​ដោយៈ សុផល​/​ភ្នំពេញៈ មូលនិធិ​ហុ​ល្លង់ សម្រាប់​អាកាសធាតុ និង ការអភិវឌ្ឍន៍ (DFCD) នឹង​ផ្តល់ប្រាក់ ចំនួន ១៦០ លាន​អឺរ៉ូ ដល់​វិស័យ​ឯកជន​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងទៀត ដែល​ប្រកប​អាជីវកម្ម​ជួយ​ដល់​បិ​ស្ថាន និង​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​ដើម្បី បង្កើន​ភាព​ធន់ នៃ សហគមន៍ និង ប្រព័ន្ធ អេកូឡូស៊ី ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ​។​

​ការវិនិយោគ​នេះ នឹង អនុញ្ញាតឱ្យ​គម្រោង បញ្ចប់​ការសិក្សា​ពី​គំនិត​ទៅ​ការអនុវត្ត ពេញលេញ​ដោយ ប្រើប្រាស់​ការផ្តល់​ហិរញ្ញប្បទាន​ពេញលេញ​ក្នុង​វដ្ត​អាជីវកម្ម ។ មូលនិធិ DFCD ផ្តល់ ហិរញ្ញប្បទាន និង ជំនួយ​បច្ចេកទេស​ដល់​គម្រោង ដោយ​ផ្តោតលើ​ការ​បន្សំ​នឹង​ការប្រែប្រួល អាកាសធាតុ ដើម្បី​ប្រមូល មូលនិធិ​ពី​វិស័យ​ឯកជន ខាងក្រៅ​តាម​ទំហំ​នៃ​ការវិនិយោគ​អាជីវកម្ម​។

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ព្រឹត្តិការណ៍​ផ្គូរ​ផ្គង​របស់​គម្រោង DFCD នា​ថ្ងៃទី​១០ ខែសីហា នៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ នេះ លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ៖« គម្រោង វិនិយោគ​លើ វិស័យ​ថាមពល​កកើត​ឡើងវិញ គម្រោង​អភិរក្ស​ព្រៃឈើ គម្រោង​កសិឧស្សាហកម្ម ដែលមាន​និរន្តរភាព គឺ សុទ្ធតែជា គម្រោង​ដែលមាន​សក្តានុពល​ខ្ពស់ ដែល​អាច​ដាក់សំណើ និង ចូលរួម អនុវត្ត​ក្នុង​គម្រោង​នេះ ដើម្បី ចូលរួមចំណែក​ជួយ​ដល់ សេដ្ឋកិច្ចសង្គម បង្កើត​ការងារ ការផ្ទេរ​បច្ចេកវិទ្យា និង កាត់បន្ថយ ការបញ្ចេញ ឧស្ម័ន ផ្ទះ កញ្ចក់ ដែលជា​មូលហេតុ នៃ​ការប្រែប្រួល អាកាសធាតុ ។

​លោក​បាន​បញ្ជាក់ថា « ហុ​ល្លង់​បានផ្តល់ ថវិកា ១៦០ លាន អឺរ៉ូ នេះ​គឺ កម្រិត​ពិភពលោក​ទេ ប៉ុន្តែ អត់ កំណត់ថា ប្រទេស​ណា​បាន​ប៉ុន្មាន​ទេ បានន័យថា បើ​យើង​ធ្វើ​មុនគេ​យើង​បាន​មុនគេ ។ អីចឹង​គម្រោង នេះ គឺជា ការចូលរួម​របស់​វិស័យ​ឯកជន នៅក្នុង​ការដោះស្រាយ ការប្រែប្រួល អាកាសធាតុ ។ ដោយឡែក តួនាទី របស់ ស្ថាប័នរដ្ឋ ក៏ដូចជា ក្រសួងបរិស្ថាន គាំទ្រ​ការអនុវត្ត​គម្រោង​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​ដែល​ស្នើឡើង​អនុលោម ទៅនឹង​អទិភាព របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង ការអភិវឌ្ឍន៍​ផ្សេងៗ ។ យើង​ត្រូវតែ យល់ច្បាស់ ពី​លក្ខខណ្ឌ របស់គេ ថា តើ លក្ខខណ្ឌ ក្នុងការ ទទួលបាន ថវិកា យ៉ាងម៉េច ខ្លះ ត្រូវតែ​យល់​ឱ្យ​ច្បាស់ និង ធ្វើ​ទៅតាម​គោលការណ៍​ណែនាំ​របស់គេ តែ សំខាន់​គម្រោង ត្រូវតែ​រួមចំណែក​អនុវត្ត សកម្មភាព​ដែល ដោះស្រាយ បញ្ហា​ប្រែប្រួល អាកាសធាតុ នៅ កម្ពុជា និង រួមចំណែក អភិវឌ្ឍ សេដ្ឋកិច្ចសង្គម បង្កើត ការងារ លើកកម្ពស់ សេដ្ឋកិច្ច ប្រជាជន និង ការពារ បរិស្ថាន គឺ សុទ្ធតែជា លក្ខណៈវិនិច្ឆ័យ​រួម » ។

​លោក តាន់ មុនី​វណ្ណ អនុប្រធាន សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ អ្នកសារព័ត៌មាន​ថា​ប្រសិនបើ វិស័យ ឯកជន អាច​ទទួលបាន​មូលនិធិ​នេះ នឹង ទទួលបាន​ផល ទាំងអស់គ្នា ក៏ដូចជា ពង្រឹង​នូវ​អាជីវកម្ម របស់ខ្លួន និង ចូលរួមចំណែក អភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា ថែមទៀត​ផងដែរ ។ ទោះជា យ៉ាងនេះ​ក្តី លោក លើកឡើងថា​លទ្ធភាព​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា​នៅក្នុង​ការទទួល​ថវិកា ពី បាន គម្រោង នេះ អាច នឹង ពិបាក ។ ហេតុនេះ លោក លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន ដែល វិនិយោគ លើ​វិស័យ កសិកម្ម និង វិស័យ ផ្សេងទៀត​គួរ​រួមគ្នា និង សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​គម្រោង​មួយ​ក្នុងការ​ទទួលបាន​មូលនិធិ នេះ ព្រោះ បើ​ក្រុមហ៊ុន តែមួយ​ដាក់​ស្នើ​គម្រោង​នេះ អាច​នឹង​ពិបាក​ទទួលបាន ។

​លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចូលក្នុង សិក្ខាសាលា នេះ បានឱ្យដឹងថា​គម្រោង​នេះ​នឹង ផ្តល់​អត្ថប្រយោជន៍ ដល់​កម្ពុជា​ចូលរួម​កាត់បន្ថយ ភាពក្រីក្រ​បង្កើន​ជីវភាព និង ជួយ​ដល់ សេដ្ឋកិច្ចជាតិ ដោយសារតែ គម្រោង​នេះ មាន​គោលដៅ​ជួយ ដល់ វិស័យ កសិកម្ម ដែល​ធន​ជាមួយនឹង ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យ​ពួកគេ មានលទ្ធភាព ទទួលបាន​ទុន​ពង្រីក ផលិតកម្ម របស់ខ្លួន​ដើម្បី​នាំចេញ ។

លោក បន្តថា ក្រសួងពាណិជ្ជកម្ម ចូលរួម គាំទ្រ និង លើកទឹកចិត្ត ដល់​ការធ្វើ ពាណិជ្ជករ ដែល​គាំទ្រ ដល់ បរិស្ថាន និង ការពារ ការប្រែប្រួល អាកាសធាតុ ខណៈ​ក្រុមហ៊ុន​អាជីវកម្ម ដែល​គិតពី​បញ្ហា​បរិស្ថាន នៅមាន​តិច​នៅឡើយ ៕​