្តងទៀត​ដើម្បី​ទៅ​ចូលរួម​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព​វៀតណាម​នៅ​ភូមិភាគ​បូព៌ា​។ នៅពេល​អ្នក​បើកឡាន​ហៀបនឹង​ដឹក​កងទ័ព​ចេញទៅ​ខាង​បូព៌ា ខ្ញុំ​បាន​រត់គេចខ្លួន​ម្តងទៀត​។​

​នៅ​ដើមឆ្នាំ​១៩៧៩ ខ្ញុំ​និង​ឪពុកម្តាយ ព្រមទាំង​ប្អូន​ពីរ​នាក់​ទៀត បាន​ភៀសខ្លួន​ទៅដល់​ភូមិព​ករុន ឃុំ​ពោធិ៍​ចំរើន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រួចហើយ​បន្តដំណើរ​ទៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ព្រោះ​ខ្លាច​កងទ័ព​វៀតណាម​សម្លាប់​។ មួយរយៈ​ក្រោយមក ខ្ញុំ​និង​គ្រួ​សារបាន​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ ដោយមាន​កងទ័ព​វៀតណាម​ជា​អ្នក​ជួយ​ដឹកជញ្ជូន និង​ផ្តល់​អាហារ​ឲ្យ​ហូបចុក​តាមផ្លូវ​៕​សរន​