ត្រាំ​ថា ជន​អន្តរ​ប្រវេសន៍​ណា “​ឈ្លានពាន​” អាមេរិក នឹងត្រូវ​ចាប់​បញ្ជូនទៅ​កន្លែង​ដើម​វិញ ដោយ​មិនចាំបាច់​ឆ្លង​នីតិវិធី​ច្បាប់​អ្វី​ឡើយ​

1043
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មិថុនា​បាន​និយាយថា ជនអន្តោប្រវេសន៍ ដែល “​ឈ្លានពាន​” សហរដ្ឋអាមេរិក​គួរតែ​ត្រូវបាន​ដកហូត​នូវ​នីតិវិធី​ច្បាប់ ដែលជា​ការពង្រឹង​ជំហរ​រឹងរូស​របស់គាត់ ទោះបី​ត្រូវ​បំបែកបំបាក់​គ្រួសារ​ពួកគេ​ក៏ដោយ ដែល​មកទល់ពេលនេះ​មាន​កុមារ​ជាង ៥០០ នាក់​ប៉ុណ្ណោះ​ទើបតែ​បាន​ជួបជុំ​ជាមួយ​សាច់ញាតិ​ឡើងវិញ​។​

​ក្នុងការ​ទប់ស្កាត់​លំហូ​រ​នៃ​ជនអន្តោប្រវេសន៍​រាប់ម៉ឺន​នាក់​ពី​អាមេរិក​កណ្តាល​និង​ម៉ិ​ក​ស៊ិ​ក​ដែល​មកដល់​ព្រំប្រទល់​ខាងត្បូង​សហរដ្ឋអាមេរិក​រាល់​ខែ លោក​ត្រាំ​កាលពីដើម​ខែឧសភា​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​មនុស្សពេញវ័យ ដែល​ឆ្លង​ចូល​ព្រំដែន​ខុសច្បាប់ ហើយ​កូនៗ​របស់​ពួកគេ​ត្រូវបាន​ឃុំ​ដាច់ដោយឡែក​ពីគ្នា​។​

​បន្ទាប់ពី​រូបភាព​ក្មេងៗ​ជាប់​ក្នុង​ទ្រុង​ដែក​ជាច្រើន​ហូរហែ​បាន​បង្កឱ្យមាន​កំហឹង​ក្នុងស្រុក​និង​ទូទាំង​ពិភពលោក​មក​នោះ ប្រធានាធិបតី​ត្រាំ​បានបញ្ចប់​ការអនុវត្ត​ការបំបែកបំបាក់​នេះ ប៉ុន្តែ​បាន​បន្ត​និយាយ​ខ្លាំងៗ​អំពី​ជនអន្តោប្រវេសន៍​។​

​គាត់​មើលឃើញ​បញ្ហា​នេះ​ជា​រឿង​សំខាន់​ខ្លាំងណាស់​មុនពេល​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​នៅ​ខែវិច្ឆិកា​ខាងមុខ​។​

​លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មិថុនា​នៅលើ​ធ្វី​ត​ធឺ​ថា “​យើង​មិនអាច​អនុញ្ញាតឱ្យ​មនុស្ស​ទាំងអស់នេះ​ឈ្លានពាន​ប្រទេស​របស់​យើង​បានទេ​”​។​

​លោក​ត្រាំ​បាន​និយាយថា “​នៅពេល​ដែលមាន​អ្នកណាម្នាក់​ចូលមក យើង​ត្រូវតែ​នាំ​ពួកគេ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ភ្លាម ដោយ​មិនចាំបាច់​មាន​ចៅក្រម​ឬ​ករណី​តុលាការ​ស្អី​នោះទេ​។ លោក​ត្រាំ​បាន​លើកឡើងថា ពួកគេ​ទាំងនោះ​នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​គ្មាន​នីតិវិធី​ច្បាប់ ដែល​ត្រូវបាន​ធានា​សម្រាប់ “​ជន​ទាំងឡាយ​” ដោយ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។​

​ស្ទើរតែ​ទាំង​អស់នៃ​គ្រួសារ​ដែល​បាន​មកដល់​អាមេរិក គឺ​បាន​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ជា​ផ្លូវការ​។​

​លោក​ត្រាំ​ដែលជា​ធម្មតា​ចូលចិត្ត​ភ្ជាប់​ជនអន្តោប្រវេសន៍​ទៅនឹង​បទល្មើស​ផ្សេងៗ បាន​និយាយថា “​ប្រព័ន្ធ​របស់​យើង​គឺជា​ការ​ចម្អក​មួយ​ទៅលើ​គោលនយោបាយ​អន្តោប្រវេសន៍ និង ច្បាប់​និង​សណ្តាប់ធ្នាប់​ល្អ​”​។​

​ការលើកឡើង​របស់លោក​ត្រាំ​បានកើត​ឡើង បន្ទាប់ពី​ក្រសួង​សន្តិសុខ​មាតុភូមិ (DHS) បានចេញ​ផ្សាយ​ទិន្នន័យ​ផ្លូវការ​ដំបូង​របស់ខ្លួន​ចាប់តាំងពី​លោក​ត្រាំ​បានបញ្ចប់​ការ​បំបែក​ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​ទិន្នន័យ​ក្រសួង​ថា កុមារ​បែក​ចេញពី​គ្រួសារ​ចំនួន ៥២២ នាក់ ដែលជា​ផ្នែក​មួយ​នៃ “​ចំណាត់ការ​គ្មាន​ត្រា​ប្រណី​” បាន​ជួបជុំ​ជាមួយ​គ្រួសារ​ពួកគេ​វិញ ប៉ុន្តែ​កូនតូចៗ ២.០៥៣ នាក់​ផ្សេងទៀត​នៅតែ​ស្ថិតក្នុង​ការថែទាំ​របស់​ក្រសួងសុខាភិបាល​និង​សេវា​មនុស្សធម៌​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម